បុរសពីរនាក់កំពុងដើរចូលវិទ្យាល៏យសម្ដេចឳសម្ដចម៉ែ នៅក្រុងបានលុង ខេត្តរតនគីរី។ រូបភាពដោយ៖ សារុំ ស្រីណាត

ក្រុមគ្រូបង្រៀន ក្នុងភូមិ តាំងលោម និងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី បង្ហាញក្ដីបារម្ភចំពោះអនាគតកុមារជាពិសេសកុមារី ដោយសារភាគច្រើន ពួកគេមិនសូវបានទៅរៀនទៀងទាត់ ហើយឆាប់បោះបង់ការសិក្សា ព្រោះផ្ទះរបស់ពួកគេនៅឆ្ងាយពីសាលា និងមិនមានអ្នកមើលថែ ខណៈឳពុកម្ដាយត្រូវទៅធ្វើចម្ការនៅឆ្ងាយពីផ្ទះ និងខ្វះការជំរុញពីឳពុកម្ដាយ។

លោកស្រី សល់ ទួន ជាជនជាតិដើមភាគតិចចារាយ អាយុ៣៤ ជាអ្នកស្ម័គ្រចិត្តជួយព្យាបាលជំងឺគ្រុនចាញ់នៅក្នុងភូមិតាំងលោម បានប្រាប់ខ្មែរណាស់នៅថ្ងៃទី៥ធ្នូថា កុមារនៅក្នុងភូមិនេះមិនសូវទៅរៀនទៀងទាត់ប៉ុន្មាននោះទេ ដោយសារកត្តាផ្សេងៗ ក្នុងនោះក៏មានក្មេងមួយចំនួនតូចមិនចង់រៀនដោយខ្លួនឯងតែម្ដង។

លោកស្រីបន្តថា៖« ទីមួយ បើចាប់ពីអាយុ១០ឆ្នាំ គឺជួយឳពុកម្តាយ ភាគច្រើនគេនាំកូនទៅចម្ការ។ អ្នកខ្លះកូនវាអត់ចូលរៀនក៏មានដែរ អាហ្នឹងយើងឧទាហរណ៍ថា ម៉ែវាទៅចម្ការ វាឃើញអត់មានណានៅ វាចង់ទៅដែរ។ ហ្នឹងហើយ តែអ្នកខ្លះវាជំរុញកូនវាមិនទាន់បាន១០០%ថា ធ្វើម៉េចឱ្យកូនបានចូលរៀន យើងសុខចិត្តធ្វើអ្វីៗឱ្យបានកូនរៀន។»។

លោកស្រីស់ ទួន និងកូនស្រី។ រូបភាពដោយ៖ សារុំ ស្រីណាត

នៅក្នុងភូមិតាំងលោមនេះ មានសាលាតែ២ប៉ុណ្ណោះ គឺសាលាបឋមសិក្សាមួយដែលមានគ្រូចំនួន៤នាក់  ដែលបង្រៀនចាប់ពីថ្នាក់ទី១ដល់ទី៦ ហើយបានកសាងឡើងនៅឆ្នាំ២០១៦ និងសាលាមេត្តេយ្យ១ខ្នង ប៉ុន្តែសាលាទាំងនេះ គឺមានចម្ងាយពីអនុវិទ្យាល័យរហូតប្រមាណជាង៤០គីឡូម៉ែត្រ។

លោកស្រីបន្តថា ប្រសិនកុមារមិនសូវបានរៀនជាប់លាប់ ឬឆាប់បោះបង់ការសិក្សាចោលទាំងវ័យក្មេងបែបនេះ អនាគតរបស់ពួកគេ អាចនឹងប្រឈម ដូចជាពិបាករកការងារធ្វើ ឬអាចងាយចាញ់បោកគេជាដើម។

លោកស្រីថ្លែងដូច្នេះថា៖«បើខ្ញុំគិតទៅណា! ពិបាកហើយ ទីមួយ គឺមនុស្សយើងគឺបើអត់បានរៀនសូត្រហ្នឹង ពិបាកដែរ ពិបាកការនិយាយ ការរស់នៅ ពិបាកការរកស៊ី អ៊ីចឹងទៅណា៎។ ហើយបើថា និយាយពីរឿងក្មេងស្រី គឺពិបាកច្រើនជាងក្មេងប្រុស មនុស្សស្រីយើង»។

លោក ផាន់ គន្ធា អាយុ២៦ឆ្នាំ ជានាយកសាលាបឋមសិក្សាភូមិតាំងលោម បានលើកឡើងថា នៅក្នុងភូមិ មិនសូវមានក្មេងទៅរៀនច្រើននោះទេ ដោយសារមូលហេតុផ្ទះរបស់ពួកគេ នៅឆ្ងាយពីសាលា៧ទៅ៨គីឡូម៉ែត្រ និងអ្នកខ្លះទៀតមានផ្ទះរហូតដល់ជាប់ព្រំដែនវៀតណាម ដែលបង្កការលំបាកសម្រាប់ឪពុកម្ដាយ​ ដើម្បីបញ្ជូនកូនមកកាន់សាលារៀន រួមទាំងបញ្ហាផ្សេងទៀត ដូចជាបញ្ហាជីវភាព និងកុមារគ្មានការជំរុញលើកចិត្តគ្រប់គ្រាន់ឱ្យបន្តការសិក្សាជាដើម។

លោកបង្ហាញក្ដីបារម្ភចំពោះអនាគតរបស់កុមារជនជាតិដើមភាគតិចចារាយ ដោយខ្លាចថា ពួកគេអាចនឹងមិនមានស្ថានភាពល្អទៅថ្ងៃមុខ។

លោកបន្តថា៖«ចំពោះខ្ញុំ ក្មេងដែលគាត់ចូលសាលារៀនហ្នឹង អនាគតទៅ ទីមួយគាត់អាចអត់ចេះអក្សរអត់ចេះអី អ៊ីចឹងទៅណា៎។ ទីពីរ ខ្លាចគាត់ដើរផ្លូវខុស គាត់ទៅប្រព្រឹត្តអាអំពើអបាយមុខផ្សេងៗ មិនថានៅក្នុងភូមិហ្នឹងមើលទៅក្មេងៗ វាអត់សូវមករៀនច្រើនអីចឹងណា៎»។

ភាពក្រីក្រជាមូលហេតុចម្បង ដែលធ្វើឱ្យកុមារឆាប់បោះបង់ការសិក្ស ហើយពួកគេច្រើនតែមានការងារធ្វើពេលកំពុងរៀន បើធៀបនឹងកុមារដែលរស់នៅតាមតំបន់ទីប្រជុំជន ដែលនេះជាកត្តាធ្វើឱ្យេពួកគេអវត្តមានពីថ្នាក់រៀន និងឆាប់បោះបង់ការសិក្សា នេះបើយោងតាមរបាយការណ៍ស្រាជ្រាវរបស់អង្គការយូនីសែហ្វកម្ពុជា ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៩។

លោក សល់ ម្ល៉ អាយុ២១ឆ្នាំ ជាជនដើមភាគតិចចារាយ ហើយក៏ជាគ្រូជំនួសនៅក្នុងសាលាបឋមសិក្សាតាំងលោមបានលើកឡើងថា កុមារជំនាន់ក្រោយដែលមិនបានទៅរៀនទាំងនោះនឹងប្រឈមបញ្ហាក្នុងការប្រាស្រ័យទាក់ទងមនុស្សនៅសហគមន៍ខាងក្រៅ។

លោកបន្តថា៖«ខ្ញុំគិតថា បារម្ភពីពួកគាត់ណាស់ក្នុងការរស់នៅជីវិតប្រចាំថ្ងៃ អនាគតទៅវាអាចនឹងមានផលប៉ះពាល់លំបាក ដល់គ្រួសាររបស់ពួកគាត់ ដោយសារចំណេះរបស់ពួកគាត់នៅមានកម្រិត ហើយនិងការយល់ដឹងរបស់ពួកគាត់មិនទាន់គ្រប់គ្រាន់។ ហើយខ្ញុំគិតថា ជំរុញក្មេងៗជំនាន់ក្រោយនេះឱ្យមានការរៀនសូត្រតឹងតែង ការរៀនសូត្ររបស់ពួកគេ»។

លោកស្រី ក្លាន ពួជ ជនជាតិដើមភាគតិចចារាយ អាយុ៣៦ រស់នៅភូមិនតាំងសេ  និងមានកូនប្រុសម្នាក់អាយុ៥ឆ្នាំបានលើកឡើងថា សព្វថ្ងៃកូនរបស់លោកស្រី មិនទាន់បានចូលរៀនថ្នាក់មេត្តយ្យនោះទេ ដោយសារនៅក្នុងភូមិមិនទាន់មាន ហើយទោះបីជាមាន ក៏លោកស្រីមិនអាចទុកកូនចោលនៅសាលារៀនរហូតដែរ ខណៈចម្ការរបស់លោកស្រីនៅឆ្ងាយពីភូមិ ដែលត្រូវចំណាយពេលធ្វើដំណើរតាមម៉ូតូប្រហែល២ម៉ោង ដូច្នេះមិនមានពេលទៅវិញទៅមក ដើម្បីយកដាក់សាលាជាប្រចាំថ្ងៃឡើយ។

ខ្ទមចាំចម្ការរបស់លោកស្រី ក្លាន ពួច។ រូបភាពដោយ៖ សារុំ ស្រីណាត

លោកស្រីបន្តថា៖«ព្រួយបារម្ភដែររាល់ថ្ងៃ កូនបើខ្ញុំធ្វើការនេះ វាអត់បានទៅរៀន ធ្វើម៉េចមានពេលវេលា។ បារម្ភខ្លាចវាអស់ដីអស់អី វាអត់ចេះដឹង ដូចជាទៅណាមកណាវាពិបាកហ្នឹងណា៎ បើសិនវាចេះធ្វើការនិងគេ ឬក៏ស៊ីឈ្នួលស៊ីអីនឹងគេ ខ្លាចគេកុំឱ្យគេបោកគាត់ បោកវានិងណា៎ បើសិនយើងទៅណា បើសិនយើងមិនធ្វើការងារធំៗ យើងអាចធ្វើការស៊ីឈ្នួលទៅណា៎»។

យោងតាមរបាយការណ៍របស់អង្គការយូនីសែហ្វ បានបង្ហាញថា កុមារដែលរស់នៅតាមតំបន់ ជនបទ ខ្ពង់រាបជួរភ្នំ មានភាពលំបាកជាងគេ។ អង្គការនេះបញ្ជាក់ថា ៥៧,៨%នៃកុមារនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ ជួបការខ្វះខាតការប្រើប្រាស់ទឹកស្អាតនិងអនាម័យ អាហារូបត្ថមហើយពួកគេពុំមានបង្គន់ដែលត្រូវបានកែលម្អប្រើប្រាស់ឡើងវិញឡើយ ខណៈដែលកុមារ៤៧% កំពុងរស់នៅក្នុងផ្ទះដែលមានមនុស្សរស់នៅកកកុញ ពោលគឺមានមនុស្សជាង៤នាក់ក្នុងបន្ទប់គេងមួយ។ លើសពីនេះការទទួលបានការអប់រំកម្រិតបឋមសិក្សា ត្រូវការយកចិត្តទុកដាក់ ពោលគឺកុមារលើសអាយុចូលរៀនបឋមសិក្សា(១២ដល់១៤ឆ្នាំ)ពុំបានរៀនចប់ប្រាំមួយថ្នាក់នៅកម្រិតបឋមសិក្សាឡើយ។

ទាក់ទងនិងបញ្ហានេះ លោក ក្លាន ដៀន ជាអនុប្រធាន គណៈការសហគមន៍ អាយុ៣៣ឆ្នាំរស់ នៅក្នុងភូមិតាំងសេ និងមានកូនស្រីចំនួន៣នាក់ ដែលក្នុងនោះមានម្នាក់កំពុងរៀនថ្នាក់ទី៩នៅអនុវិទ្យាល័យក្នុងឃុំញ៉ាង បានលើកឡើងថា ក្មេងមិនសូវបានចូលរៀន អាចបង្កើតជាភាពចលាចលនៅក្នុងសហគមន៍ ដូចជា (ងាយបង្កឱ្យមានអំពើហិង្សា និងឈានទៅការរៀបការនៅវ័យក្មេងជាដើម។

លោកបានខិតខំពន្យល់កូនស្រីទាំងបី ទៅសាលារៀនរហូតដល់វិទ្យាល័យ ដោយសារខ្លាចថា ពួកគេមិនចេះទំនាក់ទំនងជាមួយជាតិសាសន៍ដទៃក្រៅពីជនជាតិចារាយរបស់ខ្លួន។

លោកថ្លែងដូច្នេះថា៖«ខ្ញុំយ់ថា ឱ្យគាត់ចេះយោគយល់ ឱ្យគាត់ចេះមានប្រាជ្ញា ប្រើប្រាស់ក្នុងសង្គម សហគមន៍ តើធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពសម្រាប់គាត់ ​ទោះបីអនាគតគាត់ក្រ គាត់មិនមានការងារធ្វើ ខ្ញុំមិនគិត។ គោលបំណងទីមួយ លុបបំបាត់ការមិនចេះអក្សរ ទីពីដូចជាគាត់រស់នៅក្នងសង្គម វាសមស្របនឹងគេ ទីបីឱ្យគាត់ចេះការពារខ្លួន»។

យោងតាមរបាយការណ៍របស់ក្រសួអប់រំ បានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការបិទសាលាទូទាំងប្រទេស កាលពីខែមីនា ឆ្នាំ២០២០ បានធ្វើឱ្យរំខានដល់ការសិក្សាដល់សាលាសរុប ១៤៣៨២ កន្លែង និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន៣ឬ២លាននាក់​ ចាប់តាំងពីថ្នាក់ មតេ្តយ្យដល់វិទ្យាល័យ។

របាយការណ៍ដដែលក៏បានបញ្ជាក់ថា កុមារី និងកុមារាកាន់តែប្រឈមនឹងហានិភ័យក្នុងអំឡុងពេលសាលាបិទទ្វា​ ដោយសារតែពួកគេក្នុងភាគរយមួយគួរឱ្យកត់សម្គាល់(កុមារី១៧%និងកុមារា%)បានលើកឡើងថាដោយខ្លួនឯងថា បានទទួលរងអំពើហិង្សា ការរំលោភបំពាន ឬការកេងប្រវ័ញ្ចរឹតតែច្រើនជាងមុន៕