ស្វាយដែលដាំនៅស្រុកកងមាស ខេត្តកំពង់ចាម។ រូបភាព៖សមាគមស្វាយកែវរមៀតស្រុកកងមាស។

អ្នកនាំពាក្យសមាគមស្វាយកែវរមៀតស្រុកកងមាសបានលើកឡើងថា កសិករដែលដាំស្វាយកែវរមៀតប្រមូលផល២ដងក្នុង១ឆ្នាំ ប្រឈមការខាតបង់ថវិកាជិត៥ពាន់ដុល្លារក្នុងទំហំផ្ទៃដី១០ហិកតាសម្រាប់កសិករម្នាក់ ព្រោះពួកគេត្រូវចំណាយថវិកាច្រើនសម្រាប់ទិញថ្នាំបាញ់ ប៉ុន្តែដល់ពេលប្រមូលបានតម្លៃថោក គឺមួយគីឡូក្រាម មានតម្លៃពី១៧០ទៅ២៨០រៀលប៉ុណ្ណោះ។

លោក ហេង វុទ្ធា អ្នកនាំពាក្យសមាគមស្វាយកែវរមៀត ស្រុកកងមាស បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២១ មករានេះថា កសិករដែលដាំស្វាយកែវរមៀតនៅក្នុងស្រុកកងមាសប្រមូលផល២ដងក្នុងមួយឆ្នាំ គឺខាតបង់ថវិកាម្នាក់ៗជិត៥ពាន់ ព្រោះស្វាយប្រមូលផលលើកទី១ មានតម្លៃថោកគឺពី១៧០ ទៅ២៨០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។

លោកថ្លែងថា៖«ដោយសារវាស្ថិតនៅក្នុងខែវស្សាពិបាកចេញចូលក្នុងការបេះ ឈ្មួញក៏ពិបាកចូលមកបេះ ភាគច្រើនស្វាយវាមានបញ្ហាលិចទឹកនិយាយទៅពិបាកទាំងពីប្រមូលផល ពិបាកផ្លូវចេញចូល ព្រោះអីផ្លូវតាមចម្ការដឹងស្រាប់ហើយ សុទ្ធភក់វាពិបាកក្នុងការប្រមូលផល។ ខាតជិត៥ពាន់ដុល្លារក្នុងមួយវគ្គ ប៉ុណ្ណឹងម្ចាស់ដើមខ្លួនឯងផង ទិញថ្នាំ ទិញជីបាញ់ គិតគូរទៅ ទូទាត់ខាតថ្នាំហ្នឹង តម្លៃប៉ុណ្ណឹងតែម្តង»។

លោកបន្តថា សម្រាប់អ្នកដាំស្វាយប្រមូលផល២ដងក្នុង១ឆ្នាំ គឺពួកគាត់ថែទាំស្វាយសម្រាប់ប្រមូលផលនៅ លើកទី១ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា និងលើកទី២ចាប់ពីខែមករា ដល់ខែមីនា ខណៈអ្នកដាំប្រមូលផលតែម្តង គឺប្រមូលតែខែមករា ដល់ខែកុម្ភៈប៉ុណ្ណោះ ហើយមានតម្លៃ៦២០រៀល ដែលធ្វើឱ្យពួកគាត់ចំណេញ១ម៉ឺនដុល្លារក្នុង១០ហិកតា ព្រោះរដូវគាត់ធ្វើយកផលតែម្តងគ្មានទឹកភ្លៀង ហើយមិនចាំបាច់ប្រើថ្នាំបាញ់ច្រើននោះទេ។

លោកថ្លែងដូច្នេះថា៖«តាំងពីយើងកូវីដមកហ្នឹង វាចូល២ឆ្នាំហ្នឹង អ្នកខ្លះគាត់ធ្វើស្វាយតែមួយរដូវទេ អ្នកខ្លះគាត់ធ្វើយក២ដង គាត់ធ្វើប្រមូលផលក្នុងចន្លោះខែសីហា ខែកញ្ញា ដល់ខែវិច្ឆិកា ហើយអ្នកខ្លះគាត់សម្រេចចិត្តយកតែម្តងទេ ប្រមូលចន្លោះពីខែមករា ដល់ខែកុម្ភៈ។ អ៊ីចឹង!គាត់ធ្វើម៉េចតម្រូវប្រមូលផលក្នុងខែ១ ខែ២ហ្នឹង ហើយក្រៅពីហ្នឹង បានផ្លែឬមិនបានផ្លែគាត់លែងចោលគាត់អត់មានការថែទាំអីទៀតនោះទេ»។

អ្នកនាំពាក្យសមាគមរូបនេះបន្ថែមថា មូលហេតុដែលកសិករបន្តដាំស្វាយប្រមូលផល២ដងក្នុង១ឆ្នាំ ដោយសារតែកន្លងមកមិនដែលមានបញ្ហាស្វាយធ្លាក់ថ្លៃ ដូច២ឆ្នាំចុងក្រោយនោះទេ ហើយបច្ចុប្បន្នស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ សមាគមលើកទឹកចិត្តឱ្យកសិករប្រមូលផលតែម្តងប៉ុណ្ណោះ។

លោកបានឱ្យដឹងថា ក្នុង១ឆ្នាំសមាគមស្វាយកែវរមៀតស្រុកកងមាស អាចផលិតបានចន្លោះពី៧០ទៅ៨០តោនក្នុងមួយថ្ងៃ ហើយនៅស្រុកកងមាស មានការដាំស្វាយតាំងពី២០ឆ្នាំមុន ប៉ុន្តែទើបតែរីកចម្រើនរយៈពេល៥ឆ្នាំចុងក្រោយនេះ ព្រោះកសិករចាប់ផ្តើមពង្រីកការដាំដុះច្រើន។ លោកបញ្ជាក់ថា បញ្ហារបស់កសិករ គឺទីផ្សារ និងខ្វះចំណេះដឹងផ្នែកអនុវត្តកសិកម្មល្អ ដូច្នេះកសិករស្នើឱ្យក្រសួងកសិកម្មចុះបង្រៀននៅតាមមូលដ្ឋានពីរបៀបអនុវត្តកសិកម្មល្អ ដើម្បីឱ្យកសិករអាចចុះបញ្ជី និងលក់ស្វាយទទួលបានតម្លៃល្អ។

ជុំវិញបញ្ហាស្វាយនេះ សារព័ត៌មានខ្មែរណាស់បានទាក់ទង លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដើម្បីបញ្ជាក់បន្ថែម ប៉ុន្តែទូរសព្ទហៅចូលគ្មានអ្នកទទួល។

យោងតាមក្រសួងកសិកម្ម ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មមួយផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់ និងក្រៀម។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន១៦តោនក្នុង១ហិកតា ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន៕