កសិករវៀតណាម កំពុងស្រោចទឹកនៅក្នុងចម្ការផ្លែស្រកានាគរបស់ខ្លួន នៅខេត្ត Binh Thuan ភាគកណ្តាលប្រទេស។ រូបភាព៖ VN Express

ផ្លែស្រកានាគប្រហែល៣សែនតោននៅវៀតណាម ដែលត្រៀមនឹងប្រមូលផលនៅពេលខាងមុខឆាប់ៗនេះ ប៉ុន្តែគ្មានអ្នកបញ្ជាទិញ ខណៈប្រទេសចិនបានរឹតបន្តឹងខ្លាំងការធ្វើពាណិជ្ជកម្មនៅព្រំដែន។ នេះបើតាមការប្រកាសពីអ្នកធ្វើការងារក្នុងវិស័យនេះ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី៧មករា។

មន្រ្តីកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងតំបន់របស់វៀតណាមបានលើកឡើងថា ខេត្តនៅភាគខាងជើងប្រទេសចំនួន២ដែលនៅជាប់ព្រំដែនជាមួយប្រទេសចិន គឺមានការរឹតបន្តឹងការធ្វើពាណិជ្ជកម្មតាមព្រំដែន ហើយអ្នកបញ្ជាទិញចិន បានឈប់ទិញផ្លែស្រកានាគពីវៀតណាម។

ផ្លែស្រកានាគវៀតណាម បានធ្លាក់ថ្លៃក្នុងរយៈពេល២ឬ៣សប្ដាហ៍នេះ ដោយសារប្រទេសចិនបានរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ និងបានធ្វើឱ្យរថយន្តកុងទឺន៍ររាប់ពាន់គ្រឿងជាប់គាំងនៅព្រំដែន។ អ្នកនាំចេញរបស់វៀតណាមបានលើកឡើងថា ពួកគេចង់ដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្តែវាមិនមែនជាដំណោះស្រាយមាននិរន្តរភាពឡើយ ដោយសារថ្លៃដឹកជញ្ជូនតាមផ្លូវទឹកបានហក់ឡើងខ្ពស់ជាងពេលមុន។

ជារៀងរាល់ឆ្នាំ វៀតណាមផលិតបានផ្លែស្រកានាគប្រហែល១លាន៤សែនតោន ហើយប្រទេសចិនគឺជាអ្នកបញ្ជាទិញកសិផលនិងផ្លែស្រកានាគដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វៀតណាមនាំចេញផ្លែស្រកានាគលើសពី៥០%ទៅកាន់ប្រទេសចិន បើប្រៀបធៀបនឹងទីផ្សារដទៃទៀត។

ការឈប់បញ្ជាទិញពីវៀតណាមនេះ បន្ទាប់អាជ្ញាធរចិនបានប្រកាសថា យ៉ាងហោចណាស់មានទីក្រុងចំនួន៩របស់ខ្លួន បានរកឃើញវីរុសកូវីដ១៩លើផ្លែស្រកានាគនាំចូលពីវៀតណាម និងផ្លែមៀននាំចូលពីប្រទេសថៃកាលពីខែធ្នូ ហើយបន្ទាប់មកបានបិទផ្សារ ហាង រួមទាំងឱ្យពលរដ្ឋដែលសង្ស័យប៉ះពាល់ ឬបានទៅទិញផ្លែឈើទាំងនោះ ត្រូវធ្វើចត្តាឡីស័កនិងធ្វើតេស្ដ៕