លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៦ដល់១៨ធ្នូ។

ប្រទេសកម្ពុជា-ថៃ បានប្តេជ្ញាក្នុងការជំរុញការដោះដូរទំនិញ រវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមគោលដៅចំនួន១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក្រោយពីខកខានជាលើកទីពីរនៃការសម្រេចតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក ដោយសារផលប៉ះពាល់ជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលវេលាជិតពីរឆ្នាំមកនេះ។

កាលពីថ្ងៃទី១៣កញ្ញា ឆ្នាំ២០១៧ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសន្យារួមគ្នាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២០។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១១ ដែលដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ កាលពីថ្ងៃទី ១៦ ដល់ ១៨ ធ្នូ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធ ស្វែងរកមធ្យោបាយនានាដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ។

«ភាគីទាំងពីរបានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុន ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី MFAIC កាលពីថ្ងៃទី២១ខែធ្នូ។

សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ជាមួយប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថាប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥»។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើងឡើងថា ការបន្តអូសបន្លាយពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍​ បានរារាំងដល់គោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញានាពេលកន្លងមក។ ប៉ុន្តែលោកសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការរក្សាបាននូវការដោះដូរ ទំនិញ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ផែនការដែលបានបន្តដល់ឆ្នាំ២០២៥អាចនឹងសម្រេចតាមគោលដៅតាមការគ្រោងទុក។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសូមសម្តែងការសោកស្តាយចំពោះការមិនសម្រេចទៅតាមផែនការដែលបានតាំងចិត្តពីសំណាក់ថ្នាក់ដឹកនាំទាំងពីរ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។  ទោះជាយ៉ាងណា  ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ប្រសិនបើប្រទេសជិតខាងយើង គាត់អាចគ្រប់គ្រងជំងឺកូវីដបានល្អនោះ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះនឹងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះយើងអាចសម្រេចទៅតាមគោលដៅនេះ»។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើងដល់ ៥,៩៧ ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងឆ្នាំ ២០២១ កើនឡើង ១៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពី ៥,០៨ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានតម្លៃ ៦៨៧ លានដុល្លារ ធ្លាក់ចុះ២៨ភាគរយ ពី៩៥៨ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីថៃមានចំនួន ៥,២៨ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយពី ៤,៦១ ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅប្រទេសថៃ ចាប់ពីខែមករា ដល់ខែកញ្ញា រួមមាន វាយនភ័ណ្ឌ ផលិតផលកសិកម្ម ត្បូងមានតម្លៃ វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែកការនាំចូលដែលគួរឱ្យកត់សម្គាល់គឺថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និងគ្រឿងឧបភោគបរិភោគ៕