ក្រុមនាវាចម្បាំងចិន ដែលថតនៅក្នុងឆ្នាំ២០១៨។ រូបភាព៖ China Daily

យោធា​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កង​កម្លាំង​ចិន​ បាន​តាម ​និង​ព្រមាន​ដេញ​នាវា​ចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ចូល​ដែនទឹក​នៅ​ជិត​ប្រជុំ​កោះ​ Paracel ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​នៅ​ក្នុង​ភាព​តានតឹង​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ផ្លូវទឹក​ដែល​មាន​ជម្លោះ​នេះ។​ នេះ​ បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។​

បញ្ជា​ការដ្ឋាន​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​ភាគ​ខាងត្បូង​បាន​និយាយ​ថា ​នាវា​ចម្បាំង ​USS Benfold​ របស់​សហ​រដ្ឋ​អាមេរិក​ បាន​ធ្វើ​ដំណើរ​«ខុសច្បាប់»​ចូល​ក្នុង​ដែនទឹក​របស់​ចិន​ដោយ​គ្មាន​ការ​អនុញ្ញាត រំលោភ​លើ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ចិន ​ហើយ​ថា ​កង​កម្លាំង​ជើង​ទឹក ​និង​អាកាស​របស់​ចិន​ បាន​ដេញ​តាម​នាវា​នោះ។ ​កងទ័ព​ចិន​បាន​បន្ថែម​ថា ​«យើង​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ភាគី​សហ​រដ្ឋ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​បង្កហេតុ​បែប​នេះ ​បើមិន​ដូច្នេះ​ទេ ​សហ​រដ្ឋ​អាមេរិក​ នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ពី​ព្រឹត្តិ​ការណ៍​ដែល​មិន​អាច​មើល​ឃើញ​ជាមុន»។​

កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​នាវា​ Benfold ​«បាន​អះអាង​ថា ​ខ្លួន​មាន​សិទ្ធិ​ និង​សេរីភាព​នាវា​ចរណ៍​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​ Paracel​ ស្របតាម​ច្បាប់​អន្តរជាតិ»។​

អ្នក​នាំពាក្យ​កង​នាវា​ទី៧ សហ​រដ្ឋ​អាមេរិក​លោក​ Mark Langford​ បាន​និយាយ​ថា​ «នៅ​ពេល​បញ្ចប់​ប្រតិបត្តិការ​ នាវា​ USS Benfold ​បាន​ចេញ​ពី​តំបន់​ដែល​ចិន​ទាមទារ​ហួសហេតុ​នោះ​ ហើយបន្ត​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង»។​

សហ​រដ្ឋ​អាមេរិក​តែងតែ​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ​សេរីភាព​បេសក​កម្ម​នាវា​ចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ប្រឆាំង​នឹង​ការ​ទាមទារ​ទឹកដី​របស់​ចិន។ ​ចិន​បាន​បង្កើត​ប៉ុស្តិ៍​យោធា​នៅ​លើ​កោះ​សិប្បនិមិត្ត​ក្នុង​ដែនទឹក​ដែល​ជា​ផ្លូវ​ឆ្លងកាត់ដឹក​ជញ្ជូន​សំខាន់ៗ​ ហើយ​ជា​តំបន់​សម្បូរ​ឧស្ម័ន ​និង​ជា​កន្លែង​នេសាទ​ដ៏​សម្បូរ​បែប​ផង​ដែរ។​

សមុទ្រ​ចិន​ខាងត្បូង ​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​មួយ​ក្នុង​ចំណោម​ចំណុច​ក្តៅ​ជាច្រើន​នៃ​ទំនាក់​ទំនង​រវាង​ចិន​ និង​សហ​រដ្ឋ​អាមេរិក ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ច្រានចោល​នូវ​អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​ហៅថា ​ការ​ទាមទារ​ទឹកដីដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ដោយ​ខុស​ច្បាប់។ ​ចិន បាន​ទាមទារ​ទឹកដី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​សមុទ្រ​ចិន​ខាងត្បូង។​ តៃវ៉ាន់​ វៀតណាម​ ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន​ សុទ្ធតែ​បាន​ទាមទារ​ត្រួត​លើ​គ្នា៕