រូបភាព​កាម៉េរា​ចាប់​ល្បឿន​តាម​ផ្លូវ​ជាតិ​លេខ​៣។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

កម្ពុជា​គ្រោង​ដាក់​ដំណើរការ​សាកល្បង​កាមេរ៉ា​ចាប់​ល្បឿន​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ ចាប់​ពី​រង្វង់​មូល​ចោមចៅ រហូត​ទីរួម​ខេត្ត​កំពត នៅ​ដើម​ឆ្នាំ​២០២២។ ទោះ​យ៉ាងណា​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ពុំ​ទាន់​កំណត់​ពេល​ជាក់លាក់​ពី​ដំណើរការ​សាកល្បង​នេះ​នៅ​ឡើយ ប៉ុន្តែ រូបភាព​ចាប់​ល្បឿន​តាម​ដង​ផ្លូវ​នោះ​ត្រូវ​បាន​ចែកចាយ​ពាសពេញ​ហ្វេសប៊ុក ដោយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការរំលោភ​ឯកជនភាព​​របស់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​នេះ។

​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​បាន​សម្រេច​ពន្យារពេល​ដាក់​ដំណើរការ​សាកល្បង​កាមេរ៉ា​ចាប់​ល្បឿន នៅ​ដើម​ខែ​មករា ឆ្នាំ​២០២២ សិន ហើយ​នឹង​ត្រូវ​ជូន​ដំណឹង​ជាក់លាក់​​នៅ​ពេល​ក្រោយ។ អ្នកនាំពាក្យ​ក្រសួង​នេះ គឺ​លោក ហៀង សុធាយុទ្ធ ថ្លែង​ប្រាប់​សារព័ត៌មាន​ខ្មែរ​នៅ​ថ្ងៃទី៧ មករា ថា ការ​ដាក់​ដំណើរការ​​កាម៉េរា​ចាប់​ល្បឿន​នៅ​រង់ចាំ​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ជាមុន​សិន។ លោក​បន្ត​ថា កិច្ចការ​ចំពោះមុខ​គឺ​ក្រុម​ការងារ​ត្រូវ​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ឱ្យ​បាន​គត់មត់​ល្អ​។ តែ​យ៉ាងណា​លោក​មិន​ឆ្លើយ​តប​នឹង​​សំណួរ​ដែល​ថា ក្រសួង​នឹង​រក្សា​សុវត្ថិភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​នោះ​បែប​ណា​នោះ​ទេ ​បន្ទាប់​ពី​មាន​រូបភាព​ថត​ពី​កាម៉េរា​ចាប់​ល្បឿន​ ត្រូវ​បាន​ចាយ​ចែក​លើ​បណ្ដាញ​សង្គម​នោះ​យ៉ាងណាក្ដី។

កាល​ពី​ថ្ងៃ​ទី៥ មករា រូប​ថត ៣​សន្លឹក ដែល​ត្រូវ​បាន​ថត​ចេញ​ពី​កាម៉េរា​ចាប់​ល្បឿន ត្រូវ​បានបង្ហោះ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ លើ​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​មាន​សំណេរ​អម​ថា កាម៉េរា​សុវត្ថិភាព​ចាប់​ជាប់​ល្អ​ណាស់។ រូប​៣​សន្លឹក​នោះ បាន​បង្ហាញ​នូវ​រូបភាព​យ៉ាង​ច្បាស់​របស់​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត ក៏​ដូច​ព័ត៌មាន​លម្អិត​របស់​រថយន្ត​ដូចជា​ស្លាក​លេខ ល្បឿន​លម្អិត​របស់​រថយន្ត​ជាដើម។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ជីវិត​មង្គល (Chiveth Mongul) បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក ខៀវ កាញារីទ្ធ ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ត្រូវ​ថត​បង្ហាញ​ជា​សាធារណ:​បែប​នេះ? តើ​ប៉ះពាល់​ដល់​ឯកជន​ភាព​របស់​បុគ្គល​ដែរ​ទេ? ហើយ​បើ​ការ​ថត​បង្ហោះ​នេះ គ្មាន​កំហុស​អ្វី​ទាំងអស់ តើ​ការ​បង្ហាញ​ជា​សាធារណ:​បែប​នេះ គាត់​មាន​សិទ្ធិ​ប្តឹង​អ្នក​បង្ហោះ​បាន​ដែរ​ទេ?

មន្ត្រី​សង្គមស៊ីវិល​ចាត់ទុក​ការ​បង្ហោះ​រូប​ជា​សាធារណៈ​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៣​នោះ​ថា ជា​រឿង​មិន​ល្អ​ឡើយ។ អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែង​ថា សង្គម​ស៊ីវិល​ចង់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ពេល​ប្រើប្រាស់​រថយន្ត​តាម​ដង​ផ្លូវ។ លោក​ថា បើ​រដ្ឋ​អាច​បំពាក់​កាម៉េរា​ចាប់​ល្បឿន​តាម​ដង​ផ្លូវ​នានា​ទាំងអស់ នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ច្រើន ហើយ​អ្នក​បើកបរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្កើន​ល្បឿន​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។ ប៉ុន្តែ​លោក​ថា ការ​បង្ហោះ​រូបភាព​ឯកជន​របស់​អ្នក​ដំណើរ​ក្នុង​រថយន្ត​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ឯកជន​របស់​គេ​​ដែល​មិន​គប្បី​ធ្វើ​ឡើយ៖ «ការ​យក​រូបភាព​ឯកជន​របស់​គេ​បង្ហោះ​ជា​សាធារណៈ ដោយ​មន្ត្រី​ជាដើម​ហាក់​ដូច​ជា​រឿង​នឹង​មិន​ល្អ​មិន​ត្រឹមត្រូវ​ទៅ​វិញ។ គប្បី​មាន​ការ​ប្រកាស​អំពី​ថ្ងៃ​ចាប់ផ្ដើម​ផាក​ពិន័យ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​មិន​ត្រូវ​ចែកចាយ​រូបភាព​ណាមួយ​ដែល​បាន​ពី​កាម៉េរា​សាធារណៈ​នឹង ដើម្បី​បង្ហាញ​ទៅ​ដល់​សាធារណជន​ឱ្យ​គេ​ស្គាល់​ទេ ព្រោះ​វា​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​ដែល​ការពារ​ដោយ​ច្បាប់​ជាតិ​យើង​ផង​ដែរ រួម​មាន​ច្បាប់​ព្រហ្មទណ្ឌ និង​រដ្ឋធម្មនុញ្ញ»

មាត្រា​ ៣០២ ​នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​អំពើ​ថត​រូបភាព​នៃ​បុគ្គល​នៅ​ក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ខែ ទៅ​ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​ម៉ឺន​​រៀល ទៅ ២​លាន​រៀល វៀរលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ ដោយឡែក ការ​សន្មត​ជា​ការ​ព្រមព្រៀង ទាល់​តែ​បុគ្គល​ដែល​ពាក់ព័ន្ធ​​បាន​ទទួល​ដំណឹង​អំពី​ការ​ថត ហើយ​បុគ្គល​នោះ​មិន​បាន​ជំទាស់។

ចំណែកលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានលើកឡើងថា ការដាក់កាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវសាធារណៈ ដើម្បីចាប់សកម្មភាពអ្នកបើកបរល្មើសច្បាប់ចរាចរ វាជាអំណាចរបស់អាជ្ញាធរ ក្នុងគោលបំណងជាក់លាក់មួយ ដើម្បីអនុវត្តច្បាប់ចរាចរ។ ប៉ុន្តែលោកស្រីបន្តថា អ្វីដែលសំខាន់បំផុត គឺទាក់ទងនឹងការគ្រប់គ្រងទន្និន័យ ព្រោះអ្វីដែលលោកស្រីបានឃើញកន្លងមក មានការបង្ហោះរូបភាពមួយចំនួនចេញពីកាំមេរ៉ាបំពាក់នៅតាមផ្លូវ។

លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំអត់ដឹងប្រភពដើមចេញខាងណានោះទេ ប៉ុន្តែមានការចែករំលែក។ អ៊ីចឹង! កន្លែងហ្នឹងចូលជាចំណោទមួយក្នុងការគ្រប់គ្រង ហើយការប្រើប្រើទនិ្នន័យ និងការបង្ហាញអត្តសញ្ញាណរបស់បុគ្គលដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹង។ អ៊ីចឹង! វាអាចពាក់ព័ន្ធនឹងឯកជនភាព ហើយការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងទន្និន័យហ្នឹង»។

លោកស្រីបន្តថា អាជ្ញាធរដែលមានដែនសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចមើលទន្និន័យនៃការដាក់កាំម៉េរ៉ានេះ ដូច្នេះនៅពេលបែកធ្លាយរូបភាពណាមួយ អាជ្ញាធរមានតួនាទីពាក់ព័ន្ធត្រូវមានទំនួលខុសត្រូវ ព្រោះវាទាក់ទងនឹងឯកជនភាព និងការប្រើប្រាស់ទន្និន័យ៕