សហគ្រិនខ្មែរ អង្គការអុកស្វាម និង Platform Impact បានចុះកិច្ចព្រមព្រៀងសហការគ្នាជាដៃគូ ដើម្បីពង្រីកសកម្មភាពសហគ្រិនភាពដែលមានឥទ្ធិពលវិជ្ជមាន និងសកម្មភាពហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវនៅកម្ពុជានៅថ្ងៃទី១៦ធ្នូឆ្នាំ២០២១។ រូបភាព៖ ដកស្រង់ចេញពីហ្វេសប៊ុកសហគ្រិនខ្មែរ

កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ ត្រូវបានសហគ្រិនខ្មែរ ដាក់ឱ្យដំណើការជាផ្លូវការ ដើម្បីពង្រឹងធុរកិច្ចបង្កើតថ្មី (startups) និងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងការកៀរគរហិរញ្ញប្បទានពីខាងក្រៅ ព្រមទាំងបង្កើតបណ្តាញវិនិយោគិន និង ធនាគារនានា។

សហគ្រិនខ្មែរបានប្រកាសអនុវត្តន៍កម្មវិធីនេះកាលពីថ្ងៃទី១៤ធ្នូ ដោយផ្តល់សិទ្ធិអនុវត្តទៅឱ្យក្រុមហ៊ុន OBOR ដើម្បីជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និងស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន បន្ថែមមួយកម្រិតទៀត។

លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ សហគ្រិនខ្មែរ បានថ្លែងថា ការលើកកម្ពស់លទ្ធភាព ដើម្បីទទួលបានហិរញ្ញប្បទានគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាធាតុសំខាន់មួយ ក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចរបស់ពួកគាត់។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«កង្វះខាតនៃលទ្ធភាពទទួលបានហិរញ្ញប្បទានគាំទ្រនេះ គឺជា ឧបសគ្គដ៏ធំមួយ ចំពោះធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្រោយបញ្ចប់កម្មវិធីនេះទៅ យើងសង្ឃឹមថា ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមអាចកៀរគរទុនបន្ថែមថ្មីបានកាន់តែច្រើន»។

លោក Christophe Forsinetti អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន OBOR បានថ្លែងថា កម្មវិធីនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងប្រព័ន្ធគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ដែលជាការយកចិត្តទុកដាក់របស់ OBOR  អស់ជាច្រើនឆ្នាំមកហើយ។

លោកថ្លែងថា៖«យើងខ្ញុំនឹងគាំទ្រឱ្យក្រុមហ៊ុនកម្ពុជាថ្មីៗ ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខ ក្នុងវិស័យរបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ»។

កម្មវិធីនឹងរើសយកសហគ្រាសធុនតូច និងមធ្យមឆ្នើមៗ នៅកម្ពុជា ដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និងស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ថែមឡើងមួយកម្រិតទៀត។ វគ្គទី១ នឹងដំណើរការពីខែកុម្ភៈ ដល់ ខែមិនា ឆ្នាំ២០២២ ដោយ១ជំនាន់មានសហគ្រាសធុនតូច និងមធ្យម២៥ក្រុមហ៊ុន ដែលនឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលចេញពីសិក្ខាសាលា។ ពេលចប់ការបណ្តុះបណ្តាលជាក្រុមនេះរួច OBOR រួមជាមួយនឹងដៃគូកម្មវិធីនានា នឹងជ្រើសរើសសហគ្រាស ធុនតូច និងមធ្យមឆ្នើមៗក្នុងចំណោម២៥ក្រុមហ៊ុនទាំងនោះ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រនេះ នឹងដំណើរការពីខែមេសាដល់ខែឧសភា ឆ្នាំ២០២២ ដោយមានកម្មវិធីជាប់លាប់ ដែលអាចឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបានជំនួយ ១ទល់១ពីសំណាក់ទីប្រឹក្សា និងប្រតិបត្តិករធុរកិច្ចដែលមកពី សហគ្រាសធុនតូច និងមធ្យមឈានមុខគេក្នុងទីផ្សារថែមទៀត៕