ផ្កាថ្មនៅបាទសមុទ្រក្នុងខេត្តព្រះសីហនុ។ រូបភាពដកស្រង់ចេញពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

កម្ពុជាកំពុងធ្វើការរៀបចំតំបន់ទេសចរណ៍បាតសមុទ្រនៅខេត្តព្រះសីហនុ ដែលនឹងក្លាយទៅជាផលិតផលថ្មីដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកមុជទឹកកម្សាន្ត និងទស្សនាជីវៈចម្រុះដ៏ច្រើននៅបាតសមុទ្រកម្ពុជា ក្រៅពីគោលដៅទេសចរណ៍ផ្សេងៗទៀត ។

មន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីថ្ងៃទី២១វិច្ឆិកា បានសរេសេរនៅលើហ្វេសបុកអមជាមួយនឹងរូបភាពបានឱ្យដឹងថា ក្រៅពីនៅលើដី កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

មន្ទីរបរិស្ថានខេត្តព្រះសីហនុបន្តថា  រូបភាពខាងក្រោមទាំងនេះ គឺជាសកម្មភាពនៃការរៀបចំដំណើរកម្សាន្តមុជទឹកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល ខ្មែរ ដាហ្វ គ្រុប Khmer Dive Group បានធ្វើឡើងនៅតាមប្រជុំកោះតាង ដោយមានកម្មវិធីដូចជា ការមុជទឹក ការមុជទឹកមើលផ្កាថ្ម បោះតង់ អាំងសាច់ និង កម្មវិធីវិធីសប្បាយៗ ជាច្រើនទៀត។

លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីបរិស្ថានខេត្ត និងក្រសួងបរិស្ថាន ដោយមានគម្រោងអភិវឌ្ឍន៍ ទៅជាតំបន់ទេសចរណ៍ក្រោមសមុទ្រ ។

លោកបន្តថា មន្ទីរទេសចរណ៍ខេត្ត តែងតែចូលរួមសហការជានិច្ច ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ជាក់លាក់ គឺខាងមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ជាអ្នកអនុវត្តលើកិច្ចការងារនេះ។

ការរៀបចំឱ្យមានទេសចរណ៍ក្រោមសមុទ្រនេះ គឺជាផលិតផលតថ្មី និងពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និង មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ត្រូវតែមានផលិតផលទេសចរណ៍ សម្បូរបែប ទាំងលើកគោក និងទាំងក្នុងទឹកជាពិសេស គឺធនធានធម្មជាតិបាតសមុទ្រដែលមានសក្តានុពលខ្ពស់។

លោកថ្លែងថា៖«នៅពេលដែលយើងអភិរក្សជីវៈចម្រុះ បានល្អ យើងរៀបចំ ឱ្យមានសេវាកម្ម ដើម្បីឱ្យភ្ញៀវអាចទៅទស្សនាបាន នឹងធ្វើឱ្យគោលដៅនោះ កាន់តែទាក់ទាញបន្ថែមទៀត។ គេចង់ទៅទស្សនា គេចង់ទៅលម្ហែ និងស្នាក់នៅបានយូរ វានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍នេះបានច្រើនថែមទៀត»។

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ការផ្សព្វផ្សាយផលិតផលទេសចរណ៍ក្រោមសមុទ្ររបស់រាជរដ្ឋាភិបាល គឺជាអ្វីដែលវិស័យឯកជនប្រាថ្នាចង់បាន សម្រាប់ដាក់បញ្ចូលទៅក្នុងផលិតផលកញ្ចប់ទស្សនកិច្ចសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោកស្រីថ្លែងថា៖ «យើងចង់ឱ្យមានសេវាកម្មនាំភ្ញៀវឱ្យទៅដល់ក្រោមសមុទ្រ  ប៉ុន្តែ ជាមួយគ្នានោះ  ក៏គួតែគិតពីសុវត្ថិភាពជូនដល់ភ្ញៀវទេសចរផងដែរ  ពាក់ព័ន្ធនឹងការដឹកជញ្ជូននៅលើផ្ទៃទឹក ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ»។

យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាននិងសេដ្ឋកិច្ចសង្គមឆ្នាំ២០០៧ កម្ពុជាមានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្រទំហំ ២៨០៦ ហិកតា ក្នុងនោះខេត្តកែបមានទំហំ ៥២ ហិកតា ខេត្តកំពតមានទំហំ ៩៥៣ ហិកតា ខេត្តព្រះសីហនុមានទំហំ ១១៩៨ ហិកតា និងខេត្តកោះកុងមានទំហំ ៦០២ ហិកតា។ ទិន្នន័យនេះអាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយចំនួន មិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្ម៕