លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាព៖ ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មដាក់ឪសានុវាទរយៈពេល៤ខែដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស កំពុងធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដែមិនទាន់ទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំ ដើម្បីការពារអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១ធ្នូ បានជូនដំណឹងការពន្យាពេលនេះ ពីការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ រហូតដល់ថ្ងៃទី១ មីនា ឆ្នាំ២០២២  ដោយសារតែក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនទាំងនោះ កំពុងរៀបចំឯកសារជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ឱម តារាឬទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គោលបំណងនៃសេចក្តីប្រកាសរបស់ក្រសួងគឺធ្វើឡើងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទាំងអស់ ដោយសារតែកន្លងទៅមានបញ្ហាច្រើនរវាងអ្នកលក់ និងអ្នកប្រើប្រាស់។

លោកបានលើកឡើងថា បច្ចុប្បន្ន នៅអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ អាជីវកម្មតាមប្រព័ន្ធអនឡាញ កាន់តែពេញនិយម និងជួយសម្រួលដល់ការរស់របស់ពលរដ្ឋបានច្រើន ជាពិសេសអាជីវកម្មលក់អាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់នានា ប៉ុន្តែបញ្ហា និងជម្លោះរវាងអ្នកលក់ និងអ្នកទិញយកទៅប្រើប្រាស់ក៏មានមិនតិចដែរ។

លោកបានបន្តថា៖« កន្លងមក យើងមានការមិនទុកចិត្តរវាងអ្នកប្រើប្រាស់ និងអ្នកលក់ ពេលខ្លះ អ្នកទិញ គាត់ទិញអីវ៉ាន់ហើយ យកដល់ខុសពីការផ្សព្វផ្សាយ ពេលខ្លះគេបង់លុយហើយ គេយកអីវ៉ាន់ទៅឲ្យមិនទាន់ពេលជាដើម ឃើញកើតមានច្រើនណាស់ ដូចនេះយើងមានច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ឬអ្នកទិញ»។

បើតាមប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មអះអាងថា នៅក្នុងករណីដែលក្រសួងពន្យារពេលដល់ដើមខែមីនាឆ្នាំ២០២២ហើយ តែក្រុមហ៊ុន និងសហគ្រាសទាំងនោះនៅតែមិនព្រមដាក់ពាក្យស្នើសុំទៀតនោះក្រសួងនឹងចាត់វិធានការតាមច្បាប់ ដោយនឹងផ្អាកប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច(ការលក់ដូរអនឡាញ) ហើយនឹងអាចពិន័យជាប្រាក់រហូតដល់១០លានរៀល សម្រាប់អាជីវកម្មតាមអនឡាញណា ដែលធ្វើសកម្មលក់ដូរតាមអនឡាញដោយគ្មានច្បាប់អនុញ្ញាតនេះ។

កាលពី០២ ខែវិច្ឆកា ឆ្នាំ២០១៩ ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ មាន១១ជំពូក ៥១មាត្រា  ត្រូវបានប្រកាសឲ្យប្រើប្រាស់ក្នុងគោលដៅកំណត់វិធាន និងយន្តការដើម្បីរួមចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម និងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ ការធ្វើពាណិជ្ជកម្មមានការប្រកួតប្រជែងដោយសុចរិត និងអ្នកប្រើប្រាស់ក៏ដូចជាពាណិជ្ជករ ធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត៕