ដំណាំកាហ្វនៅខេត្តមណ្ឌលគិរី។ រូបភាពដោយ៖ក្រសួងបរិស្ថាន

ប្រជាកសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី កំពុងព្រួយបារម្ភពីតម្លៃអាចនឹងធ្លាក់ចុះ ឬគ្មានអ្នកទៅទិញតែម្ដង ព្រោះអ្នកដាំខ្លះដែលបានប្រមូលផលកាហ្វេតាំងពីចុងឆ្នាំមុន ប៉ុន្តែមិនទាន់មានឈ្មួញចុះទៅទិញដូចរាល់ឆ្នាំនៅឡើយ។

លោក តេះ ម្ហញ ជាជនជាតិភាគតិចពូនង(ព្នង) និងមានដីដាំដំណាំកាហ្វេជាង១ហិកតា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី១៩កមរាថា លោកបានចាប់ផ្ដើប្រមូលផលកាហ្វេតាំងពីអំឡុងខែវិច្ឆិកា ហើយពេលនេះ កំពុងតែហាល និងកិនជាបន្តបន្ទាប់ ប៉ុន្តែចាប់តាំងពីពេលប្រមូលផល មកទល់នឹងពេលនេះ មិនទាន់មានមានឈ្មួញណាចុះមកទិញ ឬសួរតម្លៃទាល់តែសោះ និងកំពុងធ្វើឱ្យលោកបារម្ភខាតបង់ប្រាក់ដែលចំណាយដើម្បីដាំដំណាំកាហ្វេនេះ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំ កូនខ្ញុំ ធ្វើកាហ្វេហត់ណាស់ វាខ្ចីធនាគារ(មក)ទិញជី ជួលគេជីករណ្ដៅ ជីកអី អស់១០០០(ដុល្លា) ឥឡូវគេអត់ទិញ ខ្ញុំអត់មានកម្លាំង»។

កសិកររូបនេះ បានអំពាវនាវឱ្យមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ជួយរកទីផ្សារ ឬដោះស្រាយបញ្ហាដែលអ្នកដាំដំណាំកាហ្វេកំពុងជួបប្រទះ ដើម្បីឱ្យកសិករមានចិត្តបន្តក្នុងការដាំនៅឆ្នាំក្រោយៗទៀត។

កសិករដាំកាហ្វេម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ភ្នំណាំលៀ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បានលើកឡើងដែរថា នៅតំបន់របស់លោក មានអ្នកដាំដំណាំកាហ្វេស្ទើរគ្រប់ក្រុមគ្រួសារទាំងអស់ ហើយនៅឆ្នាំនេះ លោកអាចប្រមូលផលបានប្រមាណជាង១តោនក្នុងផ្ទៃដីដាំសរុប១ហិកតា។

លោកបន្តថា នៅខាងសហគមន៍របស់លោក គឺមានឈ្មួញចុះមកទិញបណ្ដើរៗ ចំណែកតម្លៃកាហ្វេនៅឆ្នាំនេះវិញក៏ទទួលបានថម្លៃថ្លៃជាងឆ្នាំមុនពី៥០០រៀល ទៅ១០០០រៀល ដោយសារឆ្នាំនេះ ក្រុមឈ្មួញឱ្យតម្លៃបានពី៦០០០រៀល ទៅ៨០០០រៀលក្នុង១គីឡូក្រាម សម្រាប់គ្រាប់កាហ្វេលេខ១ ប៉ុន្តែ លោកបារម្ភថា តម្លៃទីផ្សារនេះ នឹងមិនឋិតថេរ ដោយសារតម្លៃគឺនៅក្នុងដៃរបស់ឈ្មួញអ្នកកំណត់។

លោកថ្លែងដូច្នេះថា៖«ទៅមុខទៀត អត់ដឹងដែរ ដោយសារប៉ុន្មានថ្ងៃមុន គេទិញ(តម្លៃ)ប៉ុណ្ណឹង(៦០០០រៀលទៅ៨០០០រៀលក្នុង១គីឡូក្រាម)។ វាដោយពេលខ្លះទៅវាឡើង ពេលខ្លះទៅវាចុះ យើងអត់ដឹង ព្រោះទីផ្សារនៅនឹងគេ(ឈ្មួញ)។

កសិករដដែលបន្ថែមថា ឆ្នាំមុន មានឈ្មួញមកទិញផលិតផលកាហ្វេរបស់អ្នកស្រុក ជាបន្តបន្ទាប់ ប៉ុន្តែឆ្នាំនេះមិនសូវមានអ្នកមកទិញច្រើននោះទេ។

ឆ្លើយតបនឹងបញ្ហានេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានលើកឡើងថា កាហ្វេឆ្នាំនេះមិនមានបញ្ហាទីផ្សារនោះទេ។ លោកបន្តថា លោកនឹងចុះទៅជួបសហគមន៍ដាំកាហ្វេ ដើម្បីសួនាំឬរកដំណោះស្រាយទៅលើបញ្ហាទីផ្សារនេះ នៅសប្ដាហ៍ក្រោយ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាផលិតកាហ្វេបានចំនួន៦៧៥តោន គឺថយចុះជាង២៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលផលិតបានចំនួន៩៤០តោន។ ចំពោះការប៉ាន់ស្មានតម្លៃកាហ្វេក្នុងឆ្នាំ២០២១វិញ គឺមានត្រឹមជាង១លាន៥សែន ខណៈក្នុងឆ្នាំ២០២០ មានជាង២លាន១សែនដុល្លារ៕