លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំសម្រេច​ និងបោះពុម្ពលទ្ធផល​ប្រឡង​សញ្ញាបត្រ​​ទុតិយភូមិកាលពីថ្ងៃទី១៤មករាឆ្នាំ២០២២។ រូបភាពហ្វេសប៊ុក៖ MoEYS Cambodia

បាក់ឌុបឆ្នាំ២០២១ មានសិស្សប្រឡងជាប់និទ្ទេសA ចំនួន១៧៥៣នាក់ និងជាចំនួនច្រើនបំផុត បើគិតចាប់តាំងពីក្រោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយរឹតបន្តឹងការប្រឡងបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក។

នៅរសៀលថ្ងៃទី១៤ មករានេះ ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិសម័យប្រឡង២៧ធ្នូ បានឱ្យដឹងថា ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន៧២០១៦នាក់ ស្មើនឹង៦៥,៦៥ភាគរយ ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេសA មានចំនួន១៧៥៣នាក់ ខណៈឆ្នាំ២០១៩ មានសិស្សជាប់និទ្ទេសAត្រឹម៤៤៣នាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំ២០២០ សិស្សបាក់ឌុបទាំងអស់ ត្រូវបានក្រសួងសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនបាច់ប្រឡងដោយសារវិបត្តិជំងឺកូវីដ។

កាលពីឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងដែលក្រសួងអប់រំបានរឹតបន្តឹងការប្រឡងបាក់ឌុប គឺមានបេក្ខជនប្រឡងជាប់និទ្ទេសA ត្រឹម១១នាក់ ឆ្នាំ២០១៥ មាន១០៨នាក់ ឆ្នាំ២០១៦ មាន៤០៥នាក់ ឆ្នាំ២០១៧ មាន៤២៤នាក់ ឆ្នាំ២០១៨ មាន៤២៤នាក់ និងឆ្នាំ២០១៩ ជាប់៤៤៣នាក់ ។

គួរបញ្ជាក់ថា ឆ្នាំ២០២១នេះ ជាឆ្នាំដែលសិស្សជាប់និទ្ទេសA ច្រើនបំផុតក្នុងរយៈពេល៧ ឆ្នាំ បន្ទាប់ពីក្រសួងបានរឹតបណ្តឹង ហើយក៏ជាឆ្នាំដែលសិស្សមិនសូវបានរៀនពេលលេញដោយសារការបិទសាលាអូសបន្លាយរយៈពេល និងត្រូវរៀនតាមប្រព័ន្ធអនឡាញយ៉ាងណាក្ដី។

តាមសេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ដែរថា សម្រាប់សិស្សនិទ្ទេសA ឆ្នាំ២០២១នេះ មកពីភ្នំពេញចំនួន៥៦៥នាក់ សៀមរាប១៥៣នាក់ កណ្តាល១២៧នាក់ បាត់ដំបង១២៣នាក់ កំពង់ចាម១១៨នាក់ បន្ទាយមានជ័យ៩៩នាក់ តាកែវ ៩៩នាក់ ព្រៃវែង៨៧នាក់ កំពត៧៥នាក់ ត្បូងឃ្មុំ៥៤នាក់ កំពង់ឆ្នាំង២២នាក់ ព្រះសីហនុ២០នាក់ ក្រចេះ៤៥នាក់ កំពង់ធំ៤១នាក់ កំពង់ស្អឺ៣៣នាក់ ពោធិ៍សាត់២៨នាក់ ស្វាយរៀង២៦នាក់  រតនគិរី៩នាក់ ស្ទឹងត្រែង៦ ប៉ៃលិន៦ ឧត្តរមានជ័យ៥នាក់ កោះកុង៤នាក់ ព្រះវិហារ៤នាក់ កែប៣នាក់ និងមណ្ឌលគិរី១នាក់៕