ការចូលរួមប្រជុំពីសំណាក់ប្រជាសហគមន៍មកពីបណ្ដាខេត្តផ្សេងៗនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋគារសាន់វ៉េ។ រូបភាព៖ដកស្រង់ពីទំព័រហ្វេសប៊ុក The NGO Forum On Cambodia

តំណាងប្រជាសហគមន៍មួយចំនួនដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ នៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស បានមកជួបជុំគ្នា នៅក្នុងសិក្ខាសាលាមួយរៀបចំដោយវេទិការមិនមែនរដ្ឋាភិបាលនៃកម្ពុជា(The Ngo Forum On Cambodia) ដើម្បីស្វែងរកដំណោះស្រាយ។

 

កាលពីថ្ងៃទី ២៧ខែធ្នូ កន្លងទៅ តំណាងសហគមន៍បានមកជួបជុំគ្នា នៅក្នុងសិក្ខាសាលាផ្សាពផ្សាយពី ព័ត៌មានវិវាទដីធ្លី និងធនធានធម្មជាតិ ដោយអ្នកទាំងនោះមកពី ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី មណ្ឌលគិរីនិងភ្នំពេញជាដើម ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់អភិបាលឬអភិបាលរងខេត្តមួយចំនួនផងដែរ។ 

 

លោក ស្ងួន ញឿន តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិឡពាង ឃុំតាចេស ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា សហគមន៍របស់លោកមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី(KDC) អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយពុំទាន់ឃើញមានការដោះស្រាយណាស្រមស្របសម្រាប់ពលរដ្ឋនៅទីនោះទេ។ 

 

លោកបន្ថែមថា៖«គិតទៅភាគីក្រុមហ៊ុនគេយកតែប្រព័ន្ធតុលាការធ្វើបាប មកដល់អ្នកដែលតវ៉ាដីធ្លី ហើយចាប់តំណាងពួកយើងជាច្រើនលើកច្រើនសារមកហើយ»។

 

យោងតាមរបាយការណ៍ វិវាទដីធ្លី«ទិន្នន័យវិវាទដីធ្លីនៅក្នុងតំបន់៤ រាជធានីភ្នំពេញ និង១៧ខេត្ត នៃប្រទេសកម្ពុជា»ចេញផ្សាយនៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១បានឱ្យដឹងថា ចំនួនគ្រួសារវិវាទមានទំហំចាប់ពី៥ ដល់២០០០គ្រួសារ។ ករណីវិវាទដីធ្លីសហគមន៍ មានចំនួនច្រើនគ្រួសារ ចំណែកភាគីវិវាទទាំងនោះមានដូចជា ក្រុមហ៊ុន សា្ថប័ន បុគ្គល សហគមន៍ក្រុមជនជាតិដើមភាគតិច និងក្រុមជនជាតិដើមភាគតិច។

 

លោក ជា សុផាត ជាតំណាងពលរដ្ឋរងផលប៉ះពាល់ពីក្រុមហ៊ុនអភិវឌ្ឍ អូស៊ីអាយស៊ី(OCIC) ជ្រោយចង្វារ និយាយនៅក្នុងកិច្ចពិភាក្សានោះថា លោកបានទទួលការដោះស្រាយតាមគោលនយោបាយដោះស្រាយពីរដ្ឋាភិបាលរួចហើយ ប៉ុន្តែ នៅតែមានប្រហែលប្រមាណ១០%ទៀតដែលមិនទាន់បានទទួលយកដំណោះស្រាយនោះ។ 

 

លោកស្នើរឱ្យអាជ្ញាធរប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកដែលទទួលយកការដោះស្រាយទាំងនោះ ដើម្បីឱ្យមានភាពងាយស្រួលដល់ជីវភាពរបស់ពួកគាត់ ហើយចំពោះអ្នកដែលមិនទាន់ទទួលបានដំណោះស្រាយ អាជ្ញាធរគួរតែរកដំណោះស្រាយឱ្យបានឆាប់រហ័ស​ និងមិនមានការបណ្ដេញចេញពីលំនៅឋានបន្តទៀត។ 

 

លោកបន្ថែមថា៖«អ៊ីចឹងក្នុងនេះ ខ្ញុំបាទនៅមានបញ្ហាមួយចំនួនទៀត សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយ និងបងប្អូនដែលមានដីតូច ជាង១០០០ម៉ែត្រការ៉េ គឺគ្នាវេទនាមិនដឹង ធ្វើម៉េចទេ! ខ្លះមានតែ៥០ការ៉េ បើឱ្យ១០%បានតែ៥ការ៉េ មិនដឹងយកទៅធ្វើអី នៅប្រហែលបាទ! ២០ ៣០គ្រួសារទៀត»។ 

 

របាយការណ៍ទិន្នន័យវិវាទដីធ្លីដដែលបានបង្ហាញផងដែរថា នៅក្នុងតំបន់ដែលបានកំណត់ទីតាំងភូមិសាស្ត្រសរុប១៧ខេត្ត និងរាជធានីភ្នំពេញផងដែរនោះ សរុបមាន២៧៩ករណី ក្នុងនោះរាជធានីភ្នំពេញមាន ២៨ករណី កំពង់ឆ្នាំង២១ករណី បន្ទាយមានជ័យ២២ករណី បាត់ដំបង២២ករណី ព្រះសីហនុ២៤ករណី និងខេត្តផ្សេងៗទៀត មានចំនួនករណីផ្សេងទៀត។

 

ខ្មែណាស់មិនអាចសុំការពន្យល់បន្ថែមពីលោក សេង ឡូត មន្រ្តីនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់បានទេ នៅថ្ងៃ២៨ធ្នូនេះ ដោយហៅទូរសព្ទចូល តែគ្មានអ្នកទទួល។ 

 

ចំពោះការលើកឡើងពីសំណាក់តំណាងសហគមន៍ លោកវណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ខ្មែរណាស់ នៅថ្ងៃទី២៨ធ្នូថា លោកសង្ដតឃើញការដោះស្រាយបញ្ហាដីធ្លី កន្លងមកបានច្រើនដែរ ប៉ុន្តែនៅតែមានការពន្យារពេល ហើយករណីខ្លះពន្យារពេលរហូតដល់១០ឆ្នាំក៏មាន។ លោកបន្តថា ការពន្យារពេលដ៏យូរបែបនេះ អាចបណ្ដាលឱ្យមានការបណ្ដេញចេញពីលំនៅឋានជាថ្មី និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋថែមទៀត។

 

លោក៏បានអំពាវនាវឱ្យគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការដោះស្រាយបញ្ហាទំនាស់ដីធ្លីទាំងនោះឱ្យបានទាន់ពេលវេលា និងមិនអូសបន្លាយពេលវេលា ដែលអាចធ្វើឱ្យពួកគាត់កាន់តែមានបញ្ហាប្រឈមកាន់តែច្រើន។​ 

 

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាននាំគ្នាឈរលើកបដា និង​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរព្រំប្រទល់​នៃខេត្តទាំង២នេះ ជាង​២ម៉ោង ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្តពោធិ៍សាត់ដែលគ្រោង​យក​ដីនោះទៅចែកឱ្យ​ពលរដ្ឋ​ខ្លួន៕