លោក អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១។ រូបភាព៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs) ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នៃការរស់នៅតាមគន្លងថ្មី (New Normal) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការហិរញ្ញប្បទានដល់វិស័យឯកជន ដោយក្នុងនោះ រដ្ឋបានត្រៀមថវិកាប្រមាណ២៥០លានដុល្លារអា នៅឆ្នាំ២០២២ សម្រាប់ផ្តល់ឥណទានដោយត្រង់ពីធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។ នេះបើតាមការលើកឡើងពីមន្រ្តីជាន់ខ្ពស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៤ធ្នូនេះ។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កន្លងមកនេះ ការជួយដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺការផ្តល់ហិរញ្ញប្បទាន ដែលមានការប្រាក់ប្រកួតប្រជែងតាមរយៈកម្មវិធីសហហិរញ្ញប្បទាន រវាងធនាគារ SME របស់រាជរដ្ឋាភិបាល ជាមួយធនាគារ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដោយអនុវត្ត២លើករួចមកហើយ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី ធ្លាប់ប្រាប់សារព័ត៌មានកាលពីខែសីហាថា អេស៊ីលីដា បានបម្រុងទុកមូលនិធិចំនួន៧៩លានដុល្លារ សម្រាប់ឆ្នាំ២០២២ខាងមុខ ដើម្បីគាំទ្រកំណើនរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

លោកថ្លែងថា៖« ធនាគារអេស៊ីលីដា តែងតែរៀបចំផែនការជាមុន ដើម្បីឆ្លើយតបនឹងតម្រូវការមូលនិធិរយៈពេលវែងសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្ទាប់ៗទៀត និងដើម្បីគាំទ្រដល់តម្រូវការរបស់ SMEs ធនាគារអេស៊ីលីដា កៀរគមូលនិធិទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីគាំទ្រកំណើនរបស់ SMEs» ។

លោកផល្លាបានបន្ថែមថា គម្រោងសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដាក់ឱ្យអនុវត្តជាលើកទី១ កាលពីឆ្នាំ២០២០ ចំនួន៥០លានដុល្លារអាមេរិក និងលើកទី២ នៅឆ្នាំ២០២១ ចំនួន៥០លានដុល្លារអាមេរិកដូចគ្នា ដោយថវិកាទាំង២នេះបានប្រើប្រាស់ហើយ ខណៈដែលបច្ចុប្បន្នធនាគារ SME កំពុងស្នើបន្ថែមទៀត។

លោកបានបញ្ជាក់ថា៖«កម្មវិធីសហហិរញ្ញប្បទាន បានសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីឱ្យគាត់ទទួលបានកម្ចីទាំងនេះបាន ព្រោះយើងដឹងថា ក្នុងរយៈពេលជាង១មកនេះ គាត់ជួបការលំបាកច្រើន តែខ្ញុំសូមជម្រាបថាដែរថា ការផ្តល់ហិរញ្ញប្បទាននេះ មិនមែនផ្តល់ឱ្យដោយគ្មានការសងត្រលប់នោះទេ ប៉ុន្តែយើងនឹងខិតខំសម្រួលលក្ខខណ្ឌឱ្យបានច្រើនដើម្បីជួយដល់វិស័យនេះ»៕