
ភ្នំពេញ៖ កម្ពុជានឹងបើកទីផ្សារថ្មីមួយទៀតសម្រាប់ស្វាយកែវរមៀត បន្ទាប់ពីក្រុមហ៊ុនអង្គរហ្រ្គីន បានសហការជាមួយក្រុមហ៊ុន GROVE Fruit របស់អាមេរិក បានចុះអនុស្សារណ:នៃការយោគយល់គ្នា កាលពីពលថ្មីៗនេះ ដើម្បីនាំចេញផលិតផលកសិកម្មនេះទៅកាន់ទីផ្សារដ៏ធំមួយក្នុងប្លុកអឺរ៉ាស៊ី។
អនុស្សារណ:នៃការយោគយល់គ្នានេះ ត្រូវធ្វើឡើងកាលពីសប្តាហ៍មុន ដើម្បីបើកទីផ្សារថ្មីមួយទៀតសម្រាប់ផលិតស្វាយកែវរមៀតកម្ពុជាទៅកាន់ទីផ្សាររុស្សីបន្ទាប់ពីទីផ្សារចិន។
លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន បានមានប្រសាសន៍ថាថា ក្រុមហ៊ុនអង្គរហ្រ្គីន បានសហការជាមួយ ក្រុមហ៊ុន GROVE Fruit របស់អាមេរិក ដើម្បីឲ្យក្រុមហ៊ុននេះ ជាអ្នកនាំចេញបន្តពីកម្ពុជា ទៅកាន់ប្រទេសរុស្សីជាលើកដំបូង។
លោកថា ការនាំចេញស្វាយទៅរុស្សីនេះ មិនមែននាំចេញទៅជាផ្លូវការដោយផ្ទាល់ទេ គឺត្រូវឆ្លងកាត់ប្រទេសវៀតណាម និងចិន ដូចនេះ ក្រុមហ៊ុនអង្គរហ្រ្គីនមានតួនាទីតែប្រមូលផលស្វាយនិងខ្ចប់តែប៉ុណ្ណោះ នីតិវិធីក្រៅពីនេះ ក្រុមហ៊ុន GROVE Fruit ជាអ្នកចាត់ចែង។
លោកបានបន្តថា៖« ចាប់ខែ១២ ឆ្នាំ២០២១ ដល់ខែ០៣ ឆ្នាំ២០២២ យើងគម្រោងនាំចេញឲ្យបាន២០០០តោន ដោយផ្តោតទៅលើស្វាយកែវរមៀតស្រស់ ជាស្វាយខ្ចប់លេខមួយ ហើយយើងព្យាយាមចេញស្វាយខៀវខ្លះដែរបើសិនជាអាច យើងកំពុងចចារជាមួយខាងរុស្សី»។
លោកបានបន្ថែមថា បន្ទាប់ពីការនាំចេញលើកទី១ចំនួន២០០០តោននោះហើយ ក្រុមហ៊ុនទាំងពីរគ្រោងនឹងបង្កើនបរិមាណនាំចេញបន្ថែមទៀត ដោយសារប្រទេសរុស្សីមានតម្រូវការស្វាយស្រស់នេះច្រើនដែរ ។
ទិន្នន័យពីក្រសួងកសិកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់បាន ២០២១៤១,៨១តោន មានការកើនឡើងប្រមាណ១៥៧,៨៣% នៅក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ១៧៤៧៦៥,១៨តោន, ទៅប្រទេសថៃ ២៦៩៦៩,២៨តោន, ប្រទេសចិន ២១៥,៩៨តោន ប្រទេសកូរ៉េ ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន, ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន៕
- កម្ពុជា-ថៃ បន្តប្តេជ្ញាជំរុញការដោះដូរទំនិញ ឱ្យបាន១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ - នៅថ្ងៃទី 21/12/2021
- កម្ពុជា-ចិនបង្កើតក្រុមការងារជំរុញការវិនិយោគនិងពាណិជ្ជកម្ម
- នៅថ្ងៃទី 20/12/2021 - សហគ្រិនខ្មែរនឹងដាក់ឱ្យដំណើរការកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ - នៅថ្ងៃទី 16/12/2021