
ប្រមុខរដ្ឋាភិបាលកម្ពុជាព្រមានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៅហ៊្វូឌីន អាប់ដុល្លាហ៍ (Saifuddin Abdullah) ជុំវិញការរិះគន់ដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសភូមា ដែលរបបយោធាភូមាកំពុងដឹកនាំ ក្រោយធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។
យោងតាមទំព័រហ្វេសប៊ុកហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីនៅថ្ងៃទី២១មករា បានលើកឡើងថា ក្នុងជំនួបតាមទូរសព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) សម្ដេច ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី គឺលោកស្រី រ៉េតណូ ដើម្បីឲ្យជួយនាំសាររបស់សម្ដេច ផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយសាររដ្ឋមន្រ្តីរូបនេះ បង្ហាញចរិតព្រហើនពេក និងមានសំដីសំដៅនេះមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង។ សម្ដេចបន្តថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ប្រើសំដីមិនសមជាភាសាការទូត និងខ្វះនូវការគួរសម។
កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar)។ រដ្ឋមន្ត្រីការបរទេសរូបនោះ ថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសភូមា ជួបមេដឹកនាំនៃរបបយោធានោះ។
លោក សៅហ៊្វូឌីន អាប់ដុល្លាហ៍ ត្រូវបានស្រង់សម្ដីថា៖ «មានមនុស្សដែលគិតថា លោក [ហ៊ុន សែន] មិនគួរទៅបំពេញទស្សនកិច្ច ពីព្រោះទស្សនកិច្ចរបស់គាត់ត្រូវបានយល់ឃើញផ្សេង ឬមានការបកស្រាយថា ជាការទទួលស្គាល់យោធាក្នុងប្រទេសភូមា»។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបន្ថែមថា ដំណើរទស្សនកិច្ចក្នុងនាមមេដឹកនាំរដ្ឋមួយ មិនមែនជាបញ្ហាឡើយ ប៉ុន្តែដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានរួចហើយ ដែលលោកថា គួរតែមានការពិភាក្សាជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ដើម្បីស្វែងរកការយល់ឃើញ។
ទាក់ទងនឹងវិបត្តិនៅភូមានេះ កម្ពុជាបានរងការរិះគន់ពីសំណាក់បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អុងឡាំង (Min Aung Hlaing)។ ប្រទេសទាំងនោះថា កម្ពុជាព្យាយាមផ្តល់ភាពស្របច្បាប់ឱ្យរបបរដ្ឋប្រហារភូមា និងសម្រេចចិត្តតែឯងដោយគ្មានពិគ្រោះយោបល់ជាមួយរដ្ឋសមាជិកអាស៊ានជាមុនជាដើម។
ក្រោយដំណើរទស្សនកិច្ចនេះដែរ កម្ពុជាក្នុងនាមប្រធានអាស៊ានប្ដូរវេន បានខកខានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាលើកដំបូង ហើយបន្ទាប់មកមានប្រទេសមួយចំនួនរិះគន់ដំណើរទស្សនកិច្ចនេះ ខណៈរបបសឹកប្រទេសភូមាមិនបានអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022