តំណាំដែលដាំនៅក្នុងរោងសមណាញ់នៅខេត្តបាត់ដំបង។ រូបភាព៖ដកស្រង់ពីទំព័រហ្វសប៊ុកលោកសុខ លូ អភិបាលខេត្តបាត់ដំបង

ប្រជាកសិករក្នុងសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាត់បន្ថយការប្រើប្រាស់ជីគីមីបានស្ទើរ១០០០%ក្នុងការដាំបន្លែក្នុងរោងសំណាញ់។

 

សហគមន៍នេះមានសមាជិកចំនួន២០០គ្រួសារ ហើយបន្លែដែលដាំគឺផ្ដោតលើ ស្លឹកដែលចំណាយពេលលឿន ក្នុងនោះត្រឹមពេលប្រហែលមួយខែអាចប្រមូលផលបាន ហើយបន្លែដែលដាំបាន ខាងសហគមន៍មានទីផ្សារច្រើននៅភ្នំពេញ មានប្រមណជាង២០កន្លែងដែលចាំទទួលទិញ។

 

លោកជាង សុជាតិ អាយុ៥០ ជាប្រជាកសិករដាំបន្លែក្នុងសហគមន៍កសិកម្មតាសីសាមគ្គី ម្នាក់ បានប្រាប់ខ្មែរណាស់នៅថ្ងៃទី ២៤ធ្នូនេះថា លោកបានចាប់ផ្ដើមដាំបន្លែនៅក្នុងផ្ទះសំណាញ់ស្បៃដំបូង ចាប់តាំងពីឆ្នាំ២០១៥មក ដោយស្ថិតក្នុងគម្រោងជំនួយរបស់សកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។ ប៉ុន្តែបច្ចុប្បន្ន លោកបានផ្លាស់ប្ដូរពីផ្ទះសំណាញ់ធម្មតា ទៅជាប្រភេទតង់ដែលមានប្រព័ន្ធការពារយូវី ដោយសារលោកមានធន់ធានច្រើនជាងមុន ហើយវាធន់នឹងអាកាសធាតុជាង។

 

 

លោកបន្តថា  ការដាំបន្លែនៅក្នុងរោងប្រកដោយតង់នេះ មានភាពខុសគ្នា ពីការដាំនៅទីវាលក្រៅធម្មតា ដោយអាចជួយសន្សំសំចៃប្រាក់កាស់ ក្នុងការទិញថ្នាំគីមី កាត់បន្ថយការប្រើប្រាស់ទឹក នឹងអាចដាំបានច្រើនដងក្នុងមួយឆ្នាំ ដោយមិនចាញ់អាកាសធាតុ។

 

 

លោកបន្ថែមថា៖«ចំណាយតិចជាំងមុន! ធម្មតាយើងមានសំណាញ់យើងស្រលាញ់ណាស់ ដីក្នុងផ្ទះសំណាញ់។ ពួកយើងនឹងព្យាយាមធ្វើកំប៉ុសធ្វើអី ដាក់ឱ្យបានដីធូ ដីល្អហើយកាត់បន្ថយប្រភេទជីគីមីនិងថ្នាំពុលច្រើន តែយើងក៏រវល់ធ្វើកំប៉ុសច្រើនជាងខាងក្រៅដែរ។ នៅក្នុងផ្ទះសំណាញ់គឺយើងប្រើទឹកតិចបំផុតហើយ បាទ!​ តិចនិងជីគីមីគឺយើងកាត់បន្ថយស្ទើរ៩០%»។

 

កសិកររូបនេះមានផ្ទះរោងដំណាំចំនួន៣ក្នុងពេលបច្ចុប្បន្ន ដែលក្នុងមួយរោងមានទំហំ២៥០ ម៉ែត្រការេ ហើយក្នុងមួយរោងលោកអាចរកប្រាក់ចំណេញពីវាបានប្រមាណជាង១០០ដុល្លារក្នុងការប្រមូលផលម្ដងៗនិងថវិកាសរុបសម្រាប់ការប្រមូលផលប្រចាំឆ្នាំ លោកអាចសល់ប្រមាណជាង៣០០០ដុល្លារ។

 

លោកបន្ថែមថា៖«ឃើញថាជីវភាពធូរធាជាងមុន កើនបណ្ដើរៗឡើងដែរពីមុនយើងអត់មានផ្ទះសំណាញ់ ឥឡូវយើងមានមួយរហូតឡើងដល់បី បួនបណ្ដើរៗអ៊ីចឹង ហើយនឹងមានគម្រោងសាងសង់បន្តទៀតឆ្នាំនេះ»។

 

លោកបានលើកទឹកចិត្តឱ្យប្រជាកសិករផ្សេងទៀត ចាប់ផ្ដើមដាំបន្លែតាមបែបក្នុងផ្ទះតង់ឬសំណាញ់បែបនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ជីគីមី ផ្ដល់ប្រាក់កម្រៃគួរសម្យសម្រាប់ជីវភាព និងផ្ដល់សុខភាពទាំងអ្នកដាំ និងអ្នកបរិភោគ។ ហើយកសិករអាចចាប់ផ្ដើមពីតូចសិនទៅក៏បាន ដោយមើលតាមទំហំដីដែលមានចំណែកខាងសហគមន៍កសិកម្មតាសីសាមគ្គីក៏អាចនឹងមានបង្រៀនពីវិធីក្នុងការដាំដុះដល់អ្នកដែលចង់ធ្វើវាផងដែរ។

 

 

កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ សហគមន៍កសិកម្មតាសីសាមគ្គី គ្រោងនាំចេញបន្លែសុវត្ថិភាព មានដូចជាត្រកួនចិន ស្ពៃខាត់ណាផ្កាលឿង ស្ពៃខាត់ណាផ្កាស ស្ពៃខាត់ណាផ្កាខៀវ និងស្ពៃក្តោប ទៅកាន់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២២ ខាងមុខនេះ ព្រោះខាងភាគីសិង្ហបូរីមើលឃើញពីសក្តានុពលបន្លែនៅកម្ពុជាប្រសើរជាងប្រទេសជិតខាង។