
ភ្នំពេញ៖ក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិងសេដ្ឋកិច្ចកម្ពុជា-ចិនត្រូវបានបង្កើតឡើង បន្ទាប់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) កាលពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ ជាពិសេសលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវរវាងប្រទេសទាំងពីរ។
បើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដកស្រង់ លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានលើកឡើងថា MoU នេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា ៖«យើងសង្កេតឃើញថាយើងមានការវិនិយោគយ៉ាងច្រើន របស់វិនិយោគិនចិននៅកម្ពុជា ធ្វើឱ្យការវិនិយោគរបស់ចិនឈរនៅលំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ផងដែរ» ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដោយលោក Li Keqiang បង្ហាញនូវឆន្ទះរបស់លោកក្នុងការជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ លោកក៏បានលើកសរសើរចំពោះអត្រាកំណើនសេដ្ឋកិច្ចប្រទេសចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូងឆ្នាំ២០២១នេះផងដែរ ខណៈប្រទេសស្ទើរទាំងអស់នៅលើពិភពលោកមានកំណើនថយចុះ។
ជាមួយគ្នានេះដែរ លោក Li Keqiang ក៏បានយល់ស្របថានឹងខិតខំជំរុញឱ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ដើម្បីធ្វើយ៉ាងណាពិភាក្សា ចរចាគ្នាលើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់ តាមរយៈការបង្កើតយន្តការរួមគ្នាពិនិត្យមើលផលិតផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅប្រទេសចិន។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជិត ៧ ៩៦៨លានដុល្លារ កើនឡើង ៣៨,៣៦ភាគរយ ដោយក្នុងនោះនាំចេញទៅមានទំហំទឹកប្រាក់ជាង ១ ០៩៣លានដុល្លារ កើន ៥២,៧៤ភាគរយ ខណៈកម្ពុជានាំចូលពីចិនវិញមានទំហំទឹកប្រាក់ ៦ ៨៧៥លានដុល្លារ កើន ៣៦,៣២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕
- កម្ពុជា-ថៃ បន្តប្តេជ្ញាជំរុញការដោះដូរទំនិញ ឱ្យបាន១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ - នៅថ្ងៃទី 21/12/2021
- កម្ពុជា-ចិនបង្កើតក្រុមការងារជំរុញការវិនិយោគនិងពាណិជ្ជកម្ម
- នៅថ្ងៃទី 20/12/2021 - សហគ្រិនខ្មែរនឹងដាក់ឱ្យដំណើរការកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ - នៅថ្ងៃទី 16/12/2021