ម្ទេសហាវៃដែលដាំនៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រូបភាព៖ក្រសួងកសិកម្ម

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានជំរុញឱ្យកសិករ នៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ដាំម្ទេសហាវៃ ព្រោះមានទីផ្សារខ្ពស់ និងមានតម្លៃគួរសម គឺក្នុងមួយគីឡូមានតម្លៃពី៦ពាន់ទៅ៨ពាន់រៀល ហើយការបន្លៃប្រភេទនេះ គឺមានការផ្តល់ជំនួយជាបច្ចេកទេសនិងសម្ភារៈដាំដុះ ពីគម្រោងសាកវប្បកម្មបន្លែផ្លែឈើកម្ពុជា(CHAIN) សហការជាមួយមន្ទីរ ។

លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០មករានេះថា មន្ទីរបានចាប់ផ្ដើមជំរុញឱ្យកសិករដាំម្ទេសហាវៃនៅឆ្នាំ២០២១ តាមរយៈគម្រោង សាកវប្បកម្មបន្លែផ្លែឈើកម្ពុជា(CHAIN) នៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ព្រោះនៅតំបន់នេះ មានចងក្រងជាសហគមន៍ ហើយបច្ចុប្បន្នមានកសិករជាតិ៣០គ្រួសារកំពុង។

លោកថ្លែងដូច្នេះថា៖«មានកសិករប្រមាណពី២៥ ទៅ៣០គ្រួសារនៅក្នុងសហគមន៍ យើងជំរុញទៅលើសហគមន៍។ និយាយទៅមិនមានម្ទេសហាវៃមួយមុខទេ យើងមានដំណាំរួមផ្សំច្រើនទៀត ប៉ុន្តែយើងឃើញថានៅឃុំកំពងគរ មានសក្តានុពលទៅលើម្ទេសហាវៃ ហើយម្ទេសហាវៃក៏មានតម្លៃល្អ ហើយគាត់(កសិករ)ក៏ចង់ដាំអាហ្នឹង(ម្ទេសហាវៃ) ទាំងដី ទាំងទីផ្សារមានសក្តានុពលលើដំណាំហ្នឹង ហើយកន្លងមកក៏គាត់បានដាំដំណាំហ្នឹងស្រាប់ហើយដែរ។ អ៊ីចឹង!យើងជំរុញបន្ថែមទៀតតែម្តង»។

លោកបន្តថា ទីផ្សារម្ទេសហាវៃដែលកសិករដាំបានផល ត្រូវបានផ្គត់ផ្គង់នៅក្នុងខេត្តផ្ទាល់ និងមានក្រុមហ៊នចំនួន២ប្រមូលទិញយកទៅដាក់លក់នៅតាមផ្សារទំនើបនៅភ្នំពេញផងដែរ ដោយសារមន្ទីរបានធ្វើវេទិការជំនួបពហុភាគី មានដូចជាអ្នកប្រមូលទិញ និងអ្នកផលិត ដើម្បីឱ្យពួកគាត់ចរចាទីផ្សារម្ទេសហាវៃ។ លោកថា ម្ទេសហាវៃតម្លៃជាមធ្យមពីចន្លោះ៦០០០ ទៅ៨០០០រៀល ក្នុង១គីឡូក្រាម ហើយកសិករជិត៣០គ្រួសារនេះ អាចប្រមូលផលបានពី១៥០ ទៅ២០០គីឡូក្រាមក្នុង១ថ្ងៃ។

លោកបន្ថែមថា មន្ទីរកសិកម្មខេត្ត និងគម្រោង CHAIN បានផ្តល់សម្ភារៈក្នុងការគាំទ្រការដាំដុះម្ទេសនេះក្នុងដំណាក់កាលដំបូង មានចំនួនច្រើន មានដូចជា គ្រាប់ពូជ បច្ចេកទេសដាំដុះ ផ្លាស្ទិកគ្របរោង សំណាញ់ ជី និងសម្ភារៈបណ្តុះគ្រាប់ពូជ។

លោកថ្លែងថា៖«ពូជយើង(យកមក)ពីក្រុមហ៊ុនក្នុងស្រុក យើងនាំក្រុមហ៊ុនឱ្យទៅស្គាល់តែម្តង។ មុនដំបូងគម្រោង ហើយមន្ទីរជួយ ដល់ដំណាក់កាលបន្តៗទៅ ឱ្យគាត់ស្គាល់គ្នារវាងក្រុមហ៊ុន ចរចាគ្នា គាត់ទិញ គាត់លក់ក្នុងតម្លៃណាមួយ។ ដូចម្ទេសហាវៃមិនតម្រូវឱ្យដាំក្នុងផ្ទះសំលាញ់នោះទេ ប្រសិនជាដាំកាន់តែល្អ ប៉ុន្តែដាំនាំតែខាត ហើយដាំដំណាំណាមានហានិភ័យខ្ពស់ក្នុងផ្ទះសំលាញ់វិញ»។

លោកបញ្ជាក់ថា មិនមែនតែនៅឃុំកំពង់គរមួយនោះទេ ដែលមានកសិករដាំម្ទេសហាវៃ គឺមានកសិករនៅឃុំផ្សេងៗទៀតក៏មានដាំដែរ ជាលក្ខណៈគ្រួសារ គ្រាន់តែមិនមានការប្រមូលផ្ដុំដាំច្រើនដូចនៅឃុំកំពង់គរ។

រូបភាព៖ក្រសួងកសិកម្ម

លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម បានលើកឡើងថា នៅកម្ពុជាម្ទេសហាវៃភាគច្រើនត្រូវបានកសិករដាំនៅខេត្តកណ្តាល បាត់ដំបង និងកំពង់ចាម ហើយដីដែលអាចដាំម្ទេសហាវៃបានមានដូចជាដីល្បាប់ ដីមាត់ទន្លេ និងដីដែលមានជីជាតិ ព្រោះម្ទេសហាវៃត្រូវការដី ដែលសម្បូរជីជាតិច្រើន។ លោកបញ្ជាក់ថា ម្ទេសហាវៃទទួលទន្និផលជាមធ្យម១០តោន លើផ្ទៃដី១ ហិកតា។

លោកថ្លែងបន្ថែមថា៖«ខ្ញុំមិនច្បាស់ពីតម្លៃទីផ្សារទេ ប៉ុន្តែទីផ្សារធំៗដូចជាផ្សារដើមគរ ផ្សារនាគមាស ទីផ្សារនៅខេត្តធំៗ មានសៀមរាប មាននៅខាងសួង ផ្សារគេបោះដុំធំៗ។ បច្ចុប្បន្នគេដាំក្រាលកៅស៊ូហើយ តម្លៃពលកម្មក៏ថ្លៃ ភាគច្រើនគេចូលចិត្តក្រាលកៅស៊ូហើយ។ វាការពារស្មៅកុំឱ្យដុះ សំណើមកុំឱ្យហួតខ្លាំង បន្ថយសត្វល្អិត ព្រោះថាមានកម្តៅចេញពីកៅស៊ូ ធ្វើឱ្យសត្វស្អិតហ្នឹង អត់សូវចុះមក ម្ទេសហាវៃមានខ្លះៗដាំនៅក្នុងផ្ទះសំណាញ់ភាគតិចណាស់ ភាគច្រើនដាំនៅទីវាល»។

លោកលើកឡើងដែរថា ម្ទេសហាវៃត្រូវការជីច្រើន អាកាសធាតុត្រជាក់ជាមធ្យមចន្លោះពី២០ទៅ២៥អង្សា ហើយម្ទេសនេះត្រូវការរយៈពេល២ ខែកន្លះ ទើបអាចប្រមូលផលបាន ដោយដាំរដូវណាក៏បាន ប៉ុន្តែរដូវដែល្អដាំជាងគេគឺរដូវត្រជាក់ ព្រោះទទួលបានទន្និផលខ្ពស់៕