យុវជនដែលចូលរួមវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងសទី១៨ ខែមករា ឆ្នាំ២០២២។ រូបភាព៖ សឹម សល់ម៉ា

យុវជនចំនួន៥០នាក់មកពីបណ្តាខេត្តនានា បានទទួលវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហាររូបត្ថម្ភស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ ដែលរៀបចំដោយ អង្គការ ហេឡែន ខេលល័រ និង GIZ-MUSEFO ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ហេឡែន ខេលល័រ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់វេទិកាដល់យុវជន ដើម្បីពិភាក្សាចែករំលែកការយល់ដឹង ទស្សនៈ មតិយោបល់ និងបទពិសោធន៍លើអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ និងផ្តល់ឱ្យយុវជននូវជំនាញក្នុងការតស៊ូមតិ និងទេពកោសល្យក្នុងការផ្សព្វផ្សាយសារគន្លឹះដល់យុវជនដទៃទៀត និងសាធារណៈជន ។

មូលហេតុសំខាន់ៗក្នុងការរៀបចំការវគ្គបណ្តុះបណ្តាលនេះ ដោយសារយុវជនជាអ្នកពាក់ព័ន្ធដ៏សំខាន់លើអន្តរាគមន៍អាហារូបត្ថម្ភ ហើយមានតួនាទីឈានមុខក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ យុវជន គឺជាតួអង្គដ៏សំខាន់សម្រាប់ផ្លាស់ប្តូរការងារសង្គម និងជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននិងអនាគត ដែលជួយធានា ជំរុញ និងលើកកម្ពស់អាហារូបត្ថម្ភ របបអាហារសុខភាព ដែលមានសុវត្ថិភាពនិងចីរភាពសម្រាប់ទាំងអស់គ្នា និងសំឡេងរួមរបស់យុវជន នឹងត្រូវបានស្តាប់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ការធ្វើផែនការ និងការអនុវត្តការងារ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង។

រូបភាព៖ សឹម សល់ម៉ា

លោកស្រី ប្រាក់ សោភ័ណ្ឌនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា យោងតាមរបាយការអង្គការសហប្រជាជាតិឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសកម្ពុជាមានយុវជនអាយុក្រោម៣០ឆ្នាំចំនួន៦៥ភាគរយនៃប្រជាជនសរុប ដែលនេះជាកម្លាំងស្នូល និងសក្តានុពលក្នុងការអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកស្រីបន្តថា យុវជនកំពុងចូលរួមយ៉ាងសំខាន់ក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ច និងសង្គម។

លោកស្រីថ្លែងដូច្នេះថា៖«ពួកគេជាតួអង្គសំខាន់មួយក្នុងការជួយជំរុញការផ្លាស់ប្តូរ និងជាអ្នកដឹកនាំមិនអាចខ្វះបានក្នុងការលើកកម្ពស់ការយល់ដឹងពីអាហារូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាអាហាររូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា»។

លោកស្រីបន្តថា ទោះបីយុវជនមានឱកាសចូលរូមក្នុងវិស័យក៏ដោយ ប៉ុន្តែយុវជននៅតែមានបញ្ហាប្រឈមទាក់ទងនឹងបញ្ហសុខភាព និងអាហាររូបត្ថម្ភ ព្រោះយុវជនមួយចំនួនកង្វះមីក្រូសារជាតិ មានភាពស្លេកស្លាំង ស្គមស្គាំង និងធាត់ជ្រុល ដែលបញ្ហាទាំងអស់នេះបណ្តាលមកពី កក្តាចំណេះដឹងផ្នែកអាហារូបត្ថម្ភនៅមានកម្រិត។

លោកស្រីថ្លែងថា៖«ផ្អែកលើលទ្ធផលអង្កេតប្រជាសាស្ត្រ និងសុខភាពនៅឆ្នាំ២០១៤ បានបង្ហាញថា ស្ត្រីក្នុងវ័យបន្តពូជចំនួន១៤ភាគរយ មានទម្ងន់ទាបក្រោមស្តង់ដា។ អ៊ឹចឹង!ទម្ងន់របស់គាត់មិនត្រឹមត្រូវទៅតាមកម្ពស់ និងអាយុរបស់គាត់ទេ និង៤៥ភាគរយមានភាពស្លេកស្លាំង ហើយលើសពីនេះទៅទៀតស្ត្រីក្នុងវ័យបន្តពូជ១៨ភាគរយៈគឺមានបញ្ហាលើសទម្ងន់ នោះសុទ្ធតែផលប៉ះពាល់ធ្វើឱ្យសង្គមគ្រួសារ សេដ្ឋកិច ក៏ដូចជាធ្វើឱ្យស្ត្រីរបស់យើងបាត់បង់កម្លាំងពលកម្ម និងសមត្ថភាពនៅក្នុងការបង្កើនប្រាក់ចំណូល»។

លោកស្រីសង្ឈឹមថា ក្រោយវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ យុវជនទាំង៥០នាក់នេះនឹងទទួលបានចំណេះដឹងផ្នែកអាហារូបត្ថម្ភ ហើយយកទៅចែករំលែកចំណេះដឹងនេះទៅកាន់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដូចជាការបរិភោគអាហារសំបូរសារធាតុចិញ្ចឹម និងការបំបៅកូនដោយទឹកដោះម្តាយ។

សូមបញ្ចាក់ថានៅឆ្នាំ២០១៨ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ (YNCs) ដោយគោលដៅនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការពិភាក្សាពាក់ព័ន្ធវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បង្កើនសំឡេងរបស់យុវជន បង្កើនចំណេះដឹង ជំនាញនិងការទំនាក់ទំនង ដើម្បីក្លាយជាភ្នាក់ងារនិងកម្លាំងចលករសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕

រូបភាព៖ សឹម សល់ម៉ា