សកម្មភាពកសិករលើកត្រីចេញពីស្រះ ដើម្បីយកលក់ឱ្យឈ្មួញ។ (រូបពីហ្វេសប៊ុកសមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា)

មជ្ឃមណ្ឌលប្រមូលទិញ លក់ និងចែកចាយត្រីនៅក្នុងស្រុក-ខេត្តសៀមរាប បានលេចចេញជារូបរាងហើយ ក្រោមកិច្ចសហការគ្នារវាងសមាគមសុវត្តិភាព ត្រី បន្លែសាច់កម្ពុជា និងសមាគមវារីវប្បករកម្ពុជា។ មជ្ឈមណ្ឌលនេះ បង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាតម្លៃទីផ្សារត្រីរបស់ប្រជាកសិករ។

លោក សុខ យ៉ន អនុប្រធានសមាគមសុវត្តិភាព ត្រី បន្លែសាច់កម្ពុជា បានបញ្ជាក់ថា ពលរដ្ឋ និងកសិករចិញ្ចឹមត្រីក្នុងខេត្តសៀមរាប នឹងលែងជួបបញ្ហាតម្លៃទីផ្សារទៀតហើយ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២ទៅ។ ចំពោះត្រី ដែលខាងមជ្ឈមណ្ឌលប្រមូលទិញ និងចែកចាយនោះ គឺជាប្រភេទត្រី ដែលចិញ្ចឹមតាមស្ដង់ដា និងមានគុណភាពត្រឹមត្រូវ។

លោកបានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី៣០ ធ្នូ ដូច្នេះថា៖«យើងចាប់ផ្ដើមហ្នឹងទី១ គឺគុណភាព សុវត្ថិភាព និងអនាម័យ។ ឥឡូវហ្នឹងយើងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយើង ចិញ្ចឹមទៅ ទោះវាមិនទាន់មានស្ដង់ដា១០០% ក៏វាបានត្រឹម៦០ ទៅ៧០% ក៏យើងយកដែរ»។

បើតាមលោក សុខ យ៉ន ខាងសមាគមលោក នឹងសហការជាមួយសមាគមវារីវប្បករកម្ពុជា ក៏ដូចជាខាងគម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST-Cambodia) ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ពីការចិញ្ចឹមតាមបច្ចេកទេស និងមានគុណភាពស្របតាមស្ដង់ដាឱ្យបានត្រឹមត្រូវ ដើម្បីអាចប្រមូលទិញយកមកផ្គត់ផ្គង់នៅលើទីផ្សារ។ លោកបន្ថែមថា បើពលរដ្ឋអាចអនុវត្តតាមស្ដង់ដាគុណភាព១០០%នោះ ពួកគេនឹងលែងបារម្ភពីតម្លៃទីផ្សារតែម្ដង។

លោកបន្ថែមថា៖«ឥឡូវហ្នឹងគេធ្វើ(បង្កើតមជ្ឈមណ្ឌលប្រមូលទិញត្រី) ហើយ អ៊ីចឹងបងប្អូនផលិតត្រីទៅកុំភ័យ តែធ្វើយ៉ាងម៉េចឱ្យមានលក្ខណៈជាស្ដង់ដា ហើយអនាម័យ និងសុវត្ថិភាព និងយើងត្រីរបស់គាត់ហ្នឹង យើងចែកចាយលើទីផ្សារហ្នឹង ឱ្យប្រជាពលរដ្ឋញាំ(ត្រី)ហ្នឹងស្ងប់អារម្មណ៍ដែរ»។

លោក សុខ យ៉ន អះអាងថា ក្រៅពីជួយមជ្ឈមណ្ឌលជួយប្រមូលទិញ និងបណ្ដុះបណ្ដាលឱ្យពលរដ្ឋចិញ្ចឹមត្រី មានគុណភាព និងអនាម័យ ស្របតាមស្ដង់ដាហើយនោះ វាក៏ជាផ្នែកមួយ ដែលអាចទប់ស្កាត់ការនាំចូលត្រីពីក្រៅប្រទេសយ៉ាងគំហក់ដែរ។ បើតាមលោក សុខ យ៉ន សមាគមលោកកំពុងពិភាក្សាជាមួយបណ្ដាក្រុមហ៊ុននាំចូលត្រី លើកបញ្ហាទីផ្សារក្នុងស្រុកនេះ។

អនុប្រធានសមាគមសុវត្តិភាព ត្រី បន្លែសាច់កម្ពុជា បានបន្ថែមថា ៖«យើងកំពុងទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនដែលនាំចូលត្រីហ្នឹងឱ្យជួយសហការជាមួយយើង។ សហការហ្នឹង ពីមុនគាត់នាំចូលអនាធិបតេយ្យ ហើយមិនដឹងគាត់នាំចូលហ្នឹង ត្រីមានប្រភពណា តែឥឡូវយើងមានមជ្ឈមណ្ឌលប្រមូលទិញហ្នឹង អ៊ីចឹងឱ្យគាត់មកទំនាក់ទំនងជាមួយមជ្ឈមណ្ឌល ដើម្បីយើងប្រមូលទិញត្រីគាត់ដែរ ប៉ុន្តែយើងទិញត្រីគាត់មានកម្រិត ហើយយើងទិញត្រីក្នុងស្រុកយើងមួយចំនួន ចែកចាយ។ យើងមិនអាចបិទគេនាំចូលបានទេ ប៉ុន្តែយើងត្រូវណែនាំគាត់ថា គាត់ត្រីនាំចូលមកហ្នឹងឱ្យមានប្រភព»។

កន្លងមកប្រជាពលរដ្ឋ និងកសិករចិញ្ចឹមត្រី ជួបបញ្ហាខ្វះឈ្មួយទិញត្រីរបស់ពួកគេ ដែលធ្វើឱ្យត្រីក្នុងស្រុករាប់ពាន់តោន កកស្ទះនៅតាមអាងចិញ្ចឹមត្រីនៅទូទាំងប្រទេស ហើយវាក៏កំពុងចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់វារីវប្បករ(អ្នកចិញ្ចឹមត្រី)នៅកម្ពុជា។ បញ្ហាក៏នៅតែជាប្រធានបទក្តៅមួយ ដែលទាមទារក្រសួង ស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុកដែរ។

បញ្ហាកកស្ទះត្រីនេះ ដោយសារតែរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បន្តបើកឱ្យនាំចូលប្រភេទ ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ដោ ពីវៀតណាម ដែលប្រភេទត្រីទាំងនេះ សុទ្ធតែមានក្នុងអាង និងស្រះចិញ្ចឹមត្រីរបស់វារីវប្បករនៅកម្ពុជា។ ការនាំចូលប្រភេទត្រីទាំងនេះ បានធ្វើឱ្យក្រុមវារីវប្បករ ឬកសិករចិញ្ចឹមត្រីក្នុងស្រុក ខ្លាចរអាក្នុងការប្រកបមុខរបរចិញ្ចឹមត្រីនេះ ដោយសារតម្លៃត្រីដែលពួកគាត់ចិញ្ចឹម មានតម្លៃថោកទេ និងលក់មិនចេញ ខណៈថ្លៃដើមផលិត កាន់តែខ្ពស់។

តែយ៉ាងណាលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានបន្ថែមថា គម្រោងមជ្ឈមណ្ឌលប្រមូលទិញត្រីនេះ នឹងជួយលើកទឹកចិត្ត និងជំរុញឱ្យមានកំណើនកសិករចិញ្ចឹមត្រីថែមទៀតផង។ ចំពោះតម្លៃត្រីទាំងនោះ គឺខាងមជ្ឈមណ្ឌលឱ្យតម្លៃលើទីផ្សារ ទៅតាមប្រភេទគុណភាពត្រី។ បើតាមលោក សុខ រ៉ាដែន ទោះបីខាងមជ្ឈមណ្ឌលប្រមូលទិញត្រីពិតមែន ប៉ុន្តែត្រីទាំងនោះ ក៏ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពសិនដែរ មុននឹងយកមកលក់ និងចែកចាយនៅលើទីផ្សារ។

លោក រ៉ាដែន បានថ្លែងដូច្នេះថា៖«តម្លៃតាមទីផ្សារ យើងអាចទិញថ្លៃបន្តិចដែរ កាលណាត្រីគាត់ល្អ មានគុណភាពល្អ យើងលើកទឹកចិត្តគាត់ឱ្យផលិតល្អ យើងនឹងទិញឱ្យរាងថ្លៃបន្តិច ហើយដល់ពេលយើងលក់យកចំណេញ ផាត់សាហ៊ុយ ថ្លៃដឹក ផាត់ថ្លៃសេវាកម្មផ្សេងៗរួច យើងយកចំណេញតិចតួច ពីព្រោះយើងមិនអាចលោភលន់បានទេ ។ ពីព្រោះយើងត្រូវធ្វើយ៉ាងម៉េចឱ្យមានតុល្យភាពរវាងអ្នកផលិត អ្នកទទួលទាន ហើយនឹងអ្នកផ្សល់សេវាកម្ម ដូចខ្ញុំជាដើម»។

លោក សុខ យ៉ន អនុប្រធានសមាគមសុវត្តិភាព ត្រី បន្លែសាច់កម្ពុជា បន្ថែមថា ការប្រមូលទិញត្រីនេះ មិនទាន់អាចកំណត់ចំនួននៅឡើយទេ ដោយសារអាស្រ័យលើគុណភាពត្រីជាក់ស្ដែង របស់ប្រជាពលរដ្ឋ ឬវារីវប្បករចិញ្ចឹមត្រី។

មជ្ឃមណ្ឌលប្រមូលទិញ លក់ និងចែកចាយ ត្រីនៅក្នុងស្រុក-ខេត្តសៀមរាប ទទួលបានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មជ្ឈមណ្ឌលនេះ គឺជាគម្រោងដំបូងប៉ុណ្ណោះ។ បើសិនជាគម្រោងនេះជោគជ័យ ខាងសមាគមសុវត្តិភាព ត្រី បន្លែសាច់កម្ពុជា និងសមាគមវារីវប្បករកម្ពុជា នឹងពង្រីកមជ្ឈមណ្ឌលប្រមូលទិញត្រីនេះ នៅតាមតំបន់ផ្សេងៗទៀត ដើម្បីសម្រួលការលំបាក និងដោះស្រាយបញ្ហាតម្លៃត្រីរបស់ប្រជាកសិករថែមទៀត៕