រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) នៅក្នុងមន្ទីរពិសោធកសិកម្មបន្ទាយដែក ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ធ្នូ ២០២១។

កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសនាឆ្នាំ២០២១ បានចំនួនសរុបជាង៧លាន៩សែន (៧ ៩៨៤ ២៥១,៨៣) តោន ដែលស្មើនឹងទឹកប្រាក់សរុបជាង៤ពាន់លានដុល្លារ(៤ ៩៦៧ ៨៥២ ៧១៣) ដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញរបាយការណ៍ថា កសិផលជាង៧លានតោននេះ កើនឡើងចំនួនជាង៣លាន (៣ ១១០ ៧៩០,៧៣) តោនស្មើនឹង ៦៣,៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែជាង៤លាន (៤.៨៧៣ ៤៦១,១០)តោន។ ការនាំចេញនេះ គឺទៅកាន់គោលដៅ៦៨ប្រទេស។

ចំពោះកសិផលសំខាន់ៗ ដែលផ្ដល់ចំណូលដល់កម្ពុជា រួមមាន ការនាំចេញអង្ករមានចំនួនជាង៥រយលាន(៥២៧ ៥៩៣ ៩៩៥) ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួនជាង៦រយលាន(៦៣១ ៤០៧ ៨២២)ដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវអង្ករមានចំនួនជាង៣ពាន់លាន (៣ ១៦៤ ៧១៧ ៤៨៣) ដុល្លារអាមេរិក ការនាំចេញកៅស៊ូធម្មជាតិមានចំនួនជាង៦រយលាន(៦០៣ ១៩៣ ២០២)ដុល្លារអាមេរិក ការនាំចេញឈើកៅស៊ូមានចំនួនជាង១លាន (១ ៥០៥ ០១៤) ដុល្លារអាមេរិក ការនាំចេញឈើអារនិងសត្វស្វារ ជាង៣៥លាន(៣៥ ៣៣៥ ៦៦៧ )ដុល្លារអាមេរិក និងការនាំចេញត្រីគ្រប់ប្រភេទជាង៤លាន(៤ ០៩៩ ៥៣០)ដុល្លារអាមេរិក។

របាយការណ៍នាំចេញកសិផល ដែលបានបង្ហាញដោយលោក វេង សាខុន បានបញ្ជាក់ថា ការនាំចេញអង្ករនៅឆ្នាំ២០២១ បានជាង៦១ម៉ឺនតោន តាមរយៈក្រុមហ៊ុនចំនួន៦២ ក្នុងនោះក្រុមហ៊ុនធំៗចំនួន១០ បាននាំចេញអង្ករ រហូតដល់ ៤៥៦ ២២៣តោន (៧៣,៩៤%) និងក្រុមហ៊ុន៥២ដទៃទៀត បាននាំចេញ ត្រឹមតែ ១៦០ ៨៤៦តោន (២៦,០៦%)។

ដោយឡែកការនាំចេញស្រូវវិញ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (ក្នុងនោះមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។

សម្រាប់ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៥ ១៨០ ០០៥,៨១តោន កើនឡើង ចំនួន ១ ៦៨៣ ១៩៨,៧១តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣ ៤៩៦ ៨០៧,១០តោន។ ចំពោះកសិផល ដូចជា ដំឡូង និងដំឡូងមីកែច្នៃ គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេក ស្វាយ ម្រេច សណ្ដែកសៀង និងសណ្ដែកបាយជាដើមនោះ គឺសុទ្ធតែមានការកើនឡើងទាំងអស់ សម្រាប់ការនាំចេញនៅឆ្នាំ២០២១នេះ៕