លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិ កម្មវិធីពេទ្យយើងនៃក្រុមហ៊ុន ហ្វឺសវិម៉ិនថេកអេស៊ា (រូបខាងស្ដាំទី២) ជួបជាមួយលោកស្រី Jung Pak ឧបការីរងលេខាធិការការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃរដ្ឋាភិបាលអាមេរិក (រូបខាងស្ដាំ) នៅថ្ងៃទី១១ធ្នូ ឆ្នាំ២០២១។

នៅថ្ងៃទី១១ធ្នូនេះ ស្ថាបនិកនៃកម្មវិធីពេទ្យយើង បានជួបជាមួយតំណាងក្រសួងការបរទេសអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីលទ្ធផលអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ដែលបានអនុវត្តគម្រោងជាង១៥ខែមកនេះ និងពិភាក្សាពីផែនការសម្រាប់ជួយមន្ទីរពេទ្យេឯកជន និងរដ្ឋនៅកម្ពុជា ឱ្យដំណើរការបែបឌីជីថលបៃតង និងចូលរួមចំណែកការពារបរិស្ថាន និងកសាងទីក្រុងស្អាត។

នៅក្នុងកិច្ចពិភាក្សានេះ លោកស្រី Jung Pak ឧបការីរងលេខាធិការការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃរដ្ឋាភិបាលអាមេរិក បានស្ញើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផល ​នៃការអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតងដែលមានការចូលរួមពីមន្ទីរពេទ្យ និងគ្លីនិកឯកជន ឱ្យចូលរួមអនុវត្តសកម្មភាពបរិស្ថានស្អាត ទីក្រុងវៃឆ្លាត និងបៃតងនៅកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើង ទាំងអស់។

លោកស្រីបន្តថា នឹងលើកយកសមិទ្ធផលនេះទៅពិភាក្សា និងពិចារណាបន្ថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់មន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជននានាផ្សេងទៀតមានឱកាសអាចដំណើរការស្ថាប័នរបស់ខ្លួនឱ្យក្លាយទៅជាស្ថាប័នមួយផ្តល់សេវាបែបឌីជីថល និងបៃតង ក្នុងសេវាសុខភាពរបស់ខ្លួន។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិ កម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺសវិម៉ិនថេកអេស៊ាបានលើកឡើងថា ជាង១៥ខែនៃការដឹកនាំអនុវត្តកម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតងកន្លងមកនេះ ស្ថាប័នគ្លីនិក និងមន្ទីរពេទ្យ រួមទាំងបុគ្គលិកពីមន្ទីរពេទ្យដៃគូទាំងអស់បានចូលរួមយ៉ាងសកម្ម និងបានទាញយកផលប្រយោជន៍ពីកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលរបស់យើង និងបានផ្តល់សេវាថ្មី និងទំនើបបែបឌីជីថល។

លោកស្រីបន្តថា បើទោះបីជាប្រព័ន្ធឌីជីថល ជាប្រតិបត្តិការថ្មីសន្លាងសម្រាប់វិស័យសុខាភិបាលនៅកម្ពុជាក៏ដោយ ប៉ុន្តែមន្ទីរពេទ្យ និងគ្លីនិកដៃគូទាំង១៩ស្ថាប័នរបស់កម្មវិធីពេទ្យយើង បានយកចិត្តទុកដាក់រៀនសូត្រ និងប្រើប្រាស់ប្រព័ន្ធមួយនេះយ៉ាងសកម្ម ដើម្បីសម្រួលដល់ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ក្រោមការខិតខំប្រឹងប្រែងរបស់សហការីនៃកម្មវិធីពេទ្យយើង។

លោកស្រីបន្ថែមថា លោកស្រីចង់ឃើញមន្ទីរពេទ្យ និងគ្លីនិកដៃគូច្រើនទៀតបានចូលរួម ក្នុងកម្មវិធីនេះ ដើម្បីពូកគាត់អាចជាចំណែកមួយចូលរួមសកម្មភាពបរិស្ថានស្អាត ទីក្រុងវៃឆ្លាត និងបៃតងនៅកម្ពុជា តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រងបែពឌីជីថល និងកាត់បន្ថយការប្រើប្រាស់ការបោះពុម្ភមិនចាំបាចើមួយចំនួន នៅក្នុងវិស័យសុខាភិបាល។  

គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបែតង ដែលអនុវត្តដោយប្រព័ន្ធគ្រប់គ្រងមន្ទីរឌីជីថល ពេទ្យយើង តាមរយៈជំនួយថវិកាពីក្រសួងការបរទេសអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពេទ្យយើងបានចូលរួមកសាងសមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីដល់ស្ថាប័នមន្ទីរពេទ្យ និងគ្លីនិកឯកជនប្រមាណ២០ស្ថាប័ន ។ គម្រោងនេះតាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលពេទ្យយើង មន្ទីរពេទ្យ និងគ្លីនិកដៃគូបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពថែរក្សាបរិស្ថាន និងទីក្រុងស្អាតនៅកម្ពុជា តាមរយៈសកម្មភាពការងារសេវាពិគ្រោះ និងព្យាបាលជំងឺដល់អតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ដោយកាត់បន្ថយការប្រើប្រាស់សម្ភារៈបោះពុម្ភ និងការបោះពុម្ពឯកសាមិនចាំបាច់នានាជាដើម។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ពេទ្យយើងបានទទួលជំនួយថវិកា ពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពបុគ្គលិកមន្ទីរ និងគ្លីនិកដៃគូឯកជន ដើម្បីអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ចូលរួមក្នុងសកម្មភាពបរិស្ថានស្អាត និងទីក្រុងបៃតង និងលើកកម្ពស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យសុខាភិបាល​ និងជួយសម្រួលដល់ប្រតិបត្តិការគ្រប់ផ្នែកនៅក្នុងមន្ទីរពេទ្យឯកជន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង៕