
អាជ្ញាធរថៃ បាននិយាយនៅថ្ងៃអង្គារទី១១មករានេះថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានគេរកឃើញនៅក្នុងសំណាកដែលប្រមូលបាននៅឯកន្លែងសត្តឃាតមួយ ក្នុងខេត្ត ណាខន ប៉ាថុម ( Nakhon Pathom) ស្ថិតនៅភាគកណ្ដាលនៃប្រទេស និងជាការបញ្ជាក់ជាផ្លូវការជាលើកដំបូងនៃវត្តមានជំងឺនេះរបស់ប្រទេសថៃ។
សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយថា អាជ្ញាធរថៃបានបើកការស៊ើបអង្កេតមួយកាលពីចុងសប្តាហ៍មុន បន្ទាប់ពីមានការសង្ស័យកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ថាជំងឺប៉េស្ដជ្រូកអាហ្វ្រិក កំពុងបំផ្លាញកសិដ្ឋានចិញ្ចឹមសត្វជ្រូករបស់ថៃរួចហើយ ហើយមានការចោទប្រកាន់ពីការបិទបាំង។
លោក Sorravis Thaneto ប្រធាននាយកដ្ឋានអភិវឌ្ឍន៍បសុសត្វបាននិយាយ សំណាកមួយបានធ្វើតេស្តវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ ក្នុងចំណោមសំណាកចំនួន៣០៩សំណាក ដែលប្រមូលបាន រួមមានសំណាកឈាមពីសត្វជ្រូកនៅកសិដ្ឋានចំនួន១០ និងកន្លែងសត្តឃាតចំនួនពីរ។
មន្រ្តីរូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា៖«យើងបានរកឃើញគំរូមួយដែលបានធ្វើតេស្តវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្រ្វិក និងអះអាងថា មន្រ្តីជំនាញកំពុងតាមដានរកប្រភពនៃជំងឺនេះ»។
ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រទេសថៃ គឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានបដិសេធការផ្ទុះឡើងនៃជំងឺដ៏សាហាវនេះក្នុងស្រុក ខណៈវាបានឆ្លងរីករាលដាលពាសពេញទ្វីបអឺរ៉ុប និងអាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសម្លាប់សត្វជ្រូកអស់រាប់រយលានក្បាល។
វាក៏បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសាកលវិទ្យាល័យថៃឈ្មោះ Kasetsart បានលើកឡើងថាមន្ទីរពិសោធន៍របស់ពួកគេកាលពីខែមុន បានរកឃើញជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ នៅក្នុងសត្វជ្រូកងាប់ ដែលជារបាយការណ៍ដំបូងគេនៅក្នុងប្រទេសថៃ។
មន្រ្តីខាងបសុសត្វថៃដដែលបានបញ្ជាក់ថា អាជ្ញាធរនឹងប្រកាសតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះក្នុងរង្វង់៥គីឡូម៉ែត្រនៃកន្លែងដែលបានរកឃើញ កំណត់ការចរាចរសត្វជ្រូក ពិចារណាសម្លាប់សត្វដែលសង្ស័យថាមានមេរោគនេះ និងទូទាត់សំណងដល់កសិដ្ឋានដែលរងផលប៉ះពាល់។
នៅថ្ងៃអង្គារនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន៥៧៤លានបាត ឬស្មើជាង១៧លានដុល្លារ សម្រាប់ផ្ដល់សំណងដល់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចនៅក្នុងខេត្តចំនួន៥៦ ដែលជ្រូកត្រូវបានសម្លាប់កាលពីឆ្នាំមុន ដើម្បីការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក និងជំងឺផ្សេងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានលើកឡើងថា កសិករជិត៥ពាន់នាក់ មិនទាន់ទទួលបានសំណងសម្រាប់សត្វជ្រូកជាង១សែន៥ម៉ឺនក្បាល ដែលត្រូវបានសម្លាប់នៅចន្លោះខែមីនា និងខែតុលាឆ្នាំមុន៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022