
មន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានលើកឡើងថា ការដាំបន្លែតាមបច្ចេកទេសទំនើប ឬដាំក្នុងផ្ទះសំណាញ់នៅទូទាំងប្រទេស នៅមានចំនួនតិចតួចនៅឡើយ ខណៈមន្រ្តីបានជំរុញឱ្យកសិករ ងាកមកដាំដំណាំតាមបច្ចេកទេសទំនើបនេះវិញ ព្រោះអាចចំណេញច្រើន និងមានទីផ្សារខ្ពស់ ជាងការដាំបន្លែតាមបែបប្រពៃណី។
លោក សាយ តុម អនុប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤មករាថា បច្ចុប្បន្ន អ្នកដាំបន្លែតាមបចេ្ចកទេសទំនើបនៅទូទាំងប្រទេស គឺនៅមានកម្រិតនៅឡើយ គឺមានប្រហែល៦០០ទៅ៧០០ផ្ទះសំណាញ់ប៉ុណ្ណោះ ខណៈកម្ពុជាមានកសិកររាប់លាននាក់។ លោកបន្តថា ក្រសួងមិនទាន់អាចកំណត់ចំនួនអ្នកដាំបានចេញជាភាគរយនៅឡើយទេ ដោយសារចំនួនអ្នកដាំនៅមានតិចតួចណាស់។
លោកនិយាយថា៖«តិចណាស់ នៅទាបណាស់ ព្រោះកសិករយើងច្រើន អ្នកដាំនៅតិចដែរផ្ទះសំណាញ់ហ្នឹងណា៎។ ព្រោះកសិកររាប់លាននាក់ឯណោះ ហើយអ្នកដាំមិនទាន់បាន១០០០នាក់ផងហ្នឹង»។
មន្រ្តីដដែលក៏បានពន្យល់ពីការដាំបន្លែតាមបច្ចេកទេសទំនើបថា វាជាការដាំបន្លែ នៅក្នុងផ្ទះសំណាញ់ ដែលអាចឱ្យកសិករមានលទ្ធភាពដាំនិងប្រមូលផលចាប់ពី៥ទៅ៧ដងក្នុងមួយឆ្នាំ ដោយមិនចាំបាច់ត្រូវព្រួយបារម្មចំពោះការផ្លាស់ប្ដូរអាកាសធាតុដូចជាគ្រោះទឹកជំនន់ឬគ្រោះរាំងស្ងួតឡើយ។
លោកពន្យល់ថា៖« ឧទាហរណ៍ថា បើយើងដាំនៅវាល ដាំទៅវាជួបប្រទះរាំងស្ងួត ជួបប្រទះទឹកជំនន់ យើងគ្រប់គ្រងអត់បានទេ។ ដល់ទំនើបយើងគ្រប់គ្រងបាន មានន័យថាយើងធ្វើផ្ទះសំណាញ់ចឹងណា៎ ដាំទៅ ហើយយើគ្រប់គ្រងទឹកបាន យើងគ្រប់គ្រងសីតុណ្ហភាពបាន អាហ្នឹងហើយគេហៅថាទំនើបហើយ។ យើងសន្សំសំចៃទឹកបាន ហើយយើងបញ្ជាបាន បញ្ជាឱ្យវាឆាប់ចេញ បញ្ជាឱ្យឆាប់ប្រមូលផល ដាំស្មានណាបានពេលណាបាន ហើយអស់ដើមទុនតិច លក់ទៅចំណេញច្រើនហើយសុវត្ថិភាព»។
ចំពោះផ្ទៃដីសរុបនៃផ្ទះសំណាញ់នៅទូទាំងប្រទេស លោកថាមិនទាន់អាចកំណត់បានថាមានប៉ុន្មានហិកតានៅឡើយ ដោយសារផ្ទះសំណាញ់នីមួយៗមានទំហំតូច ដូច្នេះពិបាកក្នុងការបូកសរុបចេញជាហិកតា៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022