
ក្រសួងបរិស្ថានអះអាងថា ខ្លួនបានរកឃើញសត្វកម្រជិតផុតពូជ ចំនួន ១០ប្រភេទ នៅតំបន់ការពារប៉ែកពាយព្យប្រទេស ដែលត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានបានបង្ហាញទិន្នន័យវត្តមានសត្វកម្រទាំងនោះ រួមនឹងភ្ជាប់រូបភាពថតបាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ថ្លែងតាមរយៈសេចក្ដីប្រកាសព័ត៌មាននេះថា ប្រភេទសត្វកម្រជិតផុតពូជ ចំនួន ១០ប្រភេទនេះ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន។
យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានរយៈពេល ២ខែកន្លះខែ ពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
លោក នេត្រ ភក្ត្រា បន្តថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុងគាំទ្រដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ លោកបានថ្លែងថា ក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំងដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣គ្រឿង ខេត្តបាត់ដំបងចំនួន ១៦គ្រឿង និងខេត្តកោះកុងចំនួន ១០គ្រឿង។
គោលបំណងនៃការសិក្សានេះដើម្បីបង្កើនចំណេះដឹងពីវិធីសាស្ត្រសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង និងវាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។
ក្រសួងបរិស្ថានបន្តថា នេះជាលើកទី២ហើយក្នុងក្របខណ្ឌនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវីដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានេះ ធ្វើឡើងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
គម្រោងនេះចែកជា ៥ សមាសភាគ។ ទី១ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ទី២ ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ទី៣ ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ទី៤ ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និងទី៥ ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។
មន្ត្រីក្រសួងដដែលអះអាងបន្តថា ការជ្រើសរើសដែនជម្រកសត្វព្រៃស្ថិតក្នុងភូមិសាស្ត្រពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដើម្បីដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ ដោយសារតែតំបន់ការពារធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្ត្រក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តទាំង ៣ នេះ មានអូរបឹងបួរ ស្ទឹងជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។ ជាមួយនឹង ដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ។ ក្រសួងអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕
- សកម្មជនព្រៃឈើស្នើយ៉ាងទទូចទប់ស្កាត់បទល្មើសព្រៃឈើ ខណៈព្រៃនៅតំបន់ការពាររងការកាប់បំផ្លាញ - នៅថ្ងៃទី 29/01/2022
- រដ្ឋបាលខេត្តកណ្ដាលទទួលស្គាល់ថា ការប្រមូលសំរាមនៅក្រុងតាខ្មៅមិនទាន់បានល្អប្រសើរ - នៅថ្ងៃទី 28/01/2022
- ក្រសួងកសិកម្មបង្កើនការត្រួតពិនិត្យសារធាតុញៀនបន្ទាប់ពីសម្ដេច ស ខេង ស្ដីបន្ទោសខ្លាំងៗ - នៅថ្ងៃទី 27/01/2022