នៅក្នុងវគ្គបណ្តុះបណ្តាលយុវជន ស្តីពី មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ នៅថ្ងៃទី១៨មករា។ រូបភាព៖ សឹម សល់ម៉ា

មន្ត្រីក្រសួងសុខាភិបាល បានលើកទឹកឱ្យស្ត្រីដែលមានផ្ទៃពោះ ត្រូវបរិភោគអាហារចម្រុះ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ព្រោះអំឡុងពេលមានផ្ទៃពោះ បរិមាណអាហារដែលបរិភោគត្រូវផ្តល់ឱ្យមនុស្ស២នាក់ គឺម្តាយ និងទារកក្នុងផ្ទៃ។

នៅក្នុងវគ្គបណ្តុះបណ្តាលយុវជន ស្តីពី មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ នៅថ្ងៃទី១៨មករា លោកស្រី ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ពេលមានផ្ទៃពោះ គឺជាអំឡុងពេលមួយសំខាន់បំផុត ដែលម្តាយគ្រប់រូបគួរយល់ដឹង ព្រោះអំឡុងពេលនោះទាំងទារកនិងមា្តយ ត្រូវការសារធាតុចិញ្ចឹម ដើម្បីឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ។

លោកស្រីថ្លែងដូច្នេះថា៖«អ៊ីចឹង!ឱ្យបានគ្រប់មុខ ចៀសវាងគាត់ហូបក្រៀមក្រោះ ឬតែមួយមុខ ឬជាជំនឿគាត់អត់ហ៊ានហូបនេះ អត់ហ៊ានហូបនោះ។ ដូច្នេះ! យើងអត់អនុញ្ញាតឱ្យគាត់ធ្វើការតមនោះទេ បានន័យថាអាចឱ្យគាត់ហូបចម្រុះមុខទៅ ក្នុងមួយពេលៗហ្នឹង គឺហូបអាហារទាំង៣ក្រុម មានអាហារសាងសង់ អាហារការពារសុខភាព ក៏ដូចជាអាហារថាមពល។ អ៊ីចឹង! យើងរើសអាហារណាមួយក្នុងមួយក្រុមៗហ្នឹង យកមកក្នុង១មួយពេលៗយើងបានចម្រុះមុខហើយ»។

អាហារថាមពល មានប្រភពមកពីបាយ ដំឡូង ពោត និងខ្លាញ់ អាហារសាងសង់មានប្រភពពី សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូកជាដើម និងអាហារការពារ មានប្រភពមកពីបន្លែបៃតងចាស់ ផ្លែឈើពណ៌លឿងដែលសម្បូរសារជាតុរ៉ែខនិជ និងពួកវីតាមីន ដែលអាចជួយឱ្យកុមារប្រឆាំងនឹងជំងឺផ្សេងៗ។

មន្ត្រីក្រសួងសុខាភិបាលរូបនេះបន្តថា មុនពេលស្ត្រីមានផ្ទៃពោះអាចហូបធម្មតាបាន ដោយក្នុង១ថ្ងៃហូប៣ពេល ប៉ុន្តែនៅពេលដែលមានផ្ទៃពោះការហូបរបស់ស្ត្រីត្រូវបង្កើនបរិមាណ ដោយត្រូវហូប១ថ្ងៃ៤ពេល ព្រោះអាហារត្រូវផ្តល់ឱ្យម្តាយ និងការលូតលាស់ទារកក្នុងផ្ទៃ ដោយមិនចាំបាច់បារម្ភមានបញ្ហាឡើងគីឡូនោះទេ។

លោកស្រីបន្ថែមថា៖«កត្តាសំខាន់ គាត់ត្រូវតែទៅមូលដ្ឋានសុខាភិបាល មិនថាមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនោះទេ ត្រូវតែពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការកំណត់យ៉ាងតិចឱ្យបាន៤ដង ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីឱ្យគាត់ទទួលបានការប្រឹក្សាពីរបបអាហារ ការចិញ្ចឹមទារក ក៏ដូចជាការពិនិត្យសុខភាពរាងកាយផ្សេងៗ ដើម្បីឱ្យយើងត្រៀមរបៀបចំ ឬក្នុងករណីគាត់មានបញ្ហាណាមួយ យើងអាចដោះស្រាយឱ្យគាត់បានទាក់ពេលវេលា»។

មន្ត្រីរូបនេះ បញ្ជាក់ថា នៅពេលដែលស្ត្រីសម្រាលកូន គួរជ្រើសរើសមូលដ្ឋានសុខាភិបាលដែលនៅជិតផ្ទះរបស់គាត់ ដើម្បីឱ្យមានសុវត្ថិភាពទាំងម្តាយ និងកូន ហើយនៅពេលដែលទារកបានកើត ក្នុងនាមជាម្តាយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទៅតាមលក្ខណៈបច្ចេកទេស និងបែបធម្មជាតិ ដោយមិនភ័យខ្លាចផលប៉ះពាល់អ្វីទាំងអស់ គឺតាមរយៈការចិញ្ចឹមទារកដោយទឹកដោះម្តាយ៕