លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងនៅក្នុងសិក្ខាសាលា ស្តីពី ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ប្រធាននិយ័តករមូលបត្រកម្ពុជាបានលើកទឹកចិត្ត សហគ្រាសធុនតូចនិងមធ្យម(SME)នៅកម្ពុជា ពិចារណាបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា ដែលជាជម្រើសហិរញ្ញប្បទានថ្មីរយៈពេលវែង ដើម្បីប្រមូលទុនយកទៅធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី២៧ធ្នូ ថា វិស័យ SME តែងតែមានបញ្ហាប្រឈមជាច្រើន ហើយបញ្ហាដែលចម្បងជាងគេ គឺខ្វះទុនដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ លោកបន្តថា ផ្សារមូលបត្រគឺជាជម្រើសមួយដ៏សក្តិ៍សមដែលអនុញ្ញាតដល់ SME អាចធ្វើការកៀរគរទុនប្រកបដោយនិរន្តភាព។

លោកបានបញ្ជាក់ថា ៖«ការបោះផ្សាយលក់មូលបត្រជាសាធារណៈ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ SMEs ដែលមិនត្រឹមតែជាប្រភពទុនថ្មីមិនចេះរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែជាមួយនិងការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា ក៏ជួយកសាងកេរ្តិ៍ឈ្មោះ និងជួយពង្រឹងអភិបាលកិច្ចដល់ក្រុមហ៊ុនទៀតផង។ »។

លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា បច្ចុប្បន្ន លោកបានចុះបញ្ជីក្រុមហ៊ុន Telcotech ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន របស់ Royal Group  ដោយបានបោះផ្សាយមូលបត្របំណុល២០លានដុល្លារ ជាមួយនឹងការធានាពី  Credit Guarantee and Investment Facility(CGIF)  ក្នុងអត្រាបណ្ណគឺ៤.៥%ក្នុងមួយឆ្នាំ ហើយមានកាលកំណត់គឺ៥ឆ្នាំ។

លោកបន្ថែមថា៖« តាំងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យពិចារណារប្រមូលទុនសប្រាក់តាមរយៈទីផ្សារមូលធន ទោះជាមានឧបសគ្គមួយចំនួនដែលត្រូវដោះស្រាយមែន  ប៉ុន្តែកុំបារម្ភ ព្រោះយើងមាននិយតករមូលបត្របានគាំទ្រខ្លាំងលើការងារននេះ ហើយទីផ្សារមូលធន គឺជាកន្លែងដ៏ល្អមួយសម្រាប់ដាក់ប្រាក់របស់អ្នក ជាពិសេសការវិនិយោគរយៈពេលវែង»។

បច្ចុប្បន្នមានក្រុមហ៊ុនពីរដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ នៅលើផ្សារកំណើននេះ គឺក្រុមហ៊ុនសំណង់ DBD Engineering និងក្រុមហ៊ុន Telcotech៕