
ទីក្រុងអ៊ីស្តង់ប៊ុល — ប្រធានាធិបតីតួកគីលោក Tayyip Erdogan កាលពីថ្ងៃអង្គារ បានព្រមានប្រទេសរុស្សីកុំឲ្យឈ្លានពានប្រទេសអ៊ុយក្រែន ដោយបានហៅអតីតសាធារណរដ្ឋសូវៀតមួយនេះថា ជាប្រទេសមានអំណាចដោយមានការគាំទ្រពីមិត្តភ័ក្តអន្តរជាតិ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការផ្តល់យន្តហោះគ្មានមនុស្សបើក (Drone) របស់តួកគីទៅឲ្យអ៊ុយក្រែន បានធ្វើឲ្យរុស្សីខឹងសម្បារយ៉ាងខ្លាំង ដោយរុស្សីបារម្ភថា យន្តហោះគ្មានមនុស្សបើកទាំងនោះ អាចត្រូវប្រើដោយរដ្ឋាភិបាលអ៊ុយក្រែននៅក្នុងជម្លោះដ៏យូរអង្វែងរបស់ខ្លួននៅក្នុងតំបន់ពីរនៅភាគខាងកើតអ៊ុយក្រែនដែលកំពុងទាមទារបំបែកខ្លួនដោយមានការគាំទ្រពីរដ្ឋាភិបាលក្រុងមូស្គូ។
ថ្លែងបា្រប់ក្រុមអ្នកសារព័ត៌មានតួកគីនៅក្នុងប្រទេសអាល់បានី លោក Erdogan និយាយថា លោកមានបំណងនឹងពិភាក្សាពីភាពតានតឹងដែលកំពុងកើនឡើងជាមួយប្រធានាធិបតីរុស្សីលោក Vladimir Putin។
សារព័ត៌មានតួកគី បានស្រង់សម្តីលោក Erdogan មកចុះផ្សាយថា «អ្នកមិនអាចដោះស្រាយរឿងនេះដោយនិយាយថា ខ្ញុំ នឹងឈ្លានពានប្រទេសណាមួយ ឬដណ្តើមយកប្រទេសណាមួយនោះទេ។ ខ្ញុំមិនមើលឃើញថា ការឈ្លានពានរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ជាជម្រើសប្រាកដនិយមនោះឡើយ ពីព្រោះ អ៊ុយក្រែនមិនមែនជាប្រទេសធម្មតានោះឡើយ។ អ៊ុយក្រែន ជាប្រទេសមួយដែលមានអំណាច»។ នេះបើតាមប្រធានាធិបតីតួកគីលោក Erdogan ដែលបានគាំទ្រសេចក្តីប្រាថ្នារបស់អ៊ុយក្រែន ធ្វើជាសមាជិករបស់អង្គការអូតង់។
កាលពីខែធ្នូ ប្រធានាធិបតីរុស្សីលោក Putin បានរិះគន់អ៊ុយក្រែនចំពោះការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើករបស់តួកគី ហើយបានជំរុញដល់រដ្ឋាភិបាលតួកគីឲ្យដាក់គំនាបលើរដ្ឋាភិបាលអ៊ុយក្រែន មិនឲ្យប្រើឧបករណ៍យោធាប្រភេទនេះ។
តួកគី បានឆ្លើយតបវិញដោយនិយាយថា ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើការប្រើយន្តហោះគ្មានមនុស្សបើកដែលត្រូវបានលក់ទៅឲ្យប្រទេសផ្សេងទៀតនោះទេ។
ប្រទេសលោកខាងលិច បានចោទប្រកាន់រុស្សីថា បានដាក់ពង្រាយរថក្រោះ កាំភ្លើងត្បាល់ និងកងទ័ពប្រមាណ១សែននាក់នៅតាមបណ្តោយព្រំដែនភាគខាងជើង និងខាងកើតជាមួយប្រទេសអ៊ុយក្រែន និងនៅក្នុងការប្រុងប្រៀបរៀបចំអំពីលទ្ធភានៃការចូលឈ្លានពាន៕
- ទិសដៅនៃចំណងមេត្រីភាពរវាងអាមេរិកនិងអាស៊ាន ក្រោយជំនួបជាប្រវត្តិសាស្ត្រ - នៅថ្ងៃទី 25/05/2022
- សហរដ្ឋអាមេរិកថា ប្រទេស២០ស្នើផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន - នៅថ្ងៃទី 25/05/2022
- ចិនអបអរនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ក្នុងសញ្ញាចង់ធ្វើឱ្យប្រសើរចំណងទាក់ទងដែលមានភាពល្អក់កករ - នៅថ្ងៃទី 25/05/2022