រូបភាព៖មន្ទីរពេទ្យគន្ធបុប្ជាសៀមរាប

មន្ត្រីផ្នែកអាហារូបត្ថម្ភបានលើកឡើងថា អាហារដែលត្រូវផ្តល់ឱ្យកុមារត្រូវបែងចែកទៅតាមអាយុ តាមប្រភេទអាហារ និងត្រូវយកចិត្តទុកដាក់។

លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ (Helen Keller International-Cambodia) បានលើកឡើងថា តម្រូវការអាហាររូបត្ថម្ភរបស់កុមារ ត្រូវបែងចែកទៅតាមអាយុ ដូចជា កុមារមានអាយុពី០ខែទៅ៦ខែ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ជួយឱ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត ព្រោះទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចម្បងតែមួយគត់ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។

លោកបន្តថា កុមារមានអាយុពី ០ដល់៦ខែ មិនត្រូវការអាហារអ្វីផ្សេងក្រៅពីទឹកដោះម្តាយនោះទេ។ ចំណែកកុមារអាយុពី ៦ខែ ទៅ២៤ខែ ត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយ រួមជាមួយការចាប់ផ្តើមឱ្យអាហារបន្ថែម គឺផ្តល់អាហារចម្រុះសម្បូរសារជាតិចិញ្ចឹមមានដូចជាបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើម ដែលមានសុវត្ថិភាព ហើយជាប្រភេទអាហារដែលសមស្របនឹងអាយុរបស់កុមារ។

លោកបន្ថែមថា អាហារបន្ថែមគួរចេញពីប្រភេទអាហារសំខាន់ៗទាំង៣ក្រុម មានដូចជាអាហារថាមពល មានប្រភពមកពីបាយ ដំឡូង ពោត និងខ្លាញ់ ដែលអាចផ្តល់ថាមពលដល់កុមារ អាហារសាងសង់មានប្រភពពី សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូកជាដើម ដែលជួយសាងសង់រាងកាយកុមារឱ្យលូតលាស់ធំធាត់ និងអាហារការពារ មានប្រភពមកពីបន្លែបៃតងចាស់ ផ្លែឈើពណ៌លឿងដែលសំបូរសារជាតុរ៉ែខនិជ និងពួកវីតាមីន ដែលអាចជួយឱ្យកុមារប្រឆាំងនឹងជំងឺផ្សេងៗ។

លោកលើកឡើងទៀតថា ដើម្បីឲ្យក្មេង មានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារ ដែលមានអាហារូបត្ថម្ភ គ្រប់គ្រាន់ មានសុវត្ថិភាព តាមអាយុសមស្របរបស់ទារក និងកុមារ ទៀងទាត់ពេលវេលា និង មានការយកចិត្តទុកដាក់។ លោកបញ្ជាក់ថា៖
– ក្មេងក្រោម ៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់និងបំបៅតាមតែពួកគេចង់បៅ។
– ក្មេងអាយុ ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម២ដងក្នុងមួយថ្ងៃ (២ទៅ៣ស្លាបព្រាបាយម្តង)
– ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង)
– ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កាច ឬជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ។
– ក្មេងចាប់ពីអាយុ ១២-២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ៕