ទូកនេសាទរបស់វៀតណាមនៅកំពង់ផែ Da Nang ខែកញ្ញា ឆ្នាំ ២០២១។ រូបថតដោយ VnExpress

ប្រទេសវៀតណាមបានបដិសេធយ៉ាងដាច់អហង្ការ នូវសេចក្ដីការណ៍របស់សារព័ត៌មានចិន China Daily ដែលសង្ស័យថា វៀតណាមកំពុងបំពាក់អាវុធដល់ទូកនេសាទ។ វៀតណាមបានអះអាងថា ខ្លួនតែងប្រកាន់យ៉ាងខ្ជាប់​ខ្ជួនចំពោះច្បាប់អន្តរជាតិក្នុងការបន្តគោលនយោបាយសន្តិភាព និងការការពារខ្លួន។

មន្រ្តីនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការចុះផ្សាយព័ត៌មានពីភាគីចិននោះ គឺមិនត្រឹមត្រូវ ហើយ​វៀតណាមសុំបដិសេធទាំងស្រុង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Daily បានចុះផ្សាយថា ប្រទេសចិនសង្ស័យថា វៀតណាមបានបំពាក់ទូកនេសាទជាមួយនឹងអាវុធ ហើយថាទីក្រុងប៉េកាំងមានការព្រួយបារម្ភថា ទង្វើនេះនឹងធ្វើឱ្យជម្លោះនៅសមុទ្រចិត្តខាងត្បូងកាន់តែស្មុគស្មាញ និងបង្កអសុវត្ថិភាពនៃការធ្វើនាវាចរណ៍។

ប៉ុន្តែលោក Hang បាននិយាយថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការពារសន្តិភាព និងការការពារខ្លួន ហើយរាល់​សកម្មភាព​ដែល​អាជ្ញាធរ​វៀតណាម​បាន​អនុវត្ត​ គឺ​ប្រកាន់ខ្ជាប់​ទាំង​ស្រុង​ទៅ​នឹង​ច្បាប់​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះក៏បានសង្កត់ធ្ងន់ថា វៀតណាមខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ផងដែរ៕