រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ីលោក Saifuddin Abdullah នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។ នេះ បើតាមសារព័ត៌មានបរទេសដែលបានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។

ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក៏រងការរិះគន់ពីក្រុមប្រឆាំងក្នុងប្រទេសមីយ៉ាន់ម៉ាថា ទទួលស្គាល់មេដឹកនាំយោធាមួយនេះ ដោយសារលោក ហ៊ុន សែន ជាថ្នាក់ដឹកនាំមុនគេបង្អស់ ដែលទៅបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ហើយការធ្វើដំណើរទៅនេះ ក្នុងពេលកម្ពុជាចាប់ផ្តើមធ្វើជាប្រធានសមាគមអាស៊ានប្តូរវេន។

បើតាមសារព័ត៌មាន Al Jazeera លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និយាយថា រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន មិនយល់ស្របនឹងដំណើរទស្សនកិច្ចនេះឡើយ ដោយបារម្ភថា វាអាចត្រូវបានមើលឃើញថា ជាការទទួលស្គាល់ថ្នាក់តំបន់នៃការដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកត្រូវបានដកស្រង់សម្តីថា៖ «មានមនុស្សដែលគិតថា លោក [ហ៊ុន សែន] មិនគួរទៅបំពេញទស្សនកិច្ច ពីព្រោះទស្សនកិច្ចរបស់គាត់ត្រូវបានយល់ឃើញផ្សេង ឬមានការបកស្រាយថា ជាការទទួលស្គាល់យោធាក្នុងប្រទេសមីយ៉ាន់ម៉ា»។

លោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីបន្ថែមថា ដំណើរទស្សនកិច្ចក្នុងនាមមេដឹកនាំរដ្ឋមួយ មិនមែនជាបញ្ហាឡើយ ប៉ុន្តែដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានរួចហើយ ដែលលោកថា គួរតែមានការពិភាក្សាជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ដើម្បីស្វែងរកការយល់ឃើញ។

នៅពេលសួរថា តើដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន សម្រេចបានអ្វី? លោករដ្ឋមន្រ្តីឆ្លើយថា«ទេ»។ នេះ បើតាមសារព័ត៌មាន Al Jazeera។

លោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីបញ្ជាក់ថា វាមិនទាន់ច្បាស់នៅឡើយទេថា តើកម្ពុជាជាប្រធានអាស៊ាន នឹងបន្តមិនឲ្យអ្នកតំណាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំអាស៊ាន ឬយ៉ាងណានៅពេលខាងមុខ។

ឆ្លើយតបនឹងការចុះផ្សាយអំពីសម្តីរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន «បានពន្យល់បកស្រាយពិស្តារច្បាស់លាស់រួចរាល់ហើយ អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច»ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកបញ្ជាក់ថា៖ «ការបញ្ចេញទស្សនៈយល់ឃើញខុសគ្នាអំពីបញ្ហានេះ គ្រាន់ជាសិទ្ធិបុគ្គលរៀងៗខ្លួនប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្លែងថា កម្ពុជា ជាប្រទេសអធិបតេយ្យ និងឯករាជ្យ ដែលអាចធ្វើការងារទ្វេភាគីបាន។ លោកថា កម្ពុជា មិនតម្រូវឲ្យស្ថិតនៅក្នុងកាតព្វកិច្ចសុំការអនុញ្ញាតពីអ្នកណាទេ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងកាតព្វកិច្ចរបស់ប្រធានអាស៊ាន ហើយធ្វើតាមគោលការណ៍យល់ព្រមទាំង៥ របស់មេដឹកនាំអាស៊ាន។

លោកប្រាប់វីអូអេថា៖ «ដូច្នេះមិនមានអ្វីដែលខុសនឹងបំណងរបស់អាស៊ានទេ។ បំណងរបស់អាស៊ាន គឺចង់ឲ្យភាគីដែលជាសមាជិករបស់អាស៊ានអនុវត្តនូវអ្វីដែលអាស៊ាន Consensus [គោលការណ៍កុងសង់ស៊ីសដែលសម្រេចជាឯកច្ឆន្ទ]»។

កាលពីកន្លងទៅ លោក ហ៊ុន សែន បានពន្យល់ថា ដំណើរទស្សនកិច្ចការងាររបស់លោកទៅប្រទេសមីយ៉ាន់ម៉ា គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន និងចំណុចដែលបានឯកភាពគ្នាចំនួន៥ នោះទេ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់ការបាញ់គ្នា ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ានបានឯកភាព។

ក្រោយមានភាពចម្រូងចម្រាសនេះ កិច្ចប្រជុំចង្អៀតមួយរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅក្នុងខេត្តសៀមរាប នាសប្តាហ៍ក្រោយ ត្រូវបានលើកពេល ដែលនេះត្រូវបានមើលឃើញថា ដោយសារមានការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកអាស៊ាន ដែលមិនចង់ឃើញវត្តមានរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាក្នុងរបបយោធា។

កាលពីពេលកន្លងទៅ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានឲ្យដឹងនៅលើទំព័រ Twitter របស់លោកថា ប្រសិនបើមិនមានវិវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើ៥ចំណុចដែលបានឯកភាពគ្នាទេ តំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោកបានជែកតាមទូរស័ព្ទជាមួយលោក វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី «ដោយត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា»។

លោកបញ្ជាក់ថា៖ «យើងទាំងពីរសោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប ត្រូវបានលើកទៅពេលក្រោយ»។

លោកបន្ថែមថា៖ «ខ្ញុំរីករាយណាស់ដែលឯកឧត្តមបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុច ឲ្យបានពេញលេញ និងទាន់ពេលវេលា។ យើងបន្តសង្ឃឹមថា នឹងអាចចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកជីវភាពធម្មតាវិញ»៕