
កម្ពុជាចាត់ទុកការប៉ះទង្គិចប្រដាប់អាវុធនៅភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាថ្មីទៀត បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារភូមា កាលពីពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញផ្សាយថ្ងៃទី២០ ខែមករា ដោយសម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធធ្ងន់ធ្ងរក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធាភូមា និងកងកម្លាំងប្រដាប់អាវុធប្រឆាំងរបបសឹក។ សេចក្តីថ្លែងការណ៍បន្តថា កម្ពុជាចង់ឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់រាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនាដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅដល់ការកសាងឡើងវិញនូវសន្តិភាពនៅក្នុងប្រទេស ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។
កម្ពុជាគូសបញ្ជាក់ថា ការកើតមានឡើងនូវអំពើហិង្សានៅភូមា កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារភូមា។
ទាក់ទងនឹងវិបត្តិនៅភូមានេះ កម្ពុជាបានរងការរិះគន់ពីសំណាក់បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អុងឡាំង (Min Aung Hlaing)។ ប្រទេសទាំងនោះថា កម្ពុជាព្យាយាមផ្តល់ភាពស្របច្បាប់ឱ្យរបបរដ្ឋប្រហារភូមា និងសម្រេចចិត្តតែឯងដោយគ្មានពិគ្រោះយោបល់ជាមួយរដ្ឋសមាជិកអាស៊ានជាមុនជាដើម។
កម្ពុជាអះអាងថា ដំណើរទស្សនកិច្ចនោះ ជាជោគជ័យធំរបស់ខ្លួន។ ប៉ុន្តែ ប្រទេសអាស៊ានមួយចំនួនដូចជា ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន ថា ដំណើរទស្សនកិច្ចរបស់កម្ពុជា ពុំទទួលបានផ្លែផ្កា ចំពោះវិបត្តិភូមាទេ។
ក្រោយទស្សនកិច្ចនេះ កម្ពុជាក្នុងនាមប្រធានអាស៊ានប្ដូរវេន បានខកខានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាលើកដំបូង ដោយត្រូវលើកពេលគ្មានកាលកំណត់។ កាលពីថ្ងៃទី១៩ មករា កម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃរបបសឹកភូមា ឱ្យមកចូលវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ៕
- សកម្មជនព្រៃឈើស្នើយ៉ាងទទូចទប់ស្កាត់បទល្មើសព្រៃឈើ ខណៈព្រៃនៅតំបន់ការពាររងការកាប់បំផ្លាញ - នៅថ្ងៃទី 29/01/2022
- រដ្ឋបាលខេត្តកណ្ដាលទទួលស្គាល់ថា ការប្រមូលសំរាមនៅក្រុងតាខ្មៅមិនទាន់បានល្អប្រសើរ - នៅថ្ងៃទី 28/01/2022
- ក្រសួងកសិកម្មបង្កើនការត្រួតពិនិត្យសារធាតុញៀនបន្ទាប់ពីសម្ដេច ស ខេង ស្ដីបន្ទោសខ្លាំងៗ - នៅថ្ងៃទី 27/01/2022