សកម្មភាពចាក់វ៉ាក់សាំងដូសទី២។ រូបភាព៖រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៤ ដល់មន្ត្រីរាជការ និងពលរដ្ឋ ក្នុងភូមសាស្ត្ររាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី១៤មករាស្អែកនេះ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នេះ គឺបានរៀបចំនៅទីតាំងចំនួន៥២ កន្លែងនៅតាមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។

នៅខណ្ឌ៧មករា គឺស្ថិតនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរសម្រាកព្យាបាលអូឡាំព្យាមេឌីខល។ ខណ្ឌដូនពេញ ស្ថិតនៅមន្ទីរពេទ្យបង្អែកចតុមុខ ចំណែកខណ្ឌទួលគោក ស្ថិតនៅ មណ្ឌលសុខភាពទួលគោក វត្តនាគវ័នមុខសាលាពុទ្ធិក និងវគ្គនាគវ័នក្រោយសាលាឆាន់។

នៅខណ្ឌបឹងកេងកង គឺស្ថិតនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ខណ្ឌចំការមនស្ថិតនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ និងកោះពេជ្រ។ ចំណែកខណ្ឌជ្រោយចង្វារ ស្ថិតនៅមណ្ឌលសុខភាពកោះដាច់ មណ្ឌលសុខភាពជ្រោយចង្វារ និងផ្សារOCIC។

នៅខណ្ឌច្បារអំពៅ គឺស្ថិតនៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មណ្ឌលសុខភាពនិរោធ មណ្ឌលសុខភាពព្រែកឯង មណ្ឌលសុខភាពក្បាលកោះ និងមណ្ឌលសុខភាពព្រែកថ្មី។ រីឯខណ្ឌដង្កោ ស្ថិតនៅមន្ទីរពេទ្យបង្អែកដង្កោ មណ្ឌលសុខភាពជើងឯក មណ្ឌលសុខភាពសាក់សំពៅ មណ្ឌលសុខភាពព្រែកកំពឹស មណ្ឌលសុខភាពរលួស មណ្ឌលសុខភាពពងទឹក មណ្ឌលសុខភាពព្រៃស និងមណ្ឌលសុខភាពព្រៃវែង។

ចំណែកនៅខណ្ឌកំបូល គឺស្ថិតនៅ មណ្ឌលសុខភាពស្នោរ មណ្ឌលសុខភាពឪឡោក មណ្ឌលសុខភាពប្រទះឡាង មណ្ឌលសុខភាពបឹងធំ និងមណ្ឌលសុខភាពកំបូល។
ចំពោះឯកសារតម្រូវចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយ មានដូចជា បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ បណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ អត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់នៅក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលវ៉ាក់សាំងដូសទី៤ ពោលគឺធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី៣។

គួរបញ្ជាក់ថា ការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤នេះ ក្រោយសម្តេច ហ៊ុន សែន បានបញ្ជាឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងចាប់ផ្តើមរាតត្បាតក្នុងសហគមន៍។

នៅថ្ងៃទី១៣ មករានេះ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងថ្មីចំនួន៣៤ករណី ក្នុងនោះអូមីក្រុងក្នុងសហគមន៍ចំនួន១២ ករណី។ គិតត្រឹមថ្ងៃទី១៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ សរុប១២០៧១៨ ក្នុងនោះជាសះស្បើយចំនួន១១៧០៥៧ និងស្លាប់ចំនួន៣០១៥នាក់៕