រូបភាពទូរទស្សន៍នៅថ្ងៃសុក្រនេះ បានបង្ហាញហ្វូងមនុស្សកកកុញនៅតាមច្រាំងទន្លេគង្គា ដើម្បីធ្វើពិធីបុណ្យសាសនា។ រូបភាព៖ BBC

អ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នានៅទីក្រុងប្រាយ៉ារ៉ាច(Prayagra) ភាគខាងជើងនៃប្រទេស ដើម្បីធ្វើពិធីបុណ្យសាសនាដ៏ធំមួយ ថ្វីត្បិតការឆ្លងជំងឺកូវីដ១៩ កំពុងងើបឡើងវិញនៅឥណ្ឌាក្ដី។

អ្នក​កាន់​សាសនា​ទាំងនោះជឿ​ថា ការចុះ​ងូត​ទឹកក្នុង​ទន្លេ​គង្គា ​ក្នុង​ឱកាស​បុណ្យ​មាឃ​សង្ក្រាន្ត ​នឹង​ជម្រះ​បាប​កម្ម​របស់​ពួកគេ។ ប៉ុន្តែការជួបជុំគ្នា ធ្វើពិធីសាសនាស្រដៀងគ្នានេះ គឺធ្លាបបានធ្វើឱ្យឥណ្ឌាប្រឈមការឆ្លងជំងឺកូវីដដ៏ខ្លាំងបំផុតក្នុងរលកទីពីរកាលពីឆ្នាំមុន ដែលឱ្យមន្ទីរពេទ្យខ្វះអុកស៊ីសែននិងគ្រែសម្រាប់ទទួលអ្នកជំងឺ។

បើទោះបីទើបមានការឆ្លងរាប់លាននាក់ និងស្លាប់រង្គាលរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយសារជំងឺកូវីដកាលពីឆ្នាំមុនក្ដី ប៉ុន្តែអាជ្ញាធរឥណ្ឌាក្នុងរដ្ឋ Uttar Pradesh ជារដ្ឋរបស់ទីក្រុងប្រាយ៉ារ៉ាច មិនបានលុបចោលពិធីបុណ្យសាសនានៅក្នុងឆ្នាំនេះទេ។ រូបភាពទូរទស្សន៍នៅថ្ងៃសុក្រនេះ បានបង្ហាញហ្វូងមនុស្សកកកុញនៅតាមច្រាំងទន្លេ ហើយមានមនុស្សតិចតួចប៉ុណ្ណោះ បានរក្សាគន្លាតសុវត្ថិភាពពីគ្នា បណ្ដាញសារព័ត៌មានក្នុងតំបន់របស់ឥណ្ឌាបានផ្សាយថា មានប្រហែលជាង៧០% គឺមិនបានពាក់ម៉ាស់ការពារឡើយ។

តង់សម្រាប់ទទួលអ្នកមកចូលរួមពិធីបុណ្យ ត្រូវបានគេរៀបចំឡើងនៅលើច្រាំងទន្លេគង្គាតាំងពីប៉ុន្មានថ្ងៃមុន ហើយអាជ្ញាធរបាននិយាយថា ប៉ូលីសជាង៥ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីរៀបចំសណ្ដាប់ធ្នាប់ឱ្យហ្វូងមនុស្ស។

អភិបាលរដ្ឋ Uttar Pradesh បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសចំនួន៣៨នាក់​ បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ អំឡុងពេលកំពុងបំពេញភារកិច្ចរៀបចំសណ្ដាប់ និងបង្ករឱ្យមានក្ដីព្រួយបារម្ភថា ពិធីបុណ្យសាសនានេះ នឹងប្រែក្លាយជាតំបន់ក្ដៅនៃការផ្ទុះឆ្លងរាលត្បាតខ្លាំង នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីខែមេសាឆ្នាំ២០២១ ប្រជាជនឥណ្ឌារាប់លាននាក់នៃអ្នកកាន់សាសនាហិណ្ឌូ គឺបានធ្វើធម្មយាត្រាពីគ្រប់ទិសទីស្ទើរទូទាំងប្រទេស ដើម្បីប្រមូលផ្ដុំធ្វើពិធីសាសនានៅក្នុងរដ្ឋ Uttarakhand ជារដ្ឋជិតខាងនឹងគ្នាជាមួយរដ្ឋ Uttar Pradesh ដើម្បីចុះងូតទឹកក្នុងទន្លេគង្គាជម្រះបាបស្រដៀងគ្នានេះ ហើយក្រោយពីអ្នកទាំងនោះត្រឡប់ពីពិធីបុណ្យទៅផ្ទះវិញ ក៏បានធ្វើតេស្ដវិជ្ជមានកូវីដ១៩។ ប៉ុន្តែនៅក្នុងឆ្នាំនេះ រដ្ឋ Uttarakhand គឺបានចេញបម្រាមនិងលុបចោលពិធីបុណ្យនេះ។

ការធ្វើពិធីបុណ្យសាសនា នៅក្នុងរដ្ឋ Uttar Pradesh ក្នុងនេះ គឺចំពេលឥណ្ឌាកំពុងប្រឈមនឹងការផ្ទុះឆ្លងកូវីដក្នុងរលកទី៣ ដែលបង្កឡើងពីវីរុសអូមីក្រុង ហើយអ្នកជំនាញកំពុងបារម្ភថា វានឹងក្លាយជាផលលំបាកជាថ្មីលើសុខភាពសាធារណៈ។ កាលពីថ្ងៃព្រហស្បតិ៍ ឥណ្ឌារាយការណ៍មានអ្នកឆ្លងថ្មីជាង២សែន៤ម៉ឺននាក់ គឺជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើគិតចាប់តាំងពីចុងខែឧសភាឆ្នាំ២០២១មក៕