ឈើដែលគេកាប់បំផ្លាញពេលប្រជាសហគមន៍ចុះទៅល្បាត។ រូបភាព៖ ផ្ដល់ឱ្យ

បណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ បានចុះល្បាតនិងឃ្លាំមើលបទល្មើសព្រៃឈើក្នុងចំណុចចំនួន៩នៅក្នុងទីតាំងព្រៃឡង់ និងប្រទះឃើញបទល្មើសចំនួន៥២ករណី។

បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១៧ធ្នូ ថា ក្រុមបណ្ដាញរបស់ខ្លួនបានរកឃើញករណីល្មើសចំនួន៥២ករណី​ ក្នុងចំណោមចំណុចទាំង៩ចំណុចដែលបានចុះទៅល្បាត និងបានប្រទះឃើញមានគោយន្តចំនួន២៧គ្រឿង និងឡានចំនួន៤គ្រឿង។

ចំណុចទាំង៩នោះ មានដូចជាចំណុចបុស្សរាំង ចំណុចជ្រាប់ក្បាលដំរី ចំណុចស្រែកណ្ដោល ចំណុចភ្នំចោទ ចំណុចភូមិចាស់ ចំណុចប្រាសាទគោល ចំណុចព្រៃស្រឡៅ ចំណុចអូរអាចម៍ដែក និងចំណុចក្បាលតាង៉ុត។ 

របាយការណ៍ដដែលបន្ថែមថា៖ឈើជាច្រើនដែលជនល្មើសកាប់ ដឹកជញ្ជូននោះ ភាគច្រើនមុខកាត់ធំៗ ចាប់ពី៤០ ៦០ ៧០ ៩០ និង១១០សង់ទីម៉ែត្រ ដូចជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដូងចែម ផ្ដៀក លំបោរ ស្ទៀង» ។

លោក ស្រី ថី អាយុ៥៤ឆ្នាំ ជាជនជាតិដើមភាគតិចកួយ ដែលបានតាមដានពីស្ថានភាពព្រៃឡង់តាំងពីអំឡុងឆ្នាំ១៩៩៨មក បានប្រាប់ខ្មែរណាស់នៅថ្ងៃទី២០ធ្នូនេះថា ក្រុមការងាររបស់លោក ដែលមានគ្នា៨នាក់ បានចុះទៅល្បាតនៅក្នុងចំណុចចំនួន៩នៃព្រៃឡង់ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងអំឡុងពេលចុះទៅល្បាតនោះលោកក៏បានជួបជនល្មើសតាមតំបន់នីមួយៗផងដែរ។

លោកបន្តថា៖«ក្នុងចំណុចនីមួយៗវាមានចាប់ពី៣០នាក់ ១៥នាក់ ក្នុងកន្លែងនីមួយៗហ្នឹងណា! ទៅណាក៏លឺម៉ាស៊ីនត្រង់ទីន័រ ពេញតែព្រៃ អត់មានអត់ទេក្នុងព្រៃ»។

បុរសជនជាតិដើមដដែលបាបនបន្ថែមថា ខាងសហគមន៍ ត្រូវបានអាជ្ញាធររារាំង មិនឱ្យចូលទៅល្បាតព្រៃចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ ហើយការដើរល្បាតទាំងឡាយ គឺសុទ្ធតែជាការស្ម័គ្រចិត្តរបស់ប្រជាសហគមន៍ដោយសារគាត់ស្ដាយធនធានដែលមាននិងកំពុងបាត់បង់ទៅដោយបណ្ដើរៗ។

ចំពោះករណីនេះលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានប្រាប់ខ្មែរណាស់ថា លោកមិនបានដឹងអំពីរឿងនេះទេ ហើយលោកក៏មិនទទួលស្គាល់ចំពោះរបាយការណ៍ដែលខាងសហគមន៍បានរាយការណ៍នេះទេ ដោយសារវាជារបាយការណ៍ឯកតោភាគី។ លោកបន្ថែមថា មូលហេតុដែលខាងអាជ្ញាធរមិនទទួលស្គាល់របាយការណ៍នេះគឺដោយសារ បណ្ដាញសមាគមន៍ព្រៃឡង់មិនបានចុះបញ្ជីជាមួយក្រសួងបរិស្ថាន។

លោកបន្តថា៖«ជាធម្មតា យើងអត់ដឹងទេ រឿងគាត់ចុះ មិនចុះហ្អ៎ា! ដោយសារបើគាត់ជាសហគមន៍ស្របច្បាប់ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន គឺយើងសហការជាមួយគាត់ យើងចុះរាល់ថ្ងៃ ជាមួយគាត់ ក៏ប៉ុន្តែពួកគាត់លួចចុះយើងអត់ដឹងផង ចឹងរបាយការណ៍គាត់គឺតែគាត់បញ្ជាក់តែម្នាក់ឯងហ្នឹង ចឹងការយកជាការខ្ញុំអត់ដឹងដែរ»។

លោក អ៊ុល វ៉ាន់ ប្រធានសមាគមន៍យុវជនកម្ពុជា ហៅកាត់ថា(C Y N) បានលើកឡើងថា វាជាក្ដីព្រួយបារម្ភមួយសម្រាប់អនាគតព្រៃឡង់ ដោយសារតែមានការកាប់បំផ្លាញជាហូរហែបែបនេះ ហើយការកាប់បំផ្លាញព្រៃឈើនេះ គឺបណ្ដាលមកពីការមិនសូវយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្តកិច្ចក្នុងមូលដ្ឋាន។

លោកបន្ថែមថា៖«សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា អាជ្ញាធរជាពិសេស មន្ត្រីបរិស្ថានឬក៏អ្នកដែលមានសមត្តកិច្ចគួរតែទទួលយកនូវរបាយការណ៍ហ្នឹង ហើយធ្វើការស្រាវជ្រាវប្រកបដោយការទទួលខុសត្រូវ  ជាពិសេសអាជ្ញាធរមានសមត្តកិច្ចគឺត្រូវតែចាត់វិធានការមានការស៊ើអង្កេត មានការតាមដានឱ្យបានច្បាស់លាស់ដើម្បីស្វែងរកមុខជនខិលខូច ជាពិសេសគឺឈ្មួញ ឬក៏ជនល្មើសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងព្រៃឡង់ហ្នឹង»។

កាលពីអំឡុងដើមខែ កក្កដា ឆ្នាំ២០២១ សកម្មជនព្រៃឈើ បាន រកឃើញ​បទ​ល្មើស​ព្រៃ​ឈើចំនួន​៣៦៦​​ករណី​ ស្ថិត​ក្នុងតំបន់​ព្រៃ​ឡង់ ក្រោយពីប្រជា​សហគមន៍​ព្រៃឡង់នៅខេត្តព្រះវិហារ៩​នាក់​ចុះ​ល្បាត​ក្នុងតំបន់ព្រៃ​ឡង់ ស្ថិត​នៅ​ចំណុច​​បុស្ស​រាំង​ ជាប់​ក្បាល​ដំរី​ អូរ​អាចម៍​ដែក​ និង​ប្រាសាទ​គោល​ ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​ រយៈ​ពេល​៥​ថ្ងៃ​ ដោយ​ចាប់​ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៣​ ខែកក្កដា ​ឆ្នាំ២០២១៕