
យុវជនម្នាក់ ត្រូវបានមិត្តភក្តិណែនាំឱ្យចិញ្ចឹមសត្វគោ ប៉ុន្តែបែរជាសម្រចចិត្ត សាកល្បងចិញ្ចឹមសត្វចៀមជំនួសវិញ ដោយសារមើលឃើញពីសក្កានុពលទីផ្សារ និងការចំណាយពេលចិញ្ចឹមតិចជាងសត្វគោ ហើយអាចមានតម្លៃថ្លៃជាងសត្វពពែ។
យុវជន ប៊ុន ចាន់វីរៈ អាយុ២៦ឆ្នាំ បានបើកកសិដ្ឋានចិញ្ចឹមសត្វចៀមអស់រយៈពេល៥ឆ្នាំហើយ នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយដំបូងឡើយ គឺក្រុមមិត្តភក្តិជាច្រើន បានណែនាំឱ្យចិញ្ចឹមសត្វគោឯណោះទេ ប៉ុន្ដែដោយសារមើលឃើញមានអ្នកចិញ្ចឹមសត្វគោច្រើនទៅហើយ ដូច្នេះរួបគេ ក៏បានងាកមកចិញ្ចឹមសត្វចៀមវិញ។
យុវជនរូបនេះបានថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣១ធ្នូនេះថា៖«ទីមួយដោយសារតែចៀមវាប្លែក ខុសពីសត្វផ្សេងដែលយើងតែងតែឃើញនៅប្រទេសយើង។ អ៊ីចឹងទៅ ខ្ញុំក៏ចង់សាកល្បងចិញ្ចឹមវា ណាមួយឭថា វាកើតកូនលឿនជាង ហើយសាច់វាឆ្ងាញ់ជាង ហើយតម្លៃវាថ្លៃជាងគោ ក៏ដំបូងឡើយក៏ចង់សាកល្បងខ្លះ ដល់ពេលសាកល្បងទៅ ឃើញថាវាងាយស្រួលចិញ្ចឹម ងាយស្រួលចិញ្ចឹមជាងពពែពីមុនខ្ញុំធ្លាប់ចិញ្ចឹមពពែដែរ តែដោយសារចិញ្ចឹមពពែទៅមានបញ្ហាច្រើន ពិបាកចិញ្ចឹម ហើយវាស៊ីដំណាំ។ អ៊ីចឹងទៅក៏ខ្ញុំដូរមកចិញ្ចឹមចៀមវិញ ពេលដែលចិញ្ចឹមចៀមទៅ ឃើញថាវាលក់បានថ្លៃមែន ហើយយើងអាចបានកូនវាមួយឆ្នាំពីរដង»។
យុវជនរូបនេះ បានចាប់ផ្ដើមការចិញ្ចឹមដំបូង មានសត្វចៀមញីត្រឹម១០ក្បាល និងឈ្មោល១ក្បាលប៉ុណ្ណោះ ដោយយកពូជបន្តពីអ្នកលក់ពូជចៀមនៅក្នុងស្រុក។ លោកបញ្ជាក់ថា សត្វចៀម គឺប្រើពេលចិញ្ចឹមពី៦ទៅ៨ខែប៉ុណ្ណោះអាចលក់បាន ដោយក្នុងមួយក្បាល អាចទទួលបានប្រាក់ចំណេញប្រហែល២០០ដុល្លារ។
បច្ចុប្បន្ន យុវជនវ័យក្មេងរូបនេះ មានសត្វចៀមចំនួន៦០០ក្បាលទៀត កំពុងចិញ្ចឹមនៅកសិដ្ឋានទំហំប្រមាណជាង៥០ហិកតា ប៉ុន្តែលោកថា មិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមការបញ្ជាទិញនៅឡើយទេ។
លោកបន្ថែមថា៖«ទីផ្សារសព្វថ្ងៃនេះ ទីផ្សារនៅក្នុងស្រុកហ្នឹងច្រើនមែនទៅ។ ខ្ញុំអត់មានសាច់ផ្គត់ផ្គង់ឱ្យគេផង មានហាងជិត២០ហាង ធ្លាប់ទាក់ទងមកខ្ញុំឱ្យផ្គត់ផ្គង់ឱ្យហាងគាត់ តែខ្ញុំអត់មានសាច់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទៅកាន់គាត់ទេ។ សាច់ឥឡូវនេះ គឺគ្រាន់តែខ្ញុំលក់ឱ្យអ្នកដែលគាត់ទិញយកទៅជប់លៀងញ៉ាំតិចតួច តែបើបោះតាមហាងផ្គត់ផ្គង់គាត់រាល់ថ្ងៃ ខ្ញុំអត់មានគ្រប់គ្រាន់ទេដោយសារចំនួននៅមានតិចនៅឡើយ»។
ម្ចាស់កសិដ្ឋានដដែលបញ្ជាក់ថា៖«ជាទូទៅក្នុងចៀមមួយក្បាល យើងចិញ្ចឹមតាំងពីពេលវាកើត រហូតដល់ពេលលក់បានហ្នឹង ចំណាយប្រហាក់ប្រហែល៥០ដុល្លាក្នុងមួយក្បាល។ ខ្ញុំលក់វិញ បាន៣០០ដុល្លារ ឬ២៤០ដុល្លា អ៊ីចឹងមួយក្បាលយើងអាចចំណេញចន្លោះចាប់ពី២០០ទៅ២៥០ដុល្លារក្នុង១ក្បាល»។

និងមន្រ្តីក្រសួងកសិកម្ម។ រូបភាព៖ហ្វេសប៊ុក Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ
ចំណែកឯការថែទាំវិញ លោករៀបរាប់ថា សត្វចៀមមានភាពងាយស្រួលមើលថែ ដូចជាសត្វគោដែរ ដោយវាត្រូវការចាក់វ៉ាក់សាំងការពារជំងឺ ហើយបន្ទាប់ពីការចាក់វ៉ាក់សាំងរួច សត្វប្រភេទនេះមិនងាយឆ្លងជំងឺនោះទេ។
ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ គឺតាមដានសត្វល្អិតនៅក្នុងលាមករបស់វា ដោយសារសត្វនេះ វាជុះដូចជាសត្វទន្សាយ ហើយនៅពេលដែលមានចៀមណាមួយមានសត្វល្អិតដូចជាព្រូនឬតេនញ៉ា សត្វល្អិតទាំងនោះអាចចម្លងទៅសត្វចៀមផ្សេងទៀត តាមរយៈការស៊ីស្មៅមានពងសត្វល្អិតទាំងនោះ។ យុវជនរូបនេះលើកឡើងទៀតថា អ្នកដែលចិញ្ចឹមចៀម គួរឧស្សាហ៍ដាក់ថ្នាំទម្លាក់សត្វល្អិតឱ្យចៀម ឬច្រូតស្មៅឱ្យពួកវាស៊ីនៅក្នុងទ្រុង ហើយសត្វនេះអាចចាប់ផ្ដើមបន្តពូជបានពីអាយុ ៦ទៅ៨ខែ ហើយមេចៀមខ្លះអាចមានកូនភ្លោះម្ដងពីរឬក៏បី។

ចំណែកកញ្ញា ហេង គឹមស្រេង អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំបានលើកឡើងថា ចំពោះទីផ្សារនៅក្នុងខេត្ត ឬទីផ្សារបន្លែធម្មតា គេមិនសូវយកសាច់ចៀមទៅលក់ទេ ប៉ុន្តែវាមានទីផ្សារច្រើននៅរាជធានីភ្នំពេញ។
កញ្ញាថ្លែងដូច្នេះថា៖«ហើយអាហ្នឹងមួយទៀត គេនាំចេញទៅទីផ្សារនៅភ្នំពេញគេមានកន្លែងចៀមអាំង អាហ្នឹងគេមាន។ អ៊ីចឹងវាមិនគ្រប់គ្រាន់ទេ សម្រាប់ការចិញ្ចឹមប៉ុណ្ណឹងនោះ! អ៊ីចឹងការនាំចេញទៅវាមានច្រើន ហើយបើសិនកកស្ទះដូចកូវីដអីចឹង ចៀមហ្នឹងក៏វានៅកកស្ទះដែរ។តែដោយសាររាជរដ្ឋាភិបាលទើប បើកទូលាយអីចឹង មានពិធីការ ពិធីអីចឹង គឺអាហ្នឹងគឺនាំទៅច្រើនហើយ តម្រូវការហ្នឹងវាច្រើនហើយណា៎»។
យុវជន ប៊ុន ចាន់វីរៈ មានគោលដៅពង្រីកការចិញ្ចឹមសត្វចៀមឱ្យបានពី១០០០ទៅ២០០០ក្បាល នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022