គំនរសំរាមនៅក្បែរវាលព្រះមេរុ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ចាប់ពីថ្ងៃទី១កុម្ភៈឆ្នាំ២០២២តទៅ សាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមផាកពិន័យទៅតាមច្បាប់ចំពោះអ្នកដែលមិនបានបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងបញ្ចេញខុសម៉ោង ដែលខាងសាលារាជធានីបានកំណត់ក្នុងខណ្ឌចំនួន៥ ដូចជា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។

លោក ម៉េត មាសភក្ដី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៨មករាថា ខាងសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងម្ដងរួចមកហើយ កាលពីថ្ងៃទី១៦កញ្ញាឆ្នាំ២០២១ និងបានកំណត់យកថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១ ជាថ្ងៃចាប់ផ្ដើមការផាកពិន័យ ប៉ុន្តែដោយសារមានការស្នើសុំពីពលរដ្ឋ គឺមានការពន្យារពេលមកដល់ថ្ងៃទី១កុម្ភៈឆ្នាំ២០២២នេះវិញ។ លោកបន្តថា ការពន្យារពេលនោះ ដើម្បីផ្សព្វផ្សាយទៅដល់ពលរដ្ឋអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឱ្យបានទូលំទូលាយ។

លោកថ្លែងដូច្នេះថា៖«ការផាកពិន័យនេះ គឺជាជម្រើសចុងក្រោយ សម្រាប់តម្រង់ទិសប្រជាពលរដ្ឋមួយចំនួនតូចបន្ថែមទៀត ដែលគាត់មិនបានចូលរួម អនុវត្តវិធានការឬក៏សេចក្ដីណែនាំផ្សេងៗ ដូច ប្រជាពលរដ្ឋមួយផ្នែកធំបានឯកភាពគោរពតាមហើយ អ្នកដែលមិនគោរពតាមត្រូវតែផាកពិន័យហើយ»។​

អ្នកនាំពាក្យដដែលនេះ បានបន្ថែមថា រដ្ឋមិនចង់បានថវិកាពីប្រជាពលរដ្ឋ ពីការផាកពិន័យលើការទុកដាក់សំរាមមិនបានត្រឹមត្រូវបែបនេះទេ ប៉ុន្តែការផាកពិន័យនេះ មានគោលដៅធ្វើឱ្យប្រទេសមានសោភ័ណភាពស្រស់ស្អាតដូចប្រទេសដែលជឿនលឿនផ្សេងទៀត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តទីក្រុងភ្នំពេញឱ្យបានកាន់តែច្រើន។

យោងតាមអនុក្រឹត្យលេខ១១៣ស្ដីពីការគ្រប់គ្រងសំណល់រឹង ជំពូកទី៧ ដែលបានចេញនៅឆ្នាំ២០១៥បានកំណត់ថា ការមិនអនុវត្តតាមការកំណត់ ក្នុងការញែក និងការវេចខ្ចប់ដោយឡែកនូវសំរាម សំណល់រឹងទីប្រជុំជន ដែលអាចប្រើប្រាស់ឡើងវិញឬកែច្នៃបាន ត្រូវទទួលការពិន័យអន្តរការណ៍ចំនួន១ម៉ឺនរៀលសម្រាប់លំនៅឋាន ត្រូវពិន័យចំនួន១សែនរៀលសម្រាប់ទីតាំងអាជីវកម្ម ទីតាំងសិប្បកម្ម អាគារខុនដូរ ឬបុរីលំនៅឋាន និងចំនួន២សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយក្នុងរណីមិនរាងចាល ត្រូវទទួលការពិនិយអន្តរការណ៍ទ្វេដងនៃប្រាក់ពិន័យអន្តរកាណ៍លើកមុន។

អនុក្រឹត្យដដែលបន្តថា ចំពោះបុគ្គលដែលនាំយកកញ្ចប់ ឬធុងផ្ទុកសំរាម សំណល់រឹងទីប្រជុំជន ទៅដាក់នៅតាមដងផ្លូវ ឬទីសាធាណៈខុសម៉ោងអនុញ្ញាតឱ្យធ្វើការបញ្ចេញ ត្រូវពិន័យ២ម៉ឺនរៀលសម្រាប់លំនៅឋាន ពិន័យ១សែន៥ម៉ឺនរៀលសម្រាប់ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម សិប្បកម្ម ខុនដូរ និងបុរីលំនៅឋាន និងពិន័យ៤សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយក្នុងករណីមិនរាងចាល​ ត្រូវទទួលការពិន័យអន្តរកាលជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍ពីលើកមុន។

កន្លងមក សាលារាជធានីភ្នំពេញធ្លាប់បានសេចក្ដីណែនាំថា ពលរដ្ឋត្រូវវេចខ្ទប់ និងទុកដាក់សំរាមឬសំណង់រឹង ដែលអាចបង្កគ្រោះថ្នាក់ ដូចជា អំបែងកែវ អំបែងដប កញ្ចក់ ម្ជុល និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ចូលទៅក្នុងថង់ពណ៌ក្រហមឬធ្វើសញ្ជាសម្គាល់ ដើម្បីបញ្ជាក់ប្រាប់កម្មករប្រមូលសំរាមឱ្យប្រុងប្រយ័ត្ន និងមិនត្រូវដាក់ជាមួយសំណល់ផ្ទះបាយ ក្នុងថង់តែមួយទៀតទេ៕