រូបឯកសារ៖ អ្នក​ស្រី Noeleen Heyzer ជា​បេសកជន​ពិសេស​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គាំទ្រកិច្ចប្រឹងប្រែងរបស់អន្តរជាតិដើម្បីឲ្យមានការចូលរួមរបស់ភាគីទាំងអស់នៅក្នុងវិបត្តិនៅប្រទេសមីយ៉ានម៉ាដែលគ្រប់គ្រងដោយពួកយោធា ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងតំបន់ បានធ្វើដំណើរទៅកាន់ប្រទេសនោះដើម្បីជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកស្រី Noeleen Heyzer បេសកជនពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការសន្ទនាតាមអនឡាញជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានថ្មីរបស់សមាគមអាស៊ាន ហើយបានស្វះស្វែងរកកិច្ចប្រឹងប្រែងសហការណ៍នៅក្នុងការផ្តល់ជំនួយមនុស្សធម៌ និងស្វះស្វែងធ្វើឲ្យជឿនលឿននៅក្នុងផែនការសន្តិភាព៥ចំណុចដែលជាប់គាំង។ នេះ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្សតិ៍នេះ។

លោក ហ៊ុន សែន បានទៅជួបលោក Min Aung Hlaing កាលពីសប្តាហ៍មុន។ ក្រុមអង្គការសិទ្ធិមនុស្ស បាននិយាយថា ទស្សនកិច្ចនេះ ហាក់ដូចជាធ្វើឲ្យមានភាពស្របច្បាប់ដល់រដ្ឋប្រហារកាលពីឆ្នាំទៅរបស់ពួកយោធា ហើយនឹងការបង្ក្រាបលើសកម្មជនប្រជាធិបតេយ្យនិងអ្នកគាំទ្ររាប់ពាន់នាក់របស់រដ្ឋាភិបាលអ្នកស្រី Aung San Suu Kyi ដែលត្រូវបណ្តេញចេញពីអំណាច។

មីយ៉ាន់ម៉ា ស្ថិតនៅក្នុងភាពចលាចលជិតមួយឆ្នាំហើយ ដោយពួកយោធា បានបង្ក្រាបការតវ៉ាប្រឆាំង និងបានធ្វើការវាយប្រហារលើកងទ័ពជនជាតិភាគតិច និងកងជីវពលដែលទើបបង្កើតថ្មីដែលពួកយោធាហៅថា «ភេរវជន»។ អង្គការសហប្រជាជាតិលើកឡើងថា ជនស៊ីវិលយ៉ាងតិចណាស់ក៏១ពាន់ ៤រយនាក់ ត្រូវបានសម្លាប់ បើតាមការឲ្យដឹងពីក្រុមសកម្មជន។

«បេសកជនពិសេស បានគាំទ្រវិធានការស្ថាបនាទំនុកចិត្តដែលទាក់ទិននឹងភាគីទាំងអស់ ដោយរួមបញ្ចូលទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផង»។ នេះ បើតាមសេចក្តីថ្លែងការណ៍ដែលនិយាយអំពីការពិភាក្សារបស់អ្នកស្រី Heyzer ជាមួយលោក ហ៊ុន សែន។

ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមានការមិនស្រុះស្រួលគ្នានៅក្នុងសមាគមអាស៊ានអំពីថា តើត្រូវដោះស្រាយជាមួយមីយ៉ាន់ម៉ាយ៉ាងដូចម្តេច ក្រោយពេលដែលឧត្តមសេនីយ៍កំពូលមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានដែលជារឿងមិនដែលបានកើតមានឡើង កាលពីឆ្នាំទៅដោយសារការខកខានមិនបានគោរពការតាំងចិត្តដើម្បីសន្តិភាព។

បេសកជនរបស់ប្រធានអាស៊ានមុន គឺប្រទេសព្រុយណេ បានដាក់លក្ខខ័ណ្ឌមួយមុនដំណើរទស្សនកិច្ចថា ត្រូវតែមានការជួបប្រជុំជាមួយភាគីទាំងអស់ដែលពួកយោធាបានច្រានចោល។ លោក ប្រាក់ សុខុន ដែលជាបេសកជនអាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា នៅពេលដែលកម្ពុជាកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ បាននិយាយថា វិធីដោះស្រាយបែបនោះ មិនមានផ្លែផ្កាទេ។

អ្នកស្រី Heyzer បានជំរុញឲ្យលោក ប្រាក់ សុខុន ធ្វើការជាមួយអ្នកស្រី និងសហគមន៍អន្តរជាតិ«ស្តីពីយុទ្ធសាស្ត្រដែលមានការសម្របសម្រួលគ្នា ឆ្ពោះទៅកាន់ការបង្កើតបរិយាកាសមួយសម្រាប់ការសន្ទនាដែលរួមមានភាគីពាក់ព័ន្ធទាំងអស់‍»។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា «អ្នកស្រីបេសកជនពិសេស បានសង្កត់លើដំណោះស្រាយដែលត្រូវកើតចេញពីការទាក់ទិនដោយផ្ទាល់ ហើយនឹងការស្តាប់ប្រកបដោយការយកចិត្តទុកដាក់ពីភាគីទាំងអស់ដែលបានរងផលប៉ះពាល់»៕