ឯកសារ៖ មីក្រូជីវវិទូ ម្នាក់​ធ្វើការ​កាន់​បំពង់​ដែល​មាន​ដាក់​សំណាក​បាក់តេរី​នៅក្នុង​មន្ទីរពិសោធន៍​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​នៅ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

មនុស្សជាង១,២លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ​ដោយសារ​ការឆ្លង​មេរោគ​បាក់តេរី​ដែល​ស៊ាំនឹង​ថ្នាំ​អង់ទីប៊ីយោទិក ដែល​ធ្វើឱ្យវា​ស៊ាំនឹង​ថ្នាំ​ច្រើន​ប្រភេទ ហើយ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ច្រើនជាង​មេរោគ​អេដស៍/ជំងឺអេដស៍ ឬ​គ្រុនចាញ់​ទៅទៀត។ មនុស្ស​ស្លាប់ចំនួន៤,៩៥លាននាក់ទៀត ជាប់ទាក់ទង​នឹង​បាក់តេរី​ស៊ាំនឹង​ថ្នាំច្រើន​ប្រភេទ​នេះ។ ​នេះ ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ។​

លោកស្រី ​Antonia Sagona​ អ្នក​ជំនាញ​ខាង​ការ​ឆ្លង​មេរោគ​បាក់តេរី​ ធ្វើការ​នៅ​សាកល​វិទ្យាល័យ​ Warwick​ ប្រទេស​អង់គ្លេស​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ថា «មាន​ការ​ប៉ាន់​ប្រមាណ​ថា​ បើ​យើង​មិន​អាច​រក​ឃើញ​ជម្រើស​ថ្មី​ត្រឹម​ឆ្នាំ​២០៥០​ ទេ ​នោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ នឹង​ត្រូវ​ស្លាប់​ ហើយ​នឹង​មាន​ការ​ខាតបង់​ទិន្នផល​សេដ្ឋកិច្ច​ចំនួន​១០០​លាន លាន​ដុល្លារ»។​

ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ពេទ្យ ​The Lancet ​ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ក្នុង​ទីក្រុង​ Seattle ​បាន​វិភាគ​ទិន្នន័យ​ពី​ប្រទេស និង​ដែនដី​ចំនួន​២០៤។ ​លទ្ធផល​បាន​បង្ហាញ​ថា​ ប្រទេស​ក្រីក្រ​ រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដោយ​ភាព​ស៊ាំ​នឹង​ថ្នាំ​អង់ទីប៊ីយោទិក ​ជា​ពិសេស​ប្រទេស​នៅ​តំបន់​សាហារ៉ា​ខាងត្បូង​នៃ​ទ្វីប​អាហ្វ្រិក​ និង​អាស៊ី​ខាង​ត្បូង។​

របាយ​ការណ៍​និយាយ​ថា ​«ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្នុង ​បាន​បង្កឱ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​១,៥​លាន​នាក់​ ទាក់ទង​នឹង​ការ​ស៊ាំ​នឹង​ថ្នាំ​អង់ទីប៊ីយោទិក​ក្នុង​ឆ្នាំ២០១៩​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​បន្ទុក​រោគ​សញ្ញា​ជំងឺ​ឆ្លង​ច្រើន​បំផុត»។​

ពួក​អ្នក​សរសេរ​របាយ​ការណ៍​បាន​ព្រមាន​ថា ​ ត្រូវមាន​ការស្រាវជ្រាវ​បន្ទាន់​បន្ថែម​ទៀត។​

ពួក​គេ​បាន​សរសេរ​ថា ​«មាន​គម្លាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​កំណត់ទិន្នន័យ​នៅ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប។ ពួកគេ​និយាយ​សង្កត់​ធ្ងន់​លើ​តម្រូវការ​ពង្រីក​សមត្ថភាព​មន្ទីរ​ពិសោធន៍​មីក្រូជីវ​សាស្ត្រ ​និង​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​គំរាម​កំហែង​ដ៏​សំខាន់​ដល់​សុខភាព»។

អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា ​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយោទិកមិនត្រឹមត្រូវ​ជាច្រើន​ទស្សវត្សរ៍ អាច​ធ្វើ​ឱ្យ​មីក្រូ​សរីរាង្គ​វិវត្ត​ទៅ​ជា​«ពពួក​មេរោគ​ខ្លាំង​ ឬ superbugs៕