សត្វអន្ទង់ដែលលោកសារ៉ាត់ចិញ្ចឹមបាន។រូបភាព៖ សា រ៉ាត់

អតីតពលករចំណាកស្រុកខ្មែរនៅប្រទេសវៀតណាមម្នាក់ បានងាកមកចាប់ផ្ដើមចិញ្ចឹមសត្វអន្ទង់វិញ ក្រោយពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយមិនចង់បន្តធ្វើជាពលករចំណាកស្រុកតទៅទៀត។

លោក សារ៉ាត់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៧មករាថា បន្ទាប់ពីការចាប់ផ្ដើមផ្ទុះជំងឺឆ្លងកូវីដ-១៩មក លោកបានសម្រេចចិត្តឈប់ធ្វើការងារនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែបនៅក្នុងប្រទេសវៀតណាម ហើយក៏បានប្រញាប់ប្រញាល់ត្រឡប់មកស្រុកវិញ ដោយសារមិនចង់ជាប់គាំងនៅក្នុងប្រទេសជិតខាងមួយនេះ។
លោកបន្តថា នៅពេលមកដល់ស្រុកវិញ ឆ្លៀតពេលទំនេរពីមុខរបរបោកអ៊ុត លោកក៏បានចាប់ផ្ដើមចិញ្ចឹមសត្វអន្ទង់ ដោយសារតែទទួលបានចំណេះដឹងខ្លះ ពីការចិញ្ចឹមប្រភេទសត្វក្នុងទឹកនៅប្រទេសវៀតណាម ហើយដោយសារមានចិត្តស្រលាញ់ការចិញ្ចឹមសត្វជាយូរមកហើយ។ដំបូងឡើយ លោកចិញ្ចឹមត្រឹមមួយអាងតែប៉ុណ្ណោះ ដែលមានទំហំបណ្ដោយ៣ម៉ែត្រគុណនឹង២ម៉ែត្រ។

លោកនិយាយថា៖«ខ្ញុំស្រលាញ់យូរហើយ ទម្រាំបានមកស្រុកណា៎បង។ ពីមុនៗខ្ញុំធ្វើការឱ្យគេដែរហ្នឹង។ ឆ្លងទៅស្រុកគេខ្លះដែរ ទៅវៀតណាម បើនៅស្រុកខ្មែរយើងនេះ ខាងកំពង់សោម ខាងប៉ោយប៉ែត ខ្ញុំទៅអស់ហើយ»។

បច្ចុប្បន្ន លោក សារ៉ាត់ បានពង្រីកការចិញ្ចឹមអន្ទង់ពីមួយអាងឡើងដល់៦អាង ប៉ុន្តែលោកថាសត្វអន្ទង់មិនសូវសម្បូរទីផ្សារឡើយ និងលក់មិនបានចំណេញច្រើននោះទេ ដោយសារសត្វអន្ទង់ ត្រូវការពេលវេលាចិញ្ចឹមយូរ ហើយតម្លៃចំណីវិញក៏ថ្លៃ។ កសិកររូបនេះ អាចលក់អន្ទង់ក្នុង១គីឡូក្រាមតម្លៃចាប់ពី២៧០០០រៀល ទៅ២៩០០០រៀល។
លោកបន្ថែមទៀតថា៖«អាហ្នឹងតាមអាយុកាលដែលយើងថែទាំដែរបង បើយើងថែទាំបានល្អទៅ៨ខែទៅ៩ខែយើងប្រមូលផល តែបើយើងមិនសូវថែទាំទេ ជួនកាលធ្លាយដល់១ឆ្នាំ។ និយាយរួមទៅ ទីផ្សារក៏រៀងចង្អៀតដែរឥឡូវ ដូចថាប្អូន(ខ្ញុំ)លក់ចេញទៅនេះ បោះតាមតាមហាងតិកតក់ៗ(តិចតួច)ដែទេ អត់មានអ្នកមកទិញធំៗទេណា៎»។

អន្ទង់នេះមានជំងឺតែមួយមុខគត់ដែលអាចធ្វើឱ្យវាងាប់ នោះគឺជំងឺបែកគ្រាប់ឈាម ដែលវាកើតឡើងដោយធម្មជាតិ។ នៅពេលសត្វអន្ទង់មានជំងឺបែកគ្រាប់ឈាម សត្វនេះនឹងងើបកផុតចេញពីទឹក ហើយនៅលើដងខ្លួនរបស់វានឹងបង្ហាញសញ្ញាក្រហមឆ្នូតៗ ចេញមក និងនៅពេលមានអន្ទង់ណាមួយចេញអាការៈបែបនេះ គេត្រូវចាប់វាចេញភ្លាម ដើម្បីកុំឱ្យឆ្លងដល់អន្ទង់ផ្សេងទៀត។
ចំណីសម្រាប់សត្វអន្ទង់ គឺមានខ្យងក្រហម និងមួយទៀតគឺប្រភេទចំណីសម្រេចដែលលោក សារ៉ាត់ បានទិញពីប្រទេសវៀតណាម ដោយក្នុងនោះមួយខែ លោកប្រើអស់ប្រហែល២ទៅ៣បាវ និងក្នុងមួយបាវមានតម្លៃ១២០០០០រៀល។
កសិកររូបនេះបញ្ជាក់ដែរថា ទំហំអាងសម្រាប់ចិញ្ចឹមសត្វអន្ទង់ គឺអាចមានទំហំចាប់ពី៣ម៉ែត្រ×ទទឹង២ម៉ែត្រ ក្នុងទំហំមួយម៉ែត្រការ៉េ អាចផ្ទុកសត្វអន្ទង់បាន៧គីឡូក្រាមកូន។ កម្ពស់ទឹកអាចដាក់ត្រឹម៣ទៅ៤តឹក ដោយសត្វនេះមិនត្រូវការកន្លែងធំទូលាយនោះទេ។

ខ្មែណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីបញ្ហាទីផ្សារនិងការថែទាំបន្ថែម ពីលោក ប៊ុន ទួនស៊ីមុំណា ប្រធានមន្ទីកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកណ្ដាលបានបានទេ ដោយលោកប្រាប់ឱ្យទាក់ទងទៅរដ្ឋបាលជលផលវិញ។

បច្ចុប្បន្នលោកសារ៉ាត់ កំពុងសិក្សាបន្ថែមទៀតទាក់ទងនឹងការចិញ្ចឹមសត្វពស់ ព្រោះលោកបានប្រាប់ថា វាមានភាពងាយស្រួលចិញ្ចឹមជាងសត្វអន្ទង់ហើយការចំណាយទៅលើចំណីក៏តិចជាងដែរ៕