
អង្គការសង្គមស៊ីវិលចំនួន៧ បានប្រកាសធ្វើយុទ្ធនាការរយៈពេល១ខែ ចាប់ពីថ្ងៃទី១៩មករា ដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២នេះ ដើម្បីផ្សព្វផ្សាយកញ្ចប់ព័ត៌មានតាមបណ្ដាញសង្គម ដើម្បីជំរុញឱ្យការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ដល់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០(FHI360) បានលើកឡើងថា ការធ្វើយុទ្ធនាការនេះ គឺផ្ដោតលើ សិទ្ធិស្ដង់ដារ ការបំពេញការងារ និងថវិការបស់មណ្ឌលសុខភាព និងថវិកានៅសាលារៀន ដើម្បីគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ការលើកកម្ពស់សិទ្ធិអំណាចពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ ឱ្យកែលម្អការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។
លោក ទន់ យូហៀង មន្ត្រីជំនាញគណនេយ្យភាពសង្គមនៃអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ការធ្វើយុទ្ធនាការនេះ មានគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋ កាន់តែយល់ដឹងពីសិទ្ធិ នៃការចូលរួមចាត់ចែងការងារការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានរបស់ខ្លួន ឬលើកឡើងពីតម្រូវការរបស់ខ្លួន ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ។
លោកថ្លែងដូច្នេះថា៖«តាមរយៈនៃការផ្ដល់(ព័ត៌មាន) ផ្សព្វផ្សាយ ឬក៏លើកកម្ពស់ការយល់ដឹងព័ត៌មានដល់ប្រជាពលរដ្ឋ ធ្វើឱ្យលោកអា ចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលនៅក្រោមជាតិហ្នឹង សេវាទាំងបីហ្នឹង រដ្ឋបាលសង្កាត់ សាលារៀន ហើយនិងមណ្ឌលសុខភាព។ ជាពិសេស ថវិកាដែលផ្ទេរពីរដ្ឋាភិបាលថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិទៅដល់សេវាទាំង៣ ហ្នឹងមានប៉ុន្មាន ហើយប្រើប្រាស់យ៉ាងម៉េច»។
ក្រៅពីធ្វើយុទ្ធនាការលើបណ្ដាញសង្គមនេះ អង្គការទាំងនោះ ដែលមានដូចជាអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ អង្គការ DAI Global អង្គការ LLC និងអង្គការ Internews ក៏ធ្វើយុទ្ធនាការ ដោយចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋរស់នៅតាមទីប្រជុំជន និងវត្តអារាមជាដើម៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022