ពិធីការិនី(រូបខាងលើផ្នែកខាងឆ្វេង) លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិនៃកម្មវិធីពេទ្យយើង(រូបខាងលើផ្នែកខាងស្ដាំ)លោក Anwar Rafique នាយកប្រតិបត្តិនៃក្រុមហ៊ុន SsivixLab( រូបភាពក្រោមផ្នែកខាងឆ្វេង) និងលោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង (រូបខាងក្រោមផ្នែកខាងសាំង) នៅក្នុងពិធីដាក់ដំណើរការកម្មវិធីព្យាបាលចល័តនៅលើទូរសព្ទដៃដំបូងគេនៅកម្ពុជា នៅថ្ងៃទី៩ធ្នូ ឆ្នាំ២០២១។

ពេទ្យយើងនៃក្រុមហ៊ុន​ ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab បានសហការគ្នាបង្កើត App ថ្មីមួយ ឈ្មោះថា e-Health MyCLNQ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ អ្នកផ្តល់សេវាព្យាបាល និងអ្នកជំងឺកម្ពុជា អាចទាក់ទងទទួល និងផ្តល់សេវា​ពិគ្រោះ និងព្យាបាល តាមប្រព័ន្ធឌីជីថល លើទូរស័ព្ទដៃបាន។

e-Health MyCLNQ ជួយសន្សំសំចៃ និងធានាបាននូវ​សុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជា ដោយ​អាចភ្ជាប់ទំនាក់ទំនងផ្ទាល់​ ទៅកាន់វេជ្ជណ្ឌិត ដើម្បីប្រឹក្សាយោបល់ និងព្យាបាលជំងឺ នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី និង​ឥណ្ឌា។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិនៃកម្មវិធីពេទ្យយើង បានថ្លែងនៅក្នុងកម្មវិធីសម្ពោពដាក់ដំណើរការប្រើប្រាស់e-Health MyCLNQ App ថា កម្មវិធី e-Health MyCLNQ គឺជាបច្ចេកវិទ្យាថ្មីមួយ និងដំបូងគេដែលអាចភ្ជាប់ទំនាក់ទំនងពិគ្រោះយោបល់ និងព្យាបាលជំងឺនៅលើទូរសព្ទដៃនៅកម្ពុជា។ លោកស្រីបន្តថា ក្រុមការងារពេទ្យយើង  និងក្រុមបច្ចេកវិទ្យា Ssivix lab បានបង្កើត App មួយនេះឡើងយ៉ាងសម្រិតសម្រាំងដោយផ្អែកទៅលើតម្រូវការជាក់ស្តែង និងផ្តល់ដំណោះស្រាយសម្រាប់អ្នកផ្តល់សេវាសុខាភិបាល និងអ្នកជំងឺ។

លោកស្រីបន្ថែមថា៖«សម្រាប់វេជ្ជបណ្ឌិត កម្មវិធីនេះនឹងផ្តល់ឱកាសឱ្យវេជ្ជបណ្ឌិត អាចពិគ្រោះយោបល់អំពីបញ្ហាសុខភាពតាមរយៈវីដេអូខល ផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ និងអាចទទួលការណាត់ជួបពីអ្នកជំងឺនៅលើ  e-Health MyCLNQ App»។

លោកស្រីបានបន្តថា៖«ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ទូរសព្ទដៃកាន់តែទំនើប និងទូលំទូលាយ​ ប៉ុន្តែចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅមានកម្រិត យើងបានបន្ថែមមុខងារជាច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋកម្ពុជាយើងប្រើប្រាស់ ដូចជា អាចអានអំពីអត្ថបទសុខភាពនៅលើ APP មួយនេះ និងជាពិសេស​ លោកអ្នកអាចណាត់ជួបវេជ្ជបណ្ឌិតបានគ្រប់ ២៤ម៉ោង ទាំងការពិគ្រោះជំងឺផ្ទាល់ និងតាមរយៈវីដេអូខលផងដែរ ហើយរាល់ទិន្នន័យនៃការពិគ្រោះ និងព្យាបាល​ត្រូវបានកត់ត្រាទុកយ៉ាងមានសុវត្ថិភាពនៅលើ App មួយនេះ»។

e-Health MyCLNQ App ក៏ជា កាបូបដៃ(Wallet) សុខភាពដំបូងគេនៅកម្ពុជា ដែលផ្តល់ជូនដោយធនាគារឯកទេស វីង សម្រាប់ដំណើរការទូទាត់សេវាព្យាបាលសុខភាពយ៉ាងមានសុវត្ថិភាព និងងាយស្រួលមិនធ្លាប់មានពីមុនមក។ វេជ្ជបណ្ឌិត និងអ្នកជំងឺដែលផ្តល់ និងទទួលសេវាព្យាបាល ពិគ្រោះយោបល់​ និងណាត់ជួប​វេជ្ជបណ្ឌិត អាចទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលជាមួយសេវាបង់ប្រាក់វីង។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖«អ្នកជំងឺមិនចាំបាច់បារម្ភអំពីការកាន់ក្រដាសប្រាក់តាមខ្លួននៅពេលស្វែងរកសេវាព្យាបាលបន្ទាន់ទៀតនោះទេ។ អ្វីដែលពួកគាត់ត្រូវការនោះ គឺគណនីវីង នៅក្នុងទូរសព្ទដៃរបស់គាត់។ ហើយពួកគាត់អាចធ្វើការទូទាត់ថ្លៃសេវាសុខភាពដោយចុចពីរបីប៉ក់លើទូរសព្ទដៃ ​និងស្កេនកូដQR​នៅតាមបញ្ជរបង់ប្រាក់បាន»។

សេវាទូទាត់តាម QR មិនត្រឹមតែទទួលបានការ​​ពេញនិយមដោយសារតែមាន​សុវត្ថិភាព និងភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយការពារអ្នកជំងឺពីការប្រើក្រដាសប្រាក់ផ្ទាល់ ដែលអាចមានផ្ទុកមេរោគ និងវីរុសផ្សេងៗ ជាពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។

លោក Anwar Rafique នាយកប្រតិបត្តិនៃក្រុមហ៊ុន SsivixLab ជឿជាក់ថា ដំណើរឧស្សាហកម្មវិទ្យាសាស្ត្រ គឺជាការប្រែប្រួល​ដ៏ធំមួយ។ សេវាសុខភាព បានផ្លាស់ប្ដូរទៅរកវិធីការពារបន្ថែម ដោយផ្អែកទៅលើលទ្ធផលនៃគំរូសេដ្ឋកិច្ច។​ នៅពេលដែលអ្នកជំងឺទទួលបានព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់ពួកគេ​ជាទៀងទាត់ (ខុសពីការទទួលបានពីវេជ្ជបណ្ឌិតរបស់ពួកគេ) ការរំពឹងទុក គឺអ្នកជំងឺ នឹងត្រូវបានផ្តល់សិទ្ធិ ក្នុងការថែរក្សាខ្លួនឯង ខណៈដែលពួកគេចូលរួមកាន់តែច្រើន ក្នុងការសម្រេចចិត្តថែទាំសុខភាពដោយខ្លួនឯង និងយល់ដឹងពីសុខុមាលភាពបន្ថែម។

លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា៖«អស់រយៈពេលជិត ១ឆ្នាំកន្លងមកនេះ ពួកយើងបានធ្វើការពុះពារឧបសគ្គជាច្រើនជាមួយដៃគូ ទាំងធនាគារឯកទេស​ វីង និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលរបស់ប្រទេសសិង្ហបុរី Ssivix Lab  ដើម្បី​បង្កើតកម្មវិធី​ e-Health MyCLNQ  លំដាប់អន្តរជាតិមួយនេះ ដែលជាដំណោះស្រាយឈានមុខគេមួយ សម្រាប់អ្នកផ្តល់សេវាសុខាភិបាល និងអ្នកជំងឺ ក្នុងការភ្ជាប់ទំនាក់ទំនងសេវាពិគ្រោះ និងព្យាបាលជំងឺ ព្រមទាំងការទូទាត់សេវាព្យាបាល នៅលើទូរសព្ទដៃ”។

គួររំលឹកថា ថ្មីៗនេះក្រុមហ៊ុន ហ្វឺស វិម៉ិនថេក​ អេស៊ា និងធនគារ វីង កំពុងបូកបញ្ចូលនូវជំនាញបច្ចេកទេសរបស់ខ្លួនក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា ក្នុងការគាំទ្រ និងអនុញ្ញាតឲ្យអ្នកជំងឺទទួលបាននូវសេវាសុខភាព ដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បានសម្រេចនូវការដំណើរការកម្មវិធី ពេទ្យយើង ដើម្បីលើកស្ទួយប្រព័ន្ធសុខាភិបាល ហើយក៏បានដំឡើងកម្មវិធីគ្រប់គ្រងនេះនៅក្នុងមន្ទីរពេទ្យ គ្លីនិករដ្ឋ និងឯកជនជាង ២០០កន្លែង ឲ្យបាននូវការរក្សាទុកទិន្នន័យមន្ទីរពេទ្យ ទិន្នន័យអ្នកជំងឺ និងជួយដល់ប្រព័ន្ធប្រតិបត្តិការរបស់មន្ទីរពេទ្យ។ សក្ដានុពលរបស់ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទូទាំងប្រទេសកម្ពុជា តាមរយៈភ្នាក់ងារវីងជាង ១០ ០០០កន្លែង និងកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង៕