រូបភាព៖Sakhon Veng

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានគាំទ្រផែនការវិនិយោគវិស័យវារីវប្បកម្មលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ ហិកតា របស់ក្រុមហ៊ុនចិនមួយឈ្មោះ ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី នៅជិតកោះដែកគោល និងកោះថាស ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្មបានបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី១១ មករាថា លោកគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុនចិននេះ ព្រោះវានឹងជួយអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

សារព័ត៌មានខ្មែរបានទាក់ទង លោក វេង សាខុន តាមប្រព័ន្ធតេឡេក្រាម ដើម្បីបញ្ជាក់បន្ថែម ថាតើគម្រោងនេះនឹងអនុវត្តនៅពេលណា វិនិយោគក្នុងទឹកប្រាក់ប៉ុន្មាន និងមានការវាយតម្លៃផលប៉ះពាល់យ៉ាងខ្លះជាដើម ប៉ុន្តែលោកបានឆ្លើយតបថា សំណួរទាំងអស់នេះនឹងទទួលបានចម្លើយ នៅពេលដែលក្រុមហ៊ុនទទួលបានការយល់ព្រមជាផ្លូវការ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាពេលខាងមុខ ។

អំឡុងពេលជួបជារដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីថ្ងៃទី១១មករា តំណាងក្រុមហ៊ុន ជីន យូ តាំង បានអរគុណដល់ក្រសួងកសិកម្មដែលផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ។ តំណាងក្រុមហ៊ុនបន្តថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

លោក ថាយ សុមុនី ប្រធាននាយដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃក្រសួងកសិម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៤មករាថា គម្រោងវិនិយោគវិស័យវារីវប្បកម្មលើផ្ទៃទឹកសមុទ្រនេះ មិនទាន់ដឹងថា អនុវត្តនៅពេលណានោះទេ ព្រោះរង់ចាំឯកភាពពីរាជរដ្ឋាភិបាល ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមុនសិន។

លោកថ្លែងដូច្នេះថា៖«ឥឡូវគាត់(ក្រុមហ៊ុន ជីន យូ តាំង) បានកំពុងបញ្ចប់ផលប៉ះពាល់បរិស្ថាន និងសង្គម គាត់ចុះរបាយការណ៍ហ្នឹង ដើម្បីក្រសួងបរិស្ថានអនុម័តឯកភាពលើហ្នឹង ប៉ុន្តែគាត់ត្រូវឆ្លង CDC បើមិនអ៊ីចឹងទេ គាត់ត្រូវឆ្លងគណៈរដ្ឋមន្ត្រី ទើបគាត់បានសិទ្ធិចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម។ ព្រោះច្បាប់ជលផលតម្រូវឱ្យក្រុមហ៊ុនបរទេសដែលសុំធ្វើដែននេសាទសមុទ្រ ដែលផ្នែកមួយរបស់រដ្ឋ អ៊ីចឹង គាត់ត្រូវតែសុំឯកភាពពីរដ្ឋាភិបាល»។

លោកបន្តថា នៅពេលដែលក្រុមហ៊ុននេះស្នើពីរដ្ឋាភិបាលបានសម្រេចក្នុងការធ្វើវារីវប្បកម្មនៅក្នុងដែនសមុទ្រ គឺគាត់នឹងចិញ្ចឹមត្រីតុកកែ ត្រីស្ពង់ និងត្រីចាបក្នុងបែសមុទ្រ ហើយក្នុងជំហានដំបូងត្រីទាំងអស់នេះនឹងផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់មកនឹងពង្រីកផលិតកម្មបានចំនួនច្រើន ដើម្បីអាចនាំចេញទៅក្រៅប្រទេស។

លោកថ្លែងថា៖«ចាប់ផ្តើមភ្លាមគាត់អត់អាចពង្រីកផលិតកម្មបានច្រើនភ្លាមនោះទេ វាត្រូវពិសោធន៍មើលខ្លះសិនជាជំហាន។ ដំបូងគាត់ត្រូវរៀបចំជំហានក្នុងការវិនិយោគ ក្នុងការចិញ្ចឹម ផុតពី៥ឆ្នាំទៅគាត់អាចពង្រីកផលិតកម្មបានច្រើន។ អ៊ីចឹង! គាត់អាចមើលទីផ្សារ អាចមើលកុងត្រា ដើររកទីផ្សារជាមួយគេបានទៅ គាត់ពង្រីកផលិតកម្មគាត់តាមហ្នឹងទៀតទៅ»។

ប្រធាននាយដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរូបនេះលើកឡើងថា នៅជុំវិញកម្ពុជា ដូចជាវៀតណាម ថៃ ឥណ្ឌូនេស៊ី និងភូមា សុទ្ធតែប្រើប្រាស់ដែនសមុទ្រចិញ្ចឹមត្រីបន្ថែមទៀត ព្រោះមិនមែននៅតែកម្ពុជាតែមួយនោះទេ ដែលផលត្រីធម្មជាតិមានការធ្លាក់ចុះ នៅក្នុងពិភពលោកក៏ដូចគ្នាដែរ ដូច្នេះត្រូវប្រើដែនសមុទ្រចិញ្ចឹមត្រីបន្ថែម។

លោកឱ្យដឹងដែរថា ក្រុមហ៊ុន ជីន យូ តាំង ជាក្រុមហ៊ុនទី២ ដែលបានស្នើរដ្ឋាភិបាលក្នុងការចិញ្ចឹមត្រីក្នុងដែនសមុទ្រ បន្ទាប់ពីក្រុមហ៊ុន វីតាម៉ា(Vitamar) របស់ ប្រទេសន័រវេស(Norway) ដែលជាក្រុមហ៊ុនទី១ បានស្នើសុំរដ្ឋាភិបាលក្នុងការចិញ្ចឹមត្រីក្នុងដែនសមុទ្រក្នុងខេត្តកោះកុង ប៉ុន្តែការស្នើសុំរបស់ក្រុមហ៊ុននេះកំពុងស្ថិតនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោកបញ្ជាក់ថា កន្លងមកក្រុមហ៊ុនធំៗចិញ្ចឹមត្រីក្នុងដែនសមុទ្រដែលគិតគូពីបរិស្ថាន តែងតែមានកន្លែងចិញ្ចឹមត្រី២ ទៅ៣កន្លែង ដោយរយៈពេល៣ឆ្នាំ ផ្លាស់ប្តូរទីតាំងចិញ្ចឹមត្រីម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងកុំឱ្យត្រីឈឺ ដូច្នេះក្រុមហ៊ុនដែលបានដាក់ស្នើមកក៏តម្រូវឱ្យធ្វើដូចគ្នា ហើយក្រសួងនឹងធ្វើការតាមដានជាប់ជានិច្ចផង៕

កោះថាសដែលនៅជិតកោះដែកគោល។ រូបភាព៖ហ្វេសប៊ុក Koh Rong