កម្ពុជានាំចេញអង្ករទៅទីផ្សារអឺរ៉ុបធ្លាក់ចុះ១០% នៅឆ្នាំ២០២១។

កម្ពុជានាំចេញអង្ករទៅទីផ្សារអឺរ៉ុបធ្លាក់ចុះ១០% នៅឆ្នាំ២០២១។ ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបធ្លាក់ចុះនេះ ចាប់ផ្ដើមកើតមានឡើងតាំងពីគណៈកម្មការសហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​គយលើ​ផលិតផល​អង្ករ​នាំចូល​ពីកម្ពុជា​ កាលពីថ្ងៃទី១៨ មករា ២០១៩។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍មកថា អង្ករកម្ពុជា នាំចេញទៅក្រៅប្រទេសចំនួនជាង៦សែន១ម៉ឺន(៦១៧ ០៦៩)តោន ដោយថយចុះចំនួនជាង៧ម៉ឺន(៧៣ ៧៦០)តោន ស្មើដក១០,៦៨% បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួនជាង៦សែន៩ម៉ឺន(៦៩០ ៨២៩)តោន តាមរយៈក្រុមហ៊ុនចំនួន ៦២។ ក្នុងនោះក្រុមហ៊ុនធំៗចំនួន១០ បាននាំចេញអង្កររហូតដល់ជាង៤សែនតោន (៧៣,៩៤%) និងក្រុមហ៊ុន៥២ដទៃទៀត បាននាំចេញ ត្រឹមតែជាង១សែនតោន (២៦,០៦%)។ លោកបានបញ្ជាក់ថា ការនាំចេញអង្ករនេះ ផ្ដល់ចំណូលឱ្យកម្ពុជា ចំនួនជាង៥រយ(៥២៧ ៥៩៣ ៩៩៥)ដុល្លារអាមេរិក។

ប៉ុន្តែបើតាមរបាយការណ៍របស់រដ្ឋមន្រ្តីកសិកម្ម បានបង្ហាញថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២២ប្រទេស មានបរិមាណសរុប ១៥៥ ៧៧៣ តោន ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹងដក២៣,៥៦%។

ការនាំអង្ករចូលើទីផ្សារអឺរ៉ុបធ្លាក់ចុះជាបន្តបន្ទាប់នេះ កើតឡើងក្រោយពីគណៈកម្មការសហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​គយឡើងវិញ លើ​ផលិតផល​អង្ករ​នាំចូល​ពី​កម្ពុជា​ កាលពីថ្ងៃទី១៨ មករា ២០១៩។ ការសម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​ បាន​បើក​ការស៊ើបអង្កេត​ជុំវិញ​សំណុំរឿង​អង្ករ​នេះ ក្រោយពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី និង​មានការ​គាំទ្រ​ពី​ប្រទេស​មួយចំនួន។ ពួកគេទាំងនោះ ដែល​បាន​ចោទថា​ អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ​ដែល​នាំចូល​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ផលិត​នៅ​ប្រទេស​ទាំងនោះ​។

ក្រោយស៊ើបអង្កេតរួច សហភាពអឺរ៉ុប ក៏បានសម្រេចយកពន្ធអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា រយៈពេល៣ឆ្នាំ ក្រោមហេតុផលថា កម្ពុជា​មិន​បាន​បំពេញ​នូវ​តម្រូវ​ការ​ដូច​មាន​ចែង​ក្នុង​មាត្រា ២៦៣ នៃ​សន្ធិសញ្ញា​ស្តីពី​មុខងារ​របស់​សហភាព​អឺរ៉ុប (TFEU)។ សម្រាប់ការបង់ពន្ធនេះ កម្ពុជាត្រូវបង់ឆ្នាំ​ដំបូង​គិត​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​មួយ​តោន ចំណែកឆ្នាំ​ទី​២​ កម្ពុជាបង់ពន្ធ​ធ្លាក់​មក​ត្រឹម ១៥០​អឺរ៉ូ (ជាង១៧០ដុល្លារ) និង ១២៥អឺរ៉ូ​(ជាង១៥០ដុល្លារ)នៅ​ឆ្នាំ​ទី​៣​។​ ​

អង្ករកម្ពុជា​ដែលត្រូវបានសហភាពអឺរ៉ុប(EU) កំណត់ឱ្យបង់ពន្ធ មាន៤ប្រភេទ ដែលជាប្រភេទ អង្ករស និងអង្ករក្រអូប ។

តែយ៉ាងណាលោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា កំណើនអង្ករនាំចូលទីផ្សារអឺរ៉ុប នឹងកើនឡើងវិញ នៅឆ្នាំ២០២២ ក្រោយពីរួចផុតពីទណ្ឌកម្ម នាខែមករា ខាងមុខ។

លោកបានបញ្ជាក់ដូច្នេះថា៖ «ទីផ្សារ(អឺរ៉ុប)នេះនឹងត្រូវបន្តកើនឡើង និងវិលទៅរកប្រក្រតីភាពវិញដោយការនាំចូលដោយសេរី គ្មានការបង់ពន្ធអាករនាំចូល បន្ទាប់ពីការបញ្ចប់នូវការដាក់ទណ្ឌកម្មលើវិធានរក្សាការពារ (Safeguard Measurement) ចំនួន ៣ឆ្នាំ ដែលត្រូវដល់កាលកំណត់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២»។

ក្រៅពីទីផ្សារអឺរ៉ុបនេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់តំបន់អាស៊ាន ដែលមានទីផ្សារក្នុងប្រទេសចំនួន៧នោះ ក៏មានការថយចុះដែរ។ កម្ពុជានាំចេញទៅទីផ្សារអាស៊ាន មានបរិមាណសរុប ៦៣ ១៦៥តោន ថយចុះ ២៣ ៧៣៤តោន ស្មើនឹងដក២៧,៣១% ខណៈទិសដៅដទៃទៀតចំនួន២៤ ប្រទេស មានបរិមាណសរុប ៨៨ ៤២២តោន ថយចុះចំនួន ២២ ២៧៨តោន ស្មើនឹងដក២០,១២%ដែរ បើធៀបនឹងឆ្នាំ២០២០។

ដោយឡែកទិសដៅនាំចេញអង្ករទៅប្រទេសចិន មានបរិមាណសរុប ចំនួន ៣០៩ ៧០៩តោន កើនឡើងចំនួន ២០ ២៧០តោន ស្មើនឹង ៧%។ គួរបញ្ជាក់ថា កម្ពុជា និងចិន​ បានចុះហត្ថលេខាលើបរិមាណអង្ករចំនួន ៤០ម៉ឺនតោនបន្ថែម លើយន្តការទីផ្សារដែលប្រទេសចិន អនុវត្តន៍តាមវិធានកំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕