រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​មើល​ពី​លើ​អាកាស មើល​ពី​ស្រុក​ប៉ាកជុម ខេត្តឡូអ៊ី ប្រទេស​ថៃ ដែល​កំពុង​រីងស្ងួត​ហួតហែង​គួរ​ឲ្យព្រួយបារម្ភ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។

គណៈកម្មការទន្លេមេគង្គដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជានិងវៀតណាម បានជំរុញជាថ្មីឲ្យប្រទេសនៅតាមដងទន្លេមេគង្គ «ចាត់វិធានការរឹងមាំ» ខណៈលំហូរទឹកទន្លេទាបក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើជីវភាពរបស់ប្រជានេសាទ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីលំហូរទឹកទន្លេមេគង្គទាប និងលក្ខខណ្ឌភាពរាំងស្ងួតពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ថា៖ «ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ លំហូរទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិតមួយ មិនដែលឃើញពីមុនមក ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ»។

គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក អាន ពេជ្រហត្ថដា (An Pich Hatda) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ថ្លែងថាការសហការគ្នាដែលសកម្ម «មានសារៈសំខាន់ មិនមែនតែពីប្រទេសចិនដែលនៅផ្នែកខាងលើបង្អស់នៃទន្លេមេគង្គទេ តែពីប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហានេះរួមគ្នា»។

លោកបន្ថែមថាកម្រិតទឹកទាបនេះប៉ះពាល់ខ្លាំងដល់ជលផល និងកសិកម្ម ដែលវាជាសម្ពាធមួយទៅលើប្រជាជនដែលរស់នៅផ្នែកខាងក្រោម និងប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេដែលត្រូវការយកចិត្តទុកដាក់។

លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលStimson (Stimson Center) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រថារបាយការណ៍របស់គណៈកម្មការទន្លេមេគង្គបានបរិយាយត្រឹមត្រូវនូវអ្វីដែលកំពុងកើតឡើងក្នុងអាងទន្លេមេគង្គ។ លោកបន្ថែមថាការស្ថាបនាទំនប់វារីអគ្គិសនីមិនមែនជាកត្តាចម្បងតែឯងនៃភាពរាំងស្ងួតពេញអាងទន្លេមេគង្គទេ។ លោកបញ្ជាក់ថានេះបណ្តាលមកពីកង្វះទឹកភ្លៀងផងដែរ។

លោកថ្លែងថា៖ «យើងរកឃើញថាបើមិនមានបញ្ហាលក្ខខណ្ឌភ្លៀងធ្លាក់ប៉ុន្តែទំនប់វារីអគ្គិសនីនៅប្រតិបត្តិការពេញមួយឆ្នាំដដែល។ នេះមានន័យថាប្រតិបត្តិការទាំងនោះធ្វើឲ្យប៉ះពាល់ទន្លេមេគង្គកាន់តែច្រើនក្នុងឆ្នាំដែលមានភាពរាំងស្ងួតលំហូរទឹកទាប»។

យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកាំងឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសាឆ្នាំ២០២០ប្រទេសចិនបានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើនកាលពីឆ្នាំ២០១៩ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធការចោទប្រកាន់នេះដោយលើកឡើងពីភាពរាំងស្ងួតដោយសារអាកាសធាតុ។

លោក គង់ គីម ជាប្រជានេសាទម្នាក់ ក្នុងភូមិតំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្លែងថាកម្រិតទឹកក្នុងឆ្នាំ២០២០ និង២០២១ ប្រហាក់ប្រហែលគ្នា គឺទឹកទាប ដែលវាប៉ះពាល់ដល់ត្រី និងធ្វើឲ្យដីមិនសូវមានជីវជាតិ ដោយសារទឹកមិនលិចតំបន់ដែលប្រជាពលរដ្ឋធ្លាប់ធ្វើចម្ការ។

លោកប្រាប់វីអូអេថា៖ «ទឹកតូច វាអត់មានដីល្បាប់អី ហូរទៅតាមកន្លែងដីចម្ការដែលទឹកលិច…ដល់ទឹកតូច វាអត់មានលិចកោះដែលធ្វើបន្លែ ធ្វើអី វាអត់សូវមានបានផល»។

ជាធម្មតាទឹកនៅទន្លេមេគង្គ និងទឹកស្ទឹងនានា ហូរចូលបឹងទន្លេសាបនៅរដូវវស្សានាំឲ្យបឹងនេះមានផ្ទៃធំបង្កើតជាតំបន់ព្រៃលិចទឹកដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនពង និងបន្តពូជ។ ទឹកហូរចូលបឹងនេះធ្វើឲ្យបឹងរីកធំ៦ដងគឺមានទំហំ១ម៉ឺនគីឡូម៉ែត្រក្រឡាមុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ។

អ្នកស្រី កែវ សុវណ្ណារ៉េត មេឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាតំបន់បឹងទន្លេសាប ថ្លែងថាទឹកពីរបីឆ្នាំនេះ ប្រហាក់ប្រហែលគ្នា គឺមិនឡើងធំឡើយ ដែលវាប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋ។

អ្នកស្រីប្រាប់វីអូអេថា៖ «ទឹកអត់ដល់ព្រៃ លិចទឹក ម៉េចមានត្រីពង។ ប៉ះពាល់ដែលហ្នឹង ទឹកតូច អត់មានត្រី មានអី គ្នាចង់វេទនាអ្នកទន្លេ។ រកអីអត់បាន អត់លុយអត់កាក់ដែរហ្នឹង»។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០២០ គណៈកម្មការទន្លេមេគង្គ (MRC) បានលើកឡើងថាទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។គណៈកម្មការបញ្ជាក់ថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំងដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧មក»៕