លោក សុខ ទូច (រូបក្នុងរង្វង់) និងរូបលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីចម្រុះខេត្ត យកកូនឈើប្រមាណជាង១០០០ដើម ភាគច្រើនជាដើមឫស្សី ទៅដាំឡើងវិញនៅកន្លែងនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនេះកាលពីថ្ងៃទី១៤ធ្នូ។

អាជ្ញាធរនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប បានលើកឡើង ខាងថ្នាក់ខេត្តមិនមានអ្វីត្រូវឆ្លើយតបទៅនឹងការលើកឡើងរបស់លោ សុខ ទូច ដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានរិះគន់ថា អាជ្ញាធរមិនគួរយកដើមត្នោត និងដើមឫស្សីនៅតាមតំបន់ព្រៃលិចទឹកនោះទេ ព្រោះវាមិនអាចផ្ដល់ផលប្រយោជន៍ជាជម្រកសត្វត្រីពង។

លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃ២៩ធ្នូនេះថា ចំពោះការយកគ្រាប់ត្នោតនិងឫស្សី​ ទៅដាំនៅតាមតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលទើបដកហូតមកវិញពីការទន្ទ្រានយកដោយខុសច្បាប់ គឺជាការអនុវត្តតាមបទបញ្ជាពីថ្នាក់ជាតិប៉ុណ្ណោះ។

លោកថ្លែងដូច្នេះថា៖«ក្នុងនាមរដ្ឋបាលខេត្ត យើងមានតែអនុវត្តអ្វីតាមការណែនាំ។ យើងមិនអាចអនុវត្តអ្វីក្រៅពីការណែនាំហ្នឹងទេ ព្រោះការណែនាំឱ្យយើងអ្នកប្រតិបត្តខាងក្រោមនេះ អនុវត្តបែបម៉េច យើងអនុវត្តបែបហ្នឹង»។

លោកបន្តថា៖« ហើយជាមួយនេះ ការណ៍ដែលយើងដាំគ្រាប់ត្នោតគ្រាប់អីនេះ គឺថ្នាក់ដឹកនាំ លោកបានផ្ដល់មក ហើយជាគោលការណ៍ក៏បានឱ្យយើងដាំ​ ហើយការដាំត្នោតនេះក៏មិនមានថាឥតប្រយោជន៍អីដែរ ព្រោះទីមួយវាដូចជាសម្គាល់ប្រភេទដើមត្នោតដែលជាមរតកជាតិរបស់យើងផង ហើយទីពីរ វាក៏ធន់នឹងអាកាសធាតុយើងផងណ៎ា»។

ខេត្តបាត់ដំបងបានទទួលគ្រាប់ត្នោតពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចំនួនបីលើករួចមកហើយ ដើម្បីយកទៅដាំក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប សរុបទាំងអស់មានចំនួន៥៧,៩០០គ្រាប់។

ក្រៅពីគ្រាប់ត្នោត អភិបាលរងខេត្តបាត់ដំបងដដែលបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានដាំដើមឈើផ្សេងដែលធន់នឹងទឹកមួយចំនួនទៀត ដូចជា ដើមរាំង និងដើមរំដេញ ​និងប្រភេទដើមឈើស៊ាំនឹងទឹកផ្សេងទៀត បានជាង២០០០ដើម។

លោក សុខ ទូច បានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃ១៩ធ្នូថា អ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ហើយផ្តល់ប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង ដើមរាំងទឹក ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ។

ចំណែកលោក លី សំរិត អភិបាលរងខេត្តសៀមរាបលើកឡើងដែរថា លោកក៏មិនមានអី្វឆ្លើយតបចំពោះការលើកឡើងរបស់លោក សុខ ទូច នោះទេ ព្រោះវាជាបញ្ជាពីថ្នាក់លើមក។ លោកបញ្ជាក់ថា ចំពោះផ្ទៃដី និងចំនួនកូនឈើដែលបានដាំឡើងវិញនៅទីតាំងភូមិសាស្តដីព្រៃលិចទឹកក្នុងខេត្តសៀមរាប លោកក៏មិនទាន់អាចកំណត់បានដែរ ព្រោះវានៅមានទំហំធំ និងត្រូវដាំច្រើនទៀត។

ខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីមូលហេតុដែលក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បន្តជ្រើសរើសយកពូជត្នោត និងឫស្សីទៅដាំនៅតាមតំបន់ដីព្រៃលិចទឹក​ ពីលោក​សេង ឡូត អ្នកនាំពាក្យក្រសួងបាននោះទេ ដោយហៅទូរសព្ទចូលគ្មានអ្នកទទួល៕