លោក លី ឌីនូរី មន្ត្រីសាលាខេត្តបាត់ដំបង។ រូបភាព៖ Ly Dinnory

មន្ត្រីសាលាខេត្តបាត់ដំបងម្នាក់ បានសរសេរលិខិតទៅសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨មករា ដើម្បីសុំលាឈប់ពីក្របខណ្ឌជាមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ដោយបានអះអាងថា ខ្លួនមិនពេញចិត្តនឹងការប្រកាន់បក្ខពួកនៅក្នុងសាលាខេត្ត ដែលខ្លួនកំពុងបម្រើការ។ ប៉ុន្តែមន្រ្តីនាំពាក្យខេត្ត បានបដិសេធការចោទប្រកាន់នេះ។

លោក លី ឌីនូរី ដែលមានឋានន្តរសក្តិ វរៈមន្ត្រីថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាខ្មែរឥស្លាម បានលើកឡើងនៅក្នុងលិខិតនោះថា លោកបានចូលបំពេញភារកិច្ចជាមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។ លោកបានបញ្ជាក់ពីមូលហេតុដែលស្នើសុំលាឈប់ពីក្របខណ្ឌមន្ត្រីរាជការថា ដោយសារមិនពេញចិត្តនឹងការបង្កើតបក្ខពួកគ្នាក្នុងសាលាខេត្តបាត់ដំបង។

ប៉ុន្តែលោក សឿម ប៊ុនរិទ្ធី មន្ត្រីនាំពាក្យសាលាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩ មករានេះថា មូលហេតុដែលលោក លី ឌីនូរី សរសេរលិខិតលាលែងពីក្របខណ្ឌមន្ត្រីរាជការ ដោយសារលោកខឹងសម្បារនឹងនាយករដ្ឋបាលសាលាខេត្តធ្វើលិខិតកោះអញើញចូលមកធ្វើការវិញ ក្រោយពីលោកអវត្តមានមិនមកធ្វើការអស់រយៈពេល២សប្តាហ៍។

លោកថ្លែងដូច្នេះថា៖«អវត្តមាន២សប្តាហ៍រួចមកហើយជាប់ៗគ្នាដោយគ្មានមូលហេតុ។ ធម្មតា មន្ត្រីរាជការយើងស៊ីប្រាក់ខែរាជការប្រាក់ខែរដ្ឋ យើងត្រូវបំពេញការងាររាល់ថ្ងៃ ដល់ពេលអវត្តមានត្រូវមានច្បាប់ ត្រូវសុំច្បាប់តាមឋានុក្រុម មានធុរៈការបងប្អូន ធុរៈទៅបុណ្យទាន ឬក៏ធុរៈផ្ទាល់ខ្លួន ឬក៏ទៅពិនិត្យសុខភាព ដល់បាត់ដំណឹងឈឹងគេត្រូវកោះអញើញហើយ»។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៩មករានេះថា កន្លងមក លោក លី ឌីនូរី ធ្លាប់ជាអភិបាលរងស្រុកថ្មគោល ប៉ុន្តែដោយសារតែភាពអសកម្មក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុងជាមួយក្រុមប្រឹក្សាស្រុកថ្មគោល ទើបអភិបាលស្រុកថ្មគោល ផ្ទេរលោក លី ឌីនូរី ពីអភិបាលរងស្រុកថ្មគោល ឱ្យមកបម្រើការងារជាមន្ត្រីសាលាខេត្តបាត់ដំបងក្នុងអំឡុងខែមីនា ឆ្នាំ២០១៩។

សេចក្ដីប្រកាសដដែលបន្តថា ក្រោយពីបានមកបម្រើការងារជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស បាន៤ខែ លោក លី ឌីនូរី បានដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខណ្ឌ ដើម្បីទៅបំពេញមុខងារជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បាទា មានឋានៈស្មើអគ្គនាយក និងបានដាក់ពាក្យសុំបម្រើការងារក្នុងអង្គភាពដើមវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

សារព័ត៌មានខ្មែរណាស់បានព្យាយាមទាក់ទងលោក លី ឌីនូរី ដើម្បីបញ្ជាក់បន្ថែម ប៉ុន្តែលោកបានប្រាប់ថា កំពុងជាប់រវល់។ ទោះជាយ៉ាងណា លោកបានបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៨ មករាម្សិលមិញថា លោកបានទទួលលិខិតអញើញលើកទី១ពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបំពេញការងារនៅការិយាល័យគ្រប់គ្រប់បុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់ជាប់ៗគ្នារយៈពេល២សប្តាហ៍។

ប៉ុន្តែលោកសរសេរបន្តថា មូលហេតុដែលលោកមិនចូលធ្វើការនោះ ដោយសារមានការធ្វើទុក្ខបុកម្នេញ និងគ្មានការងារធ្វើ។ លោកសរសេរដូច្នេះថា៖«តើរយ:កាលកន្លងមក ក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំ វាមិនទាន់គ្រប់គ្រាន់មែនទេ? នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ឬត្រឹមតែចង់ឱ្យខ្ញុំមកអង្គុយអានកាសែតដូចរយៈកាលមុន? តើខ្ញុំមានកំហុសអ្វី?»។

លោកបន្ថែមថា ប្រសិនបើមកធ្វើការអង្គុយត្រឹមតែអានកាសែត លោកមិនមកធ្វើការល្អជាង ដោយសុខចិត្តសុំលាឈប់ ទៅធ្វើការងារឯកជនវិញ ព្រោះបក្ខពួកនិយមខ្លាំងពេកនាំឱ្យអន្តរាយដល់ស្ថាប័នរដ្ឋ ។

រូបភាព៖ Ly Dinnory

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា កោតសរសើរចំពោះមន្ត្រី ដែលក្លាហានក្នុងសរសេរលិខិតលាឈប់ពីមន្ត្រីក្របខណ្ឌទៅលើថ្នាក់ដឹកនាំខាងលើ ក្នុងការហ៊ានបញ្ចេញព័ត៌មានពិត ដែលខ្លួនជួបប្រទះ។
លោកថ្លែងដូច្នេះថា៖«យើងមិនទាន់ដឹងថា វិសាលភាពនៃបញ្ហាប៉ុនណានោះទេ ហើយព័ត៌មានហ្នឹងត្រូវបានផ្ទៀងផ្ទាត់ត្រូវ ឬខុស ជាដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយនឹងអាជ្ញាធរខេត្តបាត់ដំបងផ្ទាល់។ ប៉ុន្តែយើងសរសើរគាត់(លោក លី ឌីនូរី) ដែលហ៊ានលើកឡើង ព្រោះកន្លងមក មិនសូវមានមន្ត្រីណាលើកពីបញ្ហាជាក់លាក់នោះទេ។ ខ្ញុំគិតថា រាល់ការលើកជាបញ្ហារបស់មន្ត្រីជាន់ខ្ពស់ ឬក៏មន្ត្រីធម្មតាក៏ដោយ ជាការទទួលខុសត្រូវ ជាគណន្យភាពនៃការដឹកនាំ គឺទាមទារឱ្យមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ នៃការចោទប្រកាន់ហ្នឹង»។
លោក បន្ថែមថា៖«ជាពិសេសេគាត់ចោទប្រកាន់សង្កត់ធ្ងន់ទៅលើការរៀបចំបក្ខពួកក្នុងការដឹកនាំខេត្ត។ អ៊ីចឹង! អាចមានបញ្ហាច្រើន ព្រោះថា កាលណាក្នុងស្ថាប័នដឹកនាំមានបក្ខពួកនាំឱ្យមានទំនាស់ផលប្រយោជន៍ច្រើន ហើយអ្នកណាមិនចូលក្នុងបក្ខពួករបស់គេត្រូវបានគេរើសអើង»។

លោកថា ដើម្បីធានានូវសុក្រឹតភាព ហើយបង្កើនគណនេយ្យភាពរបស់ស្ថាប័នសាធារណៈ ដែលផ្តល់ការទុកចិត្តដោយរាស្ត្រ ក្នុងការធ្វើកិច្ចការរដ្ឋបម្រើប្រយោជន៍រាស្ត្រ គឺត្រូវកែសម្រួលបញ្ហាបក្ខពួក ជាពិសេសលុបបំបាត់បក្ខពួកនិយម ខ្សែស្រឡាយ ផលប្រយោជន៍ក្នុងស្ថាប័នទើបអាចដោះស្រាយបញ្ហាបាន៕