លោក អ៊ូ ប៉ុនហេង អ្នកកែច្នៃម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិ។ រូបភាព៖KFAST

បុរស រស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជោគជ័យ ក្នុងការកែច្នៃបានម៉ាស៊ីនបណ្តុះសណ្តែកដោយស្វ័យប្រវត្តិ(KFAST) ក្រោយពីបានស្រាវជ្រាវកែច្នៃម៉ាស៊ីននេះឡើង អស់រយៈពេលជាង១ឆ្នាំ។

លោក អ៊ូ ប៊ុនហេង អ្នកកែច្នៃម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅ ថ្ងៃទី១២មករានេះថា លោកសម្រេចបង្កើតម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិនេះ ដោយសារចង់ឱ្យកសិករមានភាពងាយស្រួលក្នុងការបណ្តុះសណ្តែក និងជួយឱ្យពលរដ្ឋមានសណ្ដែកសុវត្ថិភាពដែលមិនប្រើប្រាស់សារធាតុគីមីសម្រាប់បរិភោគ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំហូបបន្លែឆៅសណ្តែកហ្នឹង តែងតែមានបញ្ហា នៅពេលខ្ញុំសិក្សាមើលទៅ កន្លែងផលិត ភាគច្រើន អត់ទាន់មានស្តង់ដារ ហើយគាត់ពិបាកក្នុងការស្រោចទឹក ហើយគាត់បានប្រើថ្នាំបំប៉នអរម៉ូន ហើយនឹងថ្នាំផ្តាច់ឫស ក៏ដូចជាសាច់ជូរលាងសម្អាតឱ្យស។ ខ្ញុំចង់ដោះស្រាយបញ្ហាហ្នឹង ដោយសារសណ្តែកមានអាយុតែ២ទៅ៣ថ្ងៃ គឺគេយកទៅលក់នៅលើទីផ្សារហើយ ដូចជាហាងគុយទាវ ដូចជាយកទៅធ្វើម្ហូបផ្សេងៗ ប៉ុន្តែថ្នាំទាំងអស់ហ្នឹង៣ថ្ងៃ វាអត់អាចរលាយអស់ទេ ព្រោះជាធម្មតាដល់តែ១អាទិត្យ កន្លះខែ ១ខែទើបវាហើរអស់»។

រូបភាព៖ KFAST

អ្នកផលិតម៉ាស៊ីនបណ្តុះសណ្តែករូបនេះបន្តថា លោកធ្លាប់ធ្វើជាវិស្វករសំណង់ផ្នែកធារាសាស្ត្រខាងស្រោចស្រព ដូច្នេះទើបលោកចាប់ផ្តើមយកបទពិសោធន៍ផ្នែកវិស្វកម្មនេះ មកបង្កើតជាម៉ាស៊ីនបណ្តុះសណ្តែកនេះ ដើម្បីជួយកសិករដែលផលិតសណ្តែកបណ្តុះឱ្យគាត់ងាយស្រួលជាងមុន។ លោកថា ម៉ាស៊ីនបណ្តុះសណ្តែកនេះមានសមត្ថភាពបណ្តុះសណ្តែក១៥គីឡូក្រាមក្នុងរយៈពេល៣ថ្ងៃ។

លោកថ្លែងថា៖«អ៊ីចឹង! ទើបខ្ញុំចាប់ផ្តើមរចនា(Design) ផលិតជាម៉ាស៊ីនជាច្រើនដង ហើយរយៈពេលចូលជាង១ឆ្នាំជាងហើយ គ្រាន់តែពិសោធន៍ និងជោគជ័យនៅខែ៤ ខែ៥ ឆ្នាំ២០២១។ នៅពេលដែល Covid Lockdown (បិទខ្ទប់ដោយសារកូវីដ) ក៏ខ្ញុំចាប់ផ្តើមDesign សារថ្មីឡើងវិញ ហើយពិសោធន៍ទៅក៏ជោគជ័យ ហើយក៏ដាក់លក់បង្ហោះតាមហ្វេសប៊ុក ក៏មានការចាប់អារម្មណ៍ពីអថិតិជនច្រើនក៏កុម្ម៉ង់ឱ្យធ្វើ។ ពួកខ្ញុំអត់ដំឡើងទុកទេ ដល់គាត់កុម្ម៉ង់(ទិញ) ហើយគាត់ផ្ញើលុយមកមុនទៅ បានខ្ញុំដំឡើងឱ្យគាត់។ ទាល់៤ទៅ៥ថ្ងៃទើបបានម៉ាស៊ីនទៅ»។

លោកបន្ថែមថា ចាប់តាំងពីលោកបានចាប់ផ្តើមដាក់លក់ក្នុងខែឧសភា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន គឺលក់បានចំនួន៥៧គ្រឿង ដោយមួយគ្រឿងមានតម្លៃ១២០ដុល្លារ ប៉ុន្តែបច្ចុប្បន្នគ្រឿងផ្សំធ្វើម៉ាស៊ីនឡើងថ្លៃ គឺលក់តម្លៃចន្លោះពី១៥០ ទៅ១៨០ដុល្លារ ហើយម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិនេះទទួលទិន្នផលខ្ពស់ជាងការបណ្តុះធម្មតា។

លោកលើកឡើងថា៖«យើងបណ្តុះក្នុងម៉ាស៊ីនយើងងាយស្រួលប្រើ ចល័តទៅណាក៏បាន ហើយវាមានអនាម័យ វាស្រោចទៀតទាត់ យើងមិនចាំបាច់ងើបយប់ទេ ហើយសណ្តែកដុះមកល្អ ស ត្រង់ស្អាត ហើយរសជាតិក៏ខុសគ្នាពីការបណ្តុះដាក់ថ្នាំ។ វាមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយម៉ាស៊ីននេះ មិនត្រឹមតែជួយដល់អ្នកបណ្តុះសណ្តែកឱ្យងាយស្រួលនោះទេ គឺវាជួយដល់អថិតិជនប្រើប្រាស់សណ្តែកហ្នឹង គាត់អត់មានហានិភ័យដល់សុខភាពគាត់ទៀត»។

អ្នកកែច្នៃម៉ាស៊ីនបណ្តុះសណ្តែករូបនេះ គ្រោងនឹងបង្កើតក្រុមកសិករ ដើម្បីផលិតគ្រាប់សណ្តែកក្នុងការផ្គត់ផ្គង់ឱ្យម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិនេះ ហើយវានឹងជួយមនុស្ស៣ក្រុម មានដូចជា កសិករផលិតគ្រាប់សណ្តែក កសិករផលិតសណ្តែកបណ្តុះ និងអតិថិជនទទួលបានសណ្តែកដែលមានសុវត្ថិភាព។

លោកថា គម្រោងផលិតម៉ាស៊ីនបណ្តុះសណ្តែកទំនើបស្វ័យប្រវត្តិនេះមានការគាំទ្រជាទុន ពីសហគ្រិនខ្មែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពីអង្គការ HEKS កម្ពុជា ដែលមានគម្រោងដាក់ដាំ បានជ្រើសរើសសហគ្រិនកសិកម្មជំនាន់ថ្មី ដើម្បីជួយតម្រង់ទិសដល់សហគ្រិន៕

រូបភាព៖ KFAST