
កម្ពុជាបាននាំចេញផលិតផលម្រេចប្រមាណ ២៧ ៧៣០ តោន នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ គឺកើនឡើងចំនួន៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត។
យោងតាមរបាយការណ៍ពីក្រសួងកសិកកម្ម ក្នុងចំណោមនៃការនាំចេញ ទាំងម្រេចសម្គាល់ភូមិសាស្រ្ត (GI) និងមិនសម្គាល់ភូមិសាស្រ្តិ (Non-GI)ទាំងនោះ គឺទៅកាន់ប្រទេសវៀតណាមចំនួនប្រមាណ ២៦ ៨៨៧ តោន អាល្លឺម៉ង់ជាង ៤៩៧ តោន ថៃ១៨០តោន និងនៅសល់តិចតួចនាំទៅកាន់ប្រទេសជាង២០ទៀត នៅលើពិភពលោក ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ក៏ការនាំចេញម្រេចកំពតទៅក្រៅប្រទេស មិនមានបញ្ហាឡើយ ដោយសារម្រេចកំពតគឺត្រូវបាននាំទៅសហគមន៍អឺរ៉ុប ជប៉ុន កូរ៉េ និងតៃវ៉ាន់។ លោកថា ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ម្រេចកំពតលក់ចេញបានប្រមាណជាង១០៤តោន ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនលក់បានចន្លោះទៅ៦០ទៅ៧០តោន ប៉ុណ្ណោះ។
ចំពោះតម្លៃវិញ លោកបានថ្លែងប្រាប់ថា ឆ្នាំនេះ ទិន្នផលម្រេចបានច្រើន ហើយតម្លៃក៏នៅគួរសម ដោយម្រេចខ្មៅតម្លៃ១៥ដុល្លារ ម្រេចក្រហម២៥ដុល្លារ និងម្រេចស២៨ដុល្លារ ក្នុងមួយគីឡូក្រាម។
ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្តដែលសម្បូរការដាំដុះម្រេចច្រើន រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងកំពត។ ម្រេចកំពត ក្រោយពីបានក្លាយជាទំនិញសម្គាល់ភូមិសាស្រ្តនៅទីផ្សារសហភាពអឺរ៉ុបហើយ កាលពីដើមឆ្នាំ២០២០ក៏ត្រូវបានចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022