រូបពីហ្វេសប៊ុកកសិដ្ឋានចិញ្ចឹមត្រីប្រា ខេត្តបន្ទាយមានជ័យ។

កម្ពុជា កំពុងពន្លឿនលក្ខខណ្ឌនាំចេញត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន ឱ្យទាន់ផែនការ នៅឆ្នាំ២០២២ខាងមុខ។ រដ្ឋាភិបាលចិន បានព្រមព្រៀងនាំចូលត្រីប្រាពីកម្ពុជា ក្រោមលក្ខខណ្ឌស្ដង់ដារបច្ចេកទេស និងភូតគាមអនាម័យត្រឹមត្រូវ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បាននិយាយថា ភាគីចិន បានបញ្ជូនបែបបទលក្ខខណ្ឌឱ្យកម្ពុជា បំពេញតាមគោលការណ៍ភូតគាមអនាម័យរបស់គេហើយ។ លោកថា នៅពេលនេះខាងរដ្ឋបាលជលផល កំពុងពិនិត្យលើលក្ខខណ្ឌនោះ ដើម្បីសម្របសម្រួលឱ្យត្រូវតាមតម្រូវភាគីចិន។ បើតាមលោក សុមុនី ភាគីចិន តម្រូវឱ្យកម្ពុជា មានរៀបចំកន្លែងដឹកជញ្ជូនត្រី កន្លែងកែច្នៃ និងកន្លែងត្រួតពិនិត្យសុខភាពត្រីជាដើម។ 

លោក ថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់ដូច្នេះថា៖«យើងកំពុងបំពេញលក្ខខណ្ឌ ដែលធ្វើយ៉ាងណាឱ្យសមស្របតាមតម្រូវការភាគីចិនដែលគេចង់បាន ដើម្បីឱ្យយើងដាក់(សំណុំបែបបទ)ទៅជាប់តាមលក្ខខណ្ឌតែម្ដង»។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរូបនេះ បានបន្ថែមថា ទីតាំងសម្រាប់នាំចេញត្រីនោះ គឺបានកំណត់យកកំពង់ផែខេត្តព្រះសីហនុ ខណៈកន្លែងពិនិត្យសុខភាពត្រី គឺត្រូវបានកំណត់យកពីរទីតាំង រួមមាននាយកដ្ឋានផលិតសត្វ និងបសុព្យាបាលសត្វនៃក្រសួងកសិកម្ម និងមួយកន្លែងទៀត នៅក្រសួងពាណិជ្ជកម្ម។ ចំណែកកន្លែងកែច្នៃត្រីវិញ រដ្ឋបាលជលផល កំពុងចរចាជាមួយម្ចាស់ទីតាំង។ បើតាមលោក ថាយ សុមុនី ដំណើរការបំពេញបែបបទនេះ អាចបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២២ ដើម្បីឱ្យលឿនទាន់ផែនការ ។ 

លោក ថាយ សុមុនី បានបន្តថា ក្រោយរៀបចំបែបបទស្របតាមលក្ខខណ្ឌហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រានៅកម្ពុជាទាំងអស់ អាចទៅចុះឈ្មោះ និងបំពេញបែបបទ សុំវិញ្ញាបនបត្រ និងការអនុញ្ញាតពីរដ្ឋបាលជលផល ដើម្បីមានសិទ្ធិអាចនាំចេញត្រីប្រាទៅប្រទេសចិនបាន។

លោក គួយ ហួតឆាយ ម្ចាស់កសិដ្ឋានភ្ញាស់កូនត្រីប្រា «គាត ខេង» នៅក្នុងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបញ្ជាក់ថា ការសម្របសម្រួលរវាងរដ្ឋាភិបាលចិន និងកម្ពុជានេះ គឺជាការផ្ដល់ឱកាស និងជួយដល់កសិករចិញ្ចឹមត្រីក្នុងស្រុកបន្ថែមទៀត ។ ជាពិសេសជួយដោះស្រាយតម្លៃទីផ្សារបច្ចុប្បន្ន ។ ចំពោះបញ្ហាបច្ចេកទេសវិញ លោក ហួតឆាយ បានបន្ថែមថា កសិករចិញ្ចឹមត្រីប្រាអាចធ្វើបាន ឱ្យតែមានការពន្យល់ពីលក្ខខណ្ឌ និងផ្តល់តម្លៃទីផ្សារឱ្យសមរម្យ សម្រាប់ការផលិត។

លោក ហួតឆាយ បានបន្ថែមថា៖«ខ្ញុំអត់ដឹងច្បាស់(ពីលក្ខខណ្ឌ)យ៉ាងម៉េចដែរ ព្រោះអត់ដឹងពីតម្រូវការរបស់គេ ទី១ ពីតម្រូវការស្ដង់ដារត្រីទំហំប៉ុណ្ណា ទី២ គុណភាពសាច់ តើគេចង់បានគុណភាពត្រីឱ្យស៊ីចំណី ឬឱ្យស៊ីកន្ទក់ ឬប្រភេទកែច្នៃអីផ្សេង។ តែបើលក្ខណៈធម្មតារាល់ថ្ងៃនេះ នៅខ្មែរយើង កសិករគាត់ចិញ្ចឹមត្រី អាជាតិគីមីមួយ គឺគ្មានទេ ព្រោះដោយសារគាត់ចិញ្ចឹមភាគច្រើនលក្ខណៈសាមញ្ញ»។

ម្ចាស់កសិដ្ឋានចិញ្ចឹម និងភ្ញាស់ត្រីប្រា និងត្រីផ្សេងទៀត លើផ្ទៃដី៣០ហិកតារូបនេះ បានអះអាងថា កសិដ្ឋានលោកអាចភ្ញាស់កូនត្រីប្រា បានជាង១០លានក្បាល និងអាចផលិតត្រីសាច់ បានចន្លោះពី១០០តោន ទៅ២០០តោនក្នុងមួយឆ្នាំ។ លោកបន្ថែមថា កសិដ្ឋានក៏អាចផលិតត្រីប្រា បានដល់រាប់ពាន់តោនផងដែរ ឱ្យតែមានទីផ្សារល្អត្រឹមត្រូវ។

បច្ចុប្បន្ននេះ តម្លៃទីផ្សារត្រីប្រាធ្លាក់ចុះមក ជាង៣០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមរបស់កសិករយ៉ាងខ្លាំង ខណៈតម្លៃចំណីត្រីកើនឡើងជិត១០ម៉ឺនរៀល ក្នុងមួយបាវទម្ងន់២៥គីឡូក្រាម។ លោក ហួតឆាយ បានបន្ថែមថា តម្លៃត្រី ដែលអាចធ្វើឱ្យកសិករចំណេញនោះ លុះត្រាតែបានពី៤៥០០រៀលក្នុងមួយគីឡូឡើងទៅ។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានយល់ឃើញថា បើកម្ពុជា អាចនាំត្រីចេញទៅចិន នៅឆ្នាំ២០២២មែននោះ វាជារឿងប្រសើរណាស់ សម្រាប់កសិករកម្ពុជា ដែលកំពុងជួបបញ្ហាតម្លៃទីផ្សារនេះ។ លោកបន្ថែមថា ការនាំចេញត្រីប្រា ទៅកាន់ប្រទេសចិននេះ នឹងជួយបង្កើនការផលិតក្នុងស្រុកបន្ថែមទៀត។ តែយ៉ាងណា លោកនៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការនាំចូលត្រីពីខាងក្រៅមក ដែលនាំឱ្យប៉ះពាល់ដល់ការចិញ្ចឹមក្នុងស្រុក។

ប្រធានសមាគមវារីវប្បករកម្ពុជារូបនេះ បានបន្ថែមថា៖«យើងទាន់អាចនិយាយបានថា ការនាំចេញត្រីទៅទីផ្សារចិននេះ ជួយបង្កើនការប្រកួតប្រជែងរបស់កម្ពុជាបានទេ បើសិនជានៅមានឈ្មួញនាំចូលត្រីមកក្នុងស្រុកច្រើន ព្រោះតម្លៃនៃការចិញ្ចឹមរបស់ពួកគេថោកជាយើង គេអាចចិញ្ចឹមបានល្អជាងយើង។ ដូច្នេះបានជាខ្ញុំនៅតែស្នើឱ្យរដ្ឋាភិបាលទប់ស្កាត់ និងបិទការនាំចូលត្រីពីវៀតណាមមក ព្រោះវាធ្វើឱ្យអ្នកក្នុងស្រុក មិនអាចពិបាកប្រជែងបាន ព្រោះតម្លៃគេថោកជាង»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន កាលពីថ្ងៃទី៦ ធ្នូ បានបញ្ជាក់ថា ភាគីចិនកំពុងសិក្សា និងវិភាគហានិភ័យលើត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយដែលជាវិធានការសំខាន់មួយ ដើម្បីអនុវត្តកុងសង់ស៊ីស ដែលសម្រេចបានតាមរយៈកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ រវាងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងសម្តេច ហ៊ុន សែន កន្លងមក។ ក្រៅពីត្រីប្រានេះ ភាគីចិនក៏ពិនិត្យមើលលើការនាំផ្លែមៀនប៉ៃលិន ចូលទីផ្សាររបស់ពួកគេផងដែរ។ លោក វ៉ាង វិនធាន បានបន្ថែមថា បើកម្ពុជា អាចអនុវត្តតាមលក្ខខណ្ឌចិនបាននោះ ផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចូលទីផ្សារចិន នៅឆ្នាំ២០២២។

សម្ដេច ហ៊ុន សែន ចាត់ទុកការយោគយល់របស់ចិន ក្នុងការនាំចូលផ្លែមៀនប៉ៃលិន និងត្រីប្រានេះ ជាការឱកាសឱ្យប្រជាកសិករកម្ពុជា មានលទ្ធភាពបង្កើនការចិញ្ចឹម និងរកចំណូលបានច្រើន តាមរយៈទីផ្សារប្រទេសមហាអំណាចមួយនេះ។ តែយ៉ាងណាសម្ដេច ក៏ជំរុញឱ្យកសិករទាំងអស់ អនុវត្តតាមស្ដង់ដារ និងគោរពតាមលក្ខខណ្ឌអនាម័យ របស់ភាគីចិនផងដែរ៕